កោះកុងៈ លោក ហាក់ ឡេង អភិបាលស្រុក​បទុមសាគរ​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​នៃ​រដ្ឋបាល​ស្រុក​បទុមសាគរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​បន្ត​ស៊ើបអង្កេត​លើ​ករណី​ពលរដ្ឋ​រាប់រយ​នាក់​ចូលទៅ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ជាង​ ១៥ ​ហិកតា កាលពី​ថ្ងៃទី​ ៥ ខែកក្កដា ជា​ដី​ដែល​រដ្ឋ​កាត់​ឆ្វៀល​ចេញពី​ដី​តំបន់​ការពារ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ហើយ​បាន​ប្រគល់ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ដ​កោះកុង​ជា​អ្នកគ្រប់គ្រង​។

លោក ហាក់ ឡេង បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ៦ ខែកក្កដា​ថា ស្របពេល​អាជ្ញាធរ​កំពុង​យកចិត្ដ​ទុកដាក់​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុងពេល​ថ្មីៗ​នេះ​រហូត​មក​ទល់នឹង​ថ្ងៃទី​ ៥ ខែកក្កដា​នេះ​មាន​ជនខិលខូច​បាន​លួច​ចូល​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​ជាង​ ១៥ ​ហិកតា ​ស្ថិតនៅ​ទីតាំង ភូមិ​តាំកង់ និង​ភូមិ​ព្រលាន ឃុំ​កណ្តោល​។ លោក​បញ្ជាក់ថា ដី​នេះ​ជា​ដី​ស្ថិត​នៅក្នុង​អនុក្រឹត្យ​លេខ​ ៣០ ដែល​ត្រូវបាន​កាត់ឆ្វៀល​ចេញពី​ដី​តំបន់​ការពារ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ហើយ​ប្រគល់​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ដ​កោះកុង​ជា​អ្នកគ្រប់គ្រង​។

លោក​អភិបាលស្រុក​ថ្លែងថា​៖ «​ដី​នេះ​ត្រូវបាន​ជនខិលខូច​លួច​ចូលទៅ​ទន្ទ្រាន​ពី​ខាង​ក្នុងព្រៃ​ចេញ​មក​ក្រៅ​វិញ​ទើប​អាជ្ញាធរ​មិនដឹង​។ ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នេះ ពេល​ឃើញ​មាន​ការកាប់​ទន្ទ្រាន​បែបនេះ ពួកគាត់​ស្មានតែ​អាជ្ញាធរ​បើកដៃ​ឱ្យ​ធ្វើ​ទើប​នាំគ្នា​ទៅ​សម្រុក​ចូលទៅ​ទន្ទ្រាន​បន្ថែមទៀត មាន​ប្រវែង​ជាង​ ២ ​គីឡូម៉ែត្រ និង​ជម្រៅ​ចូល​ទៅ​ក្នុង​ព្រៃ​ជាង​ ៥០ ​ម៉ែត្រ​»​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នេះ​គឺ​ពលរដ្ឋ​ចុះទៅ​កាប់​ទន្ទ្រាន​ដី​រដ្ឋ ដែល​មិនទាន់​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ដ​។ យើង​ចាត់ទុក​ជា​ការទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​។ ប្រសិន​បើ​គាត់​នៅតែ​បន្ត​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ​ទៀត​យើង​នឹង​អនុវត្ដ​តាម​វិធានការ​ច្បាប់​»​។

លោក ហាក់ ឡេង ថ្លែង​ថា រដ្ឋបាល​ស្រុក​បាន​ធ្វើការ​ណែនាំ​ដល់​ពលរដ្ឋ​រួចហើយ​កាលពី​ថ្ងៃទី​ ៥ ខែកក្កដា​នេះ ប្រសិនបើ​នៅតែ​បន្ត​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​ទៀត រដ្ឋបាល​ស្រុក​នឹង​ស្នើសុំ​គោល​ការអនុវត្ដ​វិធានការ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ទ្រង់ទ្រាយ​ដែល​ពួកគាត់​ចូល​ទន្ទ្រាន​នេះ​គឺ​មិនមែន​ពួកគាត់​ចូលមក​ ១ ​នាក់​ ឬ​ ២ ​នាក់​ទេ​ ប៉ុន្ដែ​ជា​ទ្រង់ទ្រាយ​ធំ​លេង​ចូលមក​ទន្ទ្រាន​ម្ដង​ ៧០ ​នាក់ ៨០ ​នាក់ ទៅ​ ១០០ ​នាក់​មក​កាប់​ទន្ទ្រាន​ទាំងអស់​គ្នា​​តែម្ដង​។ ​ពួកគាត់​យក​ថ្នាំ​ពណ៌​បាញ់​កំណត់​ទីតាំង​តាម​ដើមឈើ ហើយ​នាំគ្នា​កាប់​ទន្ទ្រាន​យកតែ​ម្ដង ដោយ​បែងចែក​ដី​គ្នា ក្នុង​ ១ ​នាក់ ៥០ ​ម៉ែត្រៗ​។ សកម្មភាព​នេះ វា​ដូចជា​ស្រុក​មួយ​ដែល​គ្មាន​ច្បាប់​បើ​ពួកគាត់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ​បែបនេះ​»​។

លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​កោះកុង​លើកឡើង​ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​លេខ​ ៣០ ដោយ​ធ្វើ​អនុប្រយោគ​ផ្ទៃដី​ទំហំ​ជាង ១,៦ សែន​ហិកតា ចេញពី​តំបន់​អភិរក្ស​មួយចំនួន​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កោះកុង ហើយ​បាន​សង្កេតឃើញ សកម្មភាព​ការរុករាន​ទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ខេត្ដ​ហាក់​មាន​ការកើនឡើង​។

លោក​បញ្ជាក់ថា​៖ «​រឿងនេះ​វា​មានការ​ទាក់ទង​ទៅនឹង​មន្ដ្រី​មើល​ការខុសត្រូវ​ដី​រដ្ឋ និង​ឈ្មួញ​ដែល​ជួល​ប្រជាពលរដ្ឋ​ឱ្យ​ចុះទៅ​កាប់​រាន​ដី​រដ្ឋ​នៅ​តំបន់​នោះ​ដើម្បី​យក​ដី​រដ្ឋ​ទៅ​ចែកគ្នា​។ ចំពោះ​ពលរដ្ឋ​ធម្មតា ពួកគាត់​មិនទាន់​ហ៊ាន​ធ្វើ​អ្វី​ជា​លក្ខណៈ​គ្រប់គ្រង​មិនបាន​ទេ ភាគច្រើន​គឺមាន​អ្នក​នៅ​ពី​ក្រោយខ្នង​ជា​អ្នក​ជួល ឬ​បញ្ជា​ពលរដ្ឋ​»​។

លោក ហាក់ ឡេង ថ្លែង​ថា រដ្ឋបាល​ស្រុក​បទុមសាគរ​បាន​រៀបចំ​ទីតាំង​ដី​ដែល​បាន​កាត់ឆ្វៀល​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​នៅក្នុង​ស្រុក​គ្រប់គ្នា​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​សាកសួរ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​ពួកគាត់​ប្រាប់ថា ចូល​ទន្ទ្រាន​ដោយ​ខ្លួនឯង​។ ​យើង​អត់​ទាន់​ហ៊ាន​ចោទប្រកាន់​ថា​អ្នកណា​បញ្ជា​ពីក្រោយ​ខ្នង​ទេ​ ដោយ​យើង​ស្រាវជ្រាវ​មិនទាន់​ដល់​។ ឥឡូវ​យើង​កំពុង​យក​យន្តហោះ​ដ្រូន​ទៅ​បង្ហោះ​អង្កេត​បន្ថែមទៀត​។ ចំណែក​មេខ្លោង​ពីក្រោយ​ខ្នង​យើង​កំពុង​បន្ត​ស៊ើបអង្កេត​»​។

លោក ឡេង បាន ​ថ្លែងថា​៖ «​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ឈូសឆាយ​ត​ដីព្រៃ​លើដី​ដែលជា​ដី​កម្មសិទ្ធិ គឺ​ត្រូវតែ​បង្ហាញ​ឯកសារ ឬ​លិខិត​ស្នើសុំ​កាប់រាន ឈូសឆាយ​លើ​ទីតាំង​ដី​នោះ​ពី​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ដ​។ សូម​ពលរដ្ឋ​កុំ​ចូលទៅ​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បន្តទៀត កុំ​ចាញ់បោក​ឈ្មួញ​ឱ្យ​ទៅ​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់ ព្រោះ​អាច​ប្រឈមមុខ​តាម​ផ្លូវ​ច្បាប់​»៕