កំពង់ធំៈ អាជ្ញាធរ​ជាតិ​សំបូរព្រៃគុក បាន​ចាប់ផ្តើម​ជួសជុល ក្រុម​ប្រាសាទតោ ស្ថិតនៅក្នុង​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក នៃ​ខេត្តកំពង់ធំ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ដោយ​ផ្នែក​ខ្លះ ដើម្បី​គាំពារ​ប្រាង្គ​ប្រាសាទ​ទាំងនេះ​ឱ្យ​មាន​ស្ថិរភាព​ឡើងវិញ​។

លោក ច័ន្ទ វិត្ថារ៉ុង ប្រធាន​នាយកដ្ឋាន រមណីយដ្ឋាន បុរាណវិទ្យា និង​អភិរក្ស នៃ​អាជ្ញាធរ​ជាតិ​សំបូរព្រៃគុក (​អ.ជ.ស.ព.) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែកក្កដា ឆ្នាំ​ ២០២១ នេះ​ឱ្យ​ដឹងថា ការជួសជុល​ប្រាសាទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា ៣ ​ដំណាក់កាល បន្ទាប់ពី​វាយតម្លៃ​នៅក្នុង​ឆ្នាំ​ ២០២០ និង​ធ្វើ​បច្ចុប្បន្នភាព​ឆ្នាំ​ ២០២១ នេះ​មាន​ហានិភ័យ​ចំនួន ១០ ​ចំណុច ដែល​ត្រូវ​ជួសជុល និង​បែងចែក​កម្រិត​ខ្ពស់ កម្រិត​មធ្យម និង​កម្រិត​ទាប​។

លោក ច័ន្ទ វិត្ថារ៉ុង បន្តថា ហានិភ័យ​ទាំងនោះ​មាន​ផ្នែក​មួយចំនួន​កំពុង​ជួប​បញ្ហា​ប្រឈម​ដូចជា ផ្តែរ សសរពេជ្រ និង​ដំបូល​ផ្នែក​ខាងលើ រួមទាំង​ខឿន​ជុំវិញ​នៃ​ប្រាសាទ ជាពិសេស​ជណ្តើរ​ទ្វារបញ្ឆោត​របស់​ប្រាសាទ​។

លោក ច័ន្ទ វិត្ថារ៉ុង ថ្លែងថា ការជួសជុល​ប្រាសាទ​នេះ​មាន ៣ ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ត្រូវ​ប្រើ​រយៈពេល ៦ ​ខែ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២០០ ​លាន​រៀល ដោយ​ចាប់ផ្តើម​ជួសជុល​នៅ​ផ្នែក​ខាងកើត និង​ខាងត្បូង​។ ដំណាក់កាល​ទី២ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​មាន​រយៈពេល ៨ ​ខែ​ដោយ​ចាប់ផ្តើម​នៅ​ផ្នែក​ខាងលិច និង​ខាងជើង និង​ដំណាក់កាល​ទី​៣ នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ ២០២៣ ដោយ​នឹងត្រូវ​ជួសជុល​ខឿន​ប្រាសាទ និង​ពង្រឹង​គ្រឹះ​ខាងក្នុង​។

លោក ច័ន្ទ វិត្ថារ៉ុង បញ្ជាក់ទៀតថា ប្រាសាទ​នេះ​កាលពី​កន្លងមក មាន​ដើមឈើ រួមរឹត​ព័ទ្ធជុំវិញ ចាប់តាំងពី ១៩១៦ រហូត​ដល់ ឆ្នាំ​ ១៩៩៥ ប៉ុន្តែ ក្រោយមក​ដើមឈើ​នេះ​ងាប់ ក៏​ត្រូវ​បាន​គេ​សម្អាត​ឫស​ឈើ​នោះ​ចេញ បាន​ធ្វើឱ្យ​ខូចខាត​ក្បាច់ចម្លាក់​មួយចំនួន ដែល​ជា​ពិសេស​លើ​ឥដ្ឋ និង​ដំបូល​។

លោក ច័ន្ទ វិត្ថារ៉ុង ថ្លែងថា​៖ «​ការជួសជុល​នេះ​យើង​ឱ្យ​គុណតម្លៃ​ដល់​ស្ថាបត្យកម្ម​របស់​វា អានេះ​សំខាន់​ណាស់ បើសិន​វា​បាត់បង់ យើង​ធ្វើ​វិញ វា​អត់​កើត​ទេ​។ នៅក្នុង​រមណីយដ្ឋាន​សំបូរព្រៃគុក​នេះ​មាន​ជាង ២៦០ ប្រាសាទ ហើយ​ប្រាសាទ​មួយចំនួន​បាន​ជួសជុល​»​។

លោក ផាន់ ណាឌី អគ្គនាយក​នៃ អ.ជ.ស.ព. នៅក្នុង​ពិធី​សែន​ក្រុង​ពាលី បើក​ការដ្ឋាន ជួសជុល​ប្រាសាទ​កណ្តាល (C1) នៃ​ក្រុម​ប្រាសាទតោ​កាលពី​ថ្ងៃទី​ ៥ ខែកក្កដា ឱ្យដឹងថា ការជួសជុល​ប្រាសាទ ក្រុម​ប្រាសាទតោ​នេះ គឺជា​ផ្នែក​មួយ​ផ្សេងទៀត​នៃ​ការរួមចំណែក​ក្នុង​កិច្ចការ​អភិរក្ស គាំពារ​បណ្តា​ប្រាង្គ​ប្រាសាទ​ដែល​ប្រឈម​នឹង​ហានិភ័យ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​។

លោក ផាន់ ណាឌី បន្តថា​៖ «​ក្រុម​ប្រាសាទតោ ស្ថិត​នៅ​ចន្លោះ​ក្រុម​ប្រាសាទ​សំបូរ និង​ក្រុម​ប្រាសាទ​យាយព័ន្ធ​នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​។ ក្រុម​នៃ​ប្រាសាទតោ​នៅ​បន្សល់​ប្រាង្គ​ឈរ​នៅ​គង់វង្ស​តែ ១ ​គត់ គឺ​ប្រាង្គ​កណ្តាល​នេះឯង​»​។

លោក ណាឌី បានឱ្យ​ដឹងថា ប្រាង្គ​នេះ​សាង​ពី​ឥដ្ឋ និង​មាន​លម្អ​ដោយ​ថ្មភក់​យ៉ាង​វិចិត្រ​ដែល​អ្នកស្រាវជ្រាវ​ពុំទាន់​ឯកភាព​គ្នា ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​អាច​ស្នើឡើង​ថា​ជា​ស្ថាបត្យកម្ម​ក្នុង​រវាង​ចុង​សតវត្សរ៍​ទី ​៧ និង​ចុង​​សតវត្សរ៍​ទី​ ៨ ក្នុង​រចនាប័ទ្ម​ព្រៃ​ក្មេង និង​កំពង់ព្រះ​។ បើ​និយាយ​ពី​សំណង់​ស្ថាបត្យកម្ម ប្រាសាទ​នេះ​គឺជា​រចនាសម្ព័ន្ធ​ធំៗ​សំខាន់​ជាងគេ​បង្អស់​មួយ​ក្នុង​សម័យមុន​អង្គរ ដែល​បាន​បន្សល់​រហូត​មក​ដល់​សព្វថ្ងៃ​៕