កណ្ដាលៈ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយថា​ប្ដី​ប្រពន្ធ​ដែល​ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លាប់ និង​រងរបួស​ធ្ងន់ ក្នុង​រោង​កសិដ្ឋាន​ចិញ្ចឹម​ទា​ ១ ​កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល សង្ស័យ​ជា​អំពើ​ឃាតកម្ម​លួច​បាញ់ប្រហារ​ដោយ​អាវុធ​។

លោក ម៉ែន សុខឿន អធិការ​ស្រុក​ខ្សាច់កណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ករណីនេះ​បានកើតឡើង​នៅ​វេលា​ម៉ោង​ ៥ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ៥ ខែ កក្កដា ឆ្នាំ​ ២០២១​។

នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​រកឃើញ​សម្បក​គ្រាប់​កាំភ្លើងខ្លី​ ១០ ​គ្រាប់ និង​ស្នាម​កាប់​ទម្លាយ​ជញ្ជាំង​ស័ង្កសី​នៃ​កសិដ្ឋាន​ចិញ្ចឹម​ទា ដែល​ជនរងគ្រោះ​ឈ្មោះ យឹម គឹមហុក អាយុ​ ៤៥ ​ឆ្នាំ និង​ប្រពន្ធ​របស់គាត់​ឈ្មោះ​ សុន ស្រឿន អាយុ​ ៤៩ ​ឆ្នាំ​បាន​ស្នាក់នៅ​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​វត្ថុតាង​ដែល​បាន​រកឃើញ​នៅ​កន្លែងកើតហេតុ ករណីនេះ​ គឺជា​អំពើ​ឃាតកម្ម​បាញ់ប្រហារ​ដោយ​អាវុធ ហើយ​ក្រុម​ខ្មាន់កាំភ្លើង​អាចមាន​គ្នា​លើសពី​ ២ ​នាក់​។ ក្នុងករណីនេះ ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ដោយ​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​បាញ់​ត្រូវចំ​ទ្រូង​ចំនួន​ ២ ​គ្រាប់ ហើយ​កាប់​ត្រូវ​ចំ​ក្បាល​ ១ ​កាំបិត ចំណែក​បុរស​ជា​ប្ដី​បាន​​រងរបួស​ជើង​ត្រូវ​បញ្ជូនទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ​»​។

លោក សុខឿន បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ជំនាញ​វេចខ្ចប់​យកទៅ​បូជា​នៅ​ទីលាន​បូជាសព​អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ​ក្នុង​ខេត្តកំពង់ស្ពឺ បន្ទាប់ពី​ធ្វើតេស្ត​រកឃើញ​មាន​ «​វិជ្ជមាន​​ជំងឺ​កូវីដ​ ១៩»​។

បើតាម​លោក សុខឿន នៅពេលនេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​កំពុង​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​ខេត្តកំពង់ស្ពឺ​ស្រាវជ្រាវ និង​តាម​ចាប់​ក្រុម​ខ្មាន់​កាំភ្លើង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឱ្យ​តុលាការ​សម្រេច​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕