តាកែវៈ អង្គការ​ជីវ​សត្វស្លាប​អន្តរជាតិ (BirdLife) ​បានឱ្យដឹងថា ប្រមាណ​ ៨៥ ​ភាគរយ​នៃ​សម្បុក​សត្វ​ចង្កៀលខ្យង​ ដែល​​បាន​ពង​នៅ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​បាន​ញាស់​​កូន​ដោយ​ជោគជ័យ​ក្នុង​រដូវកាល​ពងកូន​ឆ្នាំនេះ ខណៈ​ការធ្វើ​សម្បុក​ក្នុង​តំបន់​នេះ​ជា​កំណត់ត្រា​ថ្មី ដែល​ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១៥ ​ឆ្នាំ​ចុងក្រោយ​។

តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​ត្រូវបាន​រដ្ឋាភិបាល​បង្កើត​កាលពី​ឆ្នាំ​ ២០១៦ ​លើ​ផ្ទៃដី​ទំហំ​ជាង​ ៨ ​ពាន់​ហិកតា​​នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ BirdLife បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៥ កក្កដា​ថា ក្នុង​រដូវកាល​ពង​កូន​ឆ្នាំ​ ២០២០ សត្វចង្កៀលខ្យង បាន​មករក​ចំណី​ក្នុង​តំបន់​ការពារ​ទេសភាព​បឹងព្រែក​ល្ពៅ​រហូត​ដល់​រាប់ពាន់​ក្បាល និង​មាន​សម្បុក​ពងកូន​យ៉ាងតិច​ចំនួន​ ២ ១៨៦ នៅលើ​ដើម​រាំង​ចំនួន​ ២៧០ ​ដើម​។

អង្គការ​នេះ​បានឱ្យដឹង​ទៀត​ថា ការធ្វើ​សម្បុក​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។

អង្គការ​នេះ​បាន​បញ្ជាក់ថា​ «​ក្រោម​ជំនួយ​ពី​អង្គការ​ BirdLife និង​ដោយ​ការយកចិត្ត​ទុកដាក់​ថែរក្សា​ការពារ​ពី​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ ក្រុមការងារ​ទីវាល​សម្បុក​ចង្កៀលខ្យង​បាន​ញាស់​ជោគជ័យ​ជា​បន្តបន្ទាប់​​ ដែល​សម្បុក​ចុងក្រោយ​គឺ​ញាស់​ក្នុង​ខែមេសា ឆ្នាំ​ ២០២១»​។

លោក លឹម វ៉ាត នាយករង​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​បាន​ថ្លែងថា ក្នុងចំណោម​សម្បុក​ពង​កូន​ទាំងអស់​ (​ប្រមាណ​ ២ ១៨៦) ​មាន​​ការញាស់​ជោគជ័យ​ប្រមាណ ៨៥ ​ភាគរយ និង​ ១៥ ​ភាគរយ​ទៀត រង​ការខូចខាត តាមរយៈ​ទឹកជំនន់​លិច​សម្បុក​ដែល​លើ​ដើមឈើ​ទាបៗ ខ្យល់​កន្ត្រាក់​ធ្លាក់​ខូច និង​មាន​ជនខិលខូច​​លួច​ប្រមូល​ពង​សត្វ​។

លោក​បន្តថា ចំពោះ​សម្បុក​ដែល​ញាស់​ជោគជ័យ​ជា​មធ្យម​បាន​កូន​ចង្កៀលខ្យង​ប្រហែល​ ៥ ៥៨០ ​ក្បាល ទទួលរង​ការខូចខាត​អស់​កូន​ប្រហែល​ ១០ ​ភាគរយ (​ងាប់​ដោយសារ​ជំងឺ​ ​និង​កត្តា​ផ្សេងៗ​)​។ ចំណែក​ប្រមាណ​ ៤០ ​ភាគរយ​បង្ខំចិត្ត​ហើរ​ចាកចេញ​ពី​សម្បុក និង​ទ្រនំ​ដោយ​កត្តា​រាំងស្ងួត​ខ្វះ​ប្រភពទឹក និង​ចំណី​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​មានកូន​ចង្កៀលខ្យង​ប្រមាណ​ ៥០ ​ភាគរយ​ (​ជា​មធ្យម​ប្រហែល ២ ៧៩០ ​ក្បាល​កំពុង​​បន្ត​ស្នាក់​នៅលើ​សម្បុក និង​​ទ្រនំ ដែល​ខ្លះ​ទើបតែ​ញាស់​ហើយ​​មិនទាន់​អាច​ហើរ​បាន​ឆ្ងាយ​ពី​មេបា​។ យើង​បាន​សង្កេតឃើញ​ផងដែរ​ថា មេបា​ចាស់ៗ​បាន​ប្រមូល​កំណាត់ឈើ​តូចៗ បន្ថែម​ដើម្បី​ជួសជុល​សម្បុក និង​ធ្វើ​សម្បុក​ថ្មី​លើ​មែកឈើ​ដែល​ខ្ពស់ៗ​ជាង​មុន​»​។

លោក​ លឹម វ៉ាត បានឱ្យ​ដែរ​ថា ជាមួយ​នឹង​ការបង្ក​កំណើត​ថ្មី​ដោយ​ជោគជ័យ​នេះ ក្រុម​​ការងា​ទីវាល​បាន​សនិ្នដ្ឋាន​ថា សកម្មភាព​នេះ​ជា​សញ្ញា​ល្អ​​ដែល​បញ្ជាក់ថា ចង្កៀលខ្យង​នឹងមិន​បំផ្លាស់ទី​ចេញ​អស់ពី​ទីតាំង​ពងកូន​ឡើយ ហើយ​រដូវកាល​ពងកូន​ឆ្នាំ​ ២០២១-២០២២ អាច​នឹងមាន​សម្បុក​កើនឡើង​បន្ថែមទៀត​។

គម្រោង​អភិរក្ស និង​គ្រប់គ្រង​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ​សហការ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន ដែលមាន​មន្ទីរ​បរិស្ថាន​ខេត្ត​តាកែវ​ជា​សេនាធិការ អង្គការ​ជីវ​សត្វស្លាប​អន្តរជាតិ​ (BirdLife) ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife) ​និង​អង្គការ WWT​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​​អង្គការ​ (BirdLife)៕