ភ្នំពេញៈ ក្រសួង​ផែនការ​រកឃើញ​អ្នករងគ្រោះ​ក្រោយ​ការបិទខ្ទប់ ដែល​បាន​បាត់​ការងារ និង​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​ស្លាប់​ដោយសារ​ជំងឺ​នេះ ក្នុងដំណាក់កាល​ទី​ ២ មាន​ចំនួន​ ៥៩ ០០០ ​គ្រួសារ បើ​គិត​ប្រជាជន​ប្រមាណ​ ១៩ ​ម៉ឺន​នាក់ ដែល​ពួកគេ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​។

លោក​ ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួង​ផែនការ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ជីវភាព​ក្រោយពី​ការបិទខ្ទប់​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មកដល់​ពេលនេះ​ក្រសួង​ផែនការ បាន​សម្ភាស​ និង​កំណត់​គ្រួសារ​គោលដៅ​ជា​លើក​ទី​២ ឬ​ហៅថា​ជំហាន​ទី​២ ​រួចហើយ​កាលពី​ចុងខែ​មិថុនា​។ ជា​លទ្ធផល មាន​គ្រួសារ​ជួប​បញ្ហា​ចំនួន​ ៥៩ ០០០ ​គ្រួសារ ស្មើនឹង​ប្រជាជន​សរុប​ប្រមាណ​ ១៩ ​ម៉ឺន​នាក់​។

លោក​ថ្លែងថា​៖ «​លើក​ទី​១ កាលពី​ខែឧសភា​កន្លងទៅ យើង​បាន​រកឃើញ​គ្រួសារ ដែល​ជួប​បញ្ហា​ជីវភាព ក្រោយ​ការបិទខ្ទប់​មាន​ប្រមាណ​ ៦១ ០០០ ​គ្រួសារ​ ស្មើនឹង​ប្រជាជន​សរុប​ប្រមាណ​ ២៦០ ០០០ ​នាក់​។ ឯ​លទ្ធផល​នៃ​ការរកឃើញ​លើក​ទី​២ ​នេះ យើង​បាន​បញ្ជូនទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រួចរាល់​ហើយ ដើម្បី​ធ្វើការ​គិតគូរ​គណនា​ថវិកា​ឧបត្ថម្ភ ដែល​គ្រោង​នឹង​បើក​ជូន​ឆាប់ៗ​នាពេលខាងមុខ​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជាក់ថា លទ្ធផល​ដែល​បាន​ធ្វើការ​សម្ភាស​រកឃើញ​នេះ គឺ​ស្ថិតនៅ​តំបន់​បិទខ្ទប់​ទាំង​ ៣ រួមមាន រាជធានី​ភ្នំពេញ តាខ្មៅ ក្រុង​ព្រះសីហនុ និង​អ្នកជំងឺ​ដោយសារ​កូវីដ​ ១៩ ទូទាំងប្រទេស​។

លោក​ថា ទាំង​ ២ ​ដំណាក់កាល​នេះ​ក្រសួង​ផែនការ រកឃើញ​អ្នកដែល​រងគ្រោះ​ក្រោយ​ការបិទ​ខ្ទប់ និង​ឆ្លង​ជំងឺ​កូវីដ​ ១៩ និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​សរុប​ ១២ ​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​ប្រមាណ​ ៤០ ​ម៉ឺន​នាក់​។

បើតាម​លោក​ ណុប កនណាវុឌ្ឍ ការផ្តល់ប្រាក់​ឧបត្ថម្ភ​អាច​មាននៅ​ដំណាក់កាល​ទី​ ៣ ​ទៀត ប្រសិនបើ​រាជរដ្ឋាភិបាល​ពិនិត្យ​មើលឃើញថា គ្រួសារ​ផ្សេងៗទៀត​ដែល​ជួប​បញ្ហា​ជីវភាព​ដូចគ្នា​មិនទាន់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ជីវភាព​ដូច​អ្នករងគ្រោះ ដែល​កំពុង​ទទួលបាន​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួង​ផែនការ​បាន​ណែនាំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​រង់ចាំ​ទទួល​ការដាក់ពាក្យ​ស្នើសុំ​ជានិច្ច ករណី​មាន​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជួប​បញ្ហា​ជីវភាព​ក្រោយ​ការបិទខ្ទប់ ឬ​គ្រួសារ​ដែល​កំពុង​ធ្លាក់​ទៅរក​ភាពក្រីក្រ​»​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា ក្រសួង​បាន​ត្រៀម​ថវិកា​រួចរាល់​ហើយ​សម្រាប់​ការដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ​ ១៩ និង​ថែមទាំង​មាន​ការបង្កើន​ថវិកា​សម្រាប់​ការចាំបាច់​ផ្សេងៗ​ទៀត ប្រសិនបើ​វិធានការ​របស់​រាជរដ្ឋាភិបាល​នៅតែ​បន្ត​។

លោក​ថ្លែងថា​៖ «​ឱ្យតែ​មាន​សំណើ​ពី​ខាង​ក្រសួង​ផែនការ​គាត់​ឆ្លង​គណៈកម្មការ​ត្រឹមត្រូវ​អស់ហើយ យើង​នឹង​បើក​ផ្តល់ជូន​ដោយ​អត់​ដែល​មាន​ការរារែក​ចំពោះ​ថវិកា​រឿង​ជំងឺ​កូវីដ​នោះទេ គឺ​យើង​ត្រៀម​ជានិច្ច ព្រោះ​អាហ្នឹង​ជា​បញ្ហា​អាទិភាព​»​។

លោក​ ឡាំ សុជាតិ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បាន​ថ្លែងពី​ម្សិលមិញ​ថា ការធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណ​អ្នកក្រីក្រ​នេះ រដ្ឋាភិបាល​ធ្វើបាន​ល្អ​ក្នុងពេល​កន្លងមក​។ ប៉ុន្តែ​ទោះយ៉ាងណា​បញ្ហា​កូវីដ​ ១៩ ​នៅតែ​បន្ត​ការអូសបន្លាយ​។ ហេតុនេះ​គួរតែ​បង្កើនល្បឿន​ស្វែងរក​បន្ថែមទៀត​ចំពោះ​អ្នករងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​បញ្ជាក់ថា ការកំណត់​អត្តសញ្ញាណ​អ្នកក្រីក្រ​នេះ​នៅមាន​ភាពខ្វះ​ចន្លោះ​ខ្លះ​ដែរ ព្រោះ​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ជាក់ស្តែង​មួយៗ​ក៏​អាចមាន​ការប្រែប្រួល​ឆាប់​រហ័ស​ពី​ធូរធារ​ទៅ​ក្រីក្រ​វិញ ឬក៏​ពី​ក្រីក្រ​ទៅ​ធូរធារ​។

លោក​ សុជាតិ បាន​បញ្ជាក់ថា​៖ «​ជួនកាល​អ្នក​ដែល​ក្រ​ពិតប្រាកដ​ហ្នឹង អាជ្ញាធរ​គាត់​អាច​ខ្វះចន្លោះ​។ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ដែល​គេ​ធ្វើ​ការកំណត់​អត្តសញ្ញាណ​ក្រីក្រ​ហ្នឹង ក៏​យើង​ឃើញ​ថា ភាគច្រើន​អាច​ត្រឹមត្រូវ​ជា​អ្នកក្រីក្រ ហើយ​វា​អាច​មាន​មួយចំនួន​តូច វា​អាចមាន​ការរក​មិនឃើញ​»៕

វីដេអូ៖