គ្រូបង្រៀន​ជា​កត្តា​មួយ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ជាតិ ជាពិសេស​គុណភាព​វិស័យ​អប់រំ ។ ក្រសួង​អប់រំ យុវជន និង​កីឡា បាននិង​កំពុង​យកចិត្តទុកដាក់​ជាទីបំផុត​ទៅលើ​គុណភាព និង​សមត្ថភាព​ធនធាន​មនុស្ស ដើម្បី​ឆ្លើយតប​ទៅនឹង​សកល​ភាវូបនីយកម្ម​អប់រំ​នៅក្នុង​តំបន់ និង​នៅលើ​សកលលោក​។ អត្ថបទ​នេះ​នឹង​បកស្រាយ​អំពី “​ស្ដង់ដា​វិជ្ជាជីវៈ​គ្រូបង្រៀន​” ដែលជា​ឧបករណ៍​សម្រាប់​លើកស្ទួយ​ការអភិវឌ្ឍ​គុណភាព និង​សមត្ថភាព​គ្រូបង្រៀន​។

គ្រូបង្រៀន​ក្នុង​អត្ថបទ​នេះ​សំដៅ​ដល់​បុគ្គលិក​អប់រំ​នៅ​គ្រឹះស្ថាន​សាធារណៈ និង​គ្រឹះស្ថានសិក្សា​ឯកជន ដែល​មាន​អាជ្ញាប័ណ្ណ​អប់រំ ប៉ុន្តែ​មិន​សំដៅ​ដល់​គ្រូបង្រៀន​ខាង​សាសនា បច្ចេកទេស​យុទ្ធសាស្ត្រ​យោធា និង​សន្តិសុខ ផ្នែក​គ្រប់គ្រង​រដ្ឋបាល​ដែនដី ផ្នែក​ភូមិន្ទ​រដ្ឋបាល និង​ផ្នែក​វិជ្ជាជីវៈ​តុលាការ​នោះទេ​។

ស្របតាម​ចក្ខុវិស័យ​ក្នុង​ការពង្រីក​សមត្ថភាព​គ្រូបង្រៀន​ឱ្យដល់​កម្រិត​អតិបរមា ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ឆ្នាំ​ ២០១៦ បានរៀបចំ​ឡើង​នូវ​ស្ដង់ដា​វិជ្ជាជីវៈ​គ្រូបង្រៀន សម្រាប់​ជា​ត្រីវិស័យ​ចង្អុល​ប្រាប់​អ្នក​អប់រំ​ទាំងអស់​ក្នុង​ការរៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​ក៏ដូចជា​វគ្គ​វិក្រឹតការ​នានា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សមត្ថភាព​គ្រូបង្រៀន​ឱ្យស្រប​តាម​យុគសម័យ​ឌីជីថល​បច្ចេកវិទ្យា​ព័ត៌មាន និង​សង្គម​ដោយ​ផ្អែកលើ​ពុទ្ធិ​។ ស្ដង់ដា​គ្រូបង្រៀន​នេះ​ចែកចេញជា ៤ សមាសភាគ​គឺ​៖ (១) ចំណេះ​វិជ្ជាជីវៈ (២) ការប្រតិបត្តិ​វិជ្ជាជីវៈ (៣) ការសិក្សា​វិជ្ជាជីវៈ និង (៤) សីលធម៌​វិជ្ជាជីវៈ​។

១.​ចំណេះដឹង​វិជ្ជាជីវៈ​៖ គ្រូបង្រៀន​ត្រូវមាន​ចំណេះដឹង​វិជ្ជាជីវៈ​សម្បូរបែប​ដូចជា​៖

១.១.ចំណេះដឹង​ពី​សិស្ស

-​គ្រូបង្រៀន​ត្រូវ​ស្គាល់​សិស្ស​ឱ្យបាន​ច្បាស់​អំពី​តម្រូវការ​សិក្សា សមត្ថភាព ប្រវត្តិ​សិក្សា និង​ឥរិយាបថ​របស់​សិស្ស​។

-​គ្រូបង្រៀន​ត្រូវ​ដឹង​ច្បាស់​ពី​ប្រភេទ​គ្រួសារ និង​កត្តា​ផ្សេងៗ (​ឧ​. យេនឌ័រ សាវតារ​សង្គម សេដ្ឋកិច្ច ពិការភាព និង​ក្រុម​ជនជាតិភាគតិច (​។​ល​។​) ដែល​មាន​ឥទ្ធិពល​ដល់​ការសិក្សា​របស់​សិស្ស និង​ត្រូវ​ដឹង​ពី​របៀប​ដោះស្រាយ​កត្តា​ទាំងនេះ​។

១.២.​ចំណេះដឹង​ខ្លឹមសារ​មេរៀន

-​គ្រូបង្រៀន​ត្រូវ​យល់ដឹង​ពី​គោលនយោបាយ​អប់រំ​ជាតិ និង គោលបំណង​អប់រំ​ចំណេះ​ទូទៅ​។

-​គ្រូបង្រៀន​គឺ​ត្រូវ​យល់ដឹង​អំពី​ទ្រឹស្ដី​នៃ​ការសរសេរ​កិច្ច​តែងការ​បង្រៀន​។

-​គ្រូបង្រៀន​ត្រូវ​យល់ដឹង​ពី​ខ្លឹមសារ​នៃ​កម្មវិធីសិក្សា ហើយ​មាន​សមត្ថភាព​ពន្យល់ និង​បង្រៀន​ខ្លឹមសារ មុខវិជ្ជា​ដែលមាន​ក្នុង​កម្មវិធីសិក្សា​បានល្អ​។

-​គ្រូបង្រៀន​ត្រូវ​យល់ដឹង​ពី​របៀប​បញ្ជ្រាប​ខ្លឹមសារ​ពីមុខ​វិជ្ជា​មួយ​ទៅមុខ​វិជ្ជា​ផ្សេងទៀត ក្នុង​ន័យ​ឱ្យ​សិស្ស​ទទួលបាន​បំណិន​ជាច្រើន និង​មានចិត្ត​កាន់តែ​ចង់​រៀន​។

១.៣.​ចំណេះដឹង​អំពី​របៀប​រៀន​របស់​សិស្ស

-​គ្រូបង្រៀន​ត្រូវ​យល់ដឹង​ពី​បរិស្ថាន​សិក្សា​ក្នុង​ថ្នាក់រៀន និង​សហគមន៍​។

-​គ្រូបង្រៀន​ត្រូវ​យល់ដឹង​ពី​របៀប​រៀន​របស់​សិស្ស​។

-​គ្រូបង្រៀន​ត្រូវ​យល់ដឹង​ពី​ភាពខុសគ្នា​នៃ​សម្បទា ល្បឿន និង​របៀប​សិក្សា​របស់​សិស្ស​។

២.​ការប្រតិបត្តិ​វិជ្ជាជីវៈ៖ គ្រូបង្រៀន​ត្រូវបំពេញ​សកម្មភាព​ដូចតទៅ​៖

២.១.​ការធ្វើផែនការ និង​ការពិនិត្យ​តាមដាន​ការវាយតម្លៃ​លទ្ធផល​សិក្សា

-​គ្រូបង្រៀន​ត្រូវ​រៀបចំ​កិច្ចតែងការ​បង្រៀន កម្មវិធី​បង្រៀន និង​ការវាយតម្លៃ​លទ្ធផល​សិក្សា​ឱ្យបាន​ត្រឹមត្រូវ ហើយ​មាន​ប្រសិទ្ធភាព ដោយ​ផ្អែកលើ​សៀវភៅ​សិស្ស សៀវភៅ​គ្រូ និង​សម្ភារ​សិក្សា​ផ្សេងៗ​ទៀត​។

-​គ្រូបង្រៀន​ត្រូវ​រៀបចំ​សម្ភារ​បង្រៀន និង​រៀន ដើម្បី​ធ្វើឱ្យ​ការសិក្សា​សម្រេចបាន​លទ្ធផល​ល្អ និង​ដើម្បី​គាំទ្រ​ដល់​កិច្ច​តែងការ​បង្រៀន​។

-​គ្រូបង្រៀន​ត្រូវ​ប្រើប្រាស់​វិធី​សមស្រប សម្បូរបែប សម្រាប់​វាយតម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស ដែល​ស្រប​ទៅ​តាម​តម្រូវការ និង​ទេពកោសល្យ​របស់​សិស្ស​។

-​គ្រូបង្រៀន​ត្រូវ​តាមដាន​ការចូលរួម និង​ថែរក្សា​កំណត់ត្រា​នៃ​ភាពរីកចម្រើន​របស់​សិស្ស​។

-​គ្រូបង្រៀន​ត្រូវ​ផ្ដល់ព័ត៌មាន​ត្រឡប់​ទៅ​សិស្ស មាតាបិតា ឬ​អាណាព្យាបាល​សិស្ស អំពី​ការអភិវឌ្ឍ​ចំណេះដឹង បំណិន និង​ឥរិយាបថ​របស់​សិស្ស​។

២.២.​ការគ្រប់គ្រង​បរិស្ថាន​សិក្សា

-​គ្រូបង្រៀន​ត្រូវ​ផ្ដល់​បរិស្ថាន​សិក្សា​ដែលមាន​សុវត្ថិភាព និង​ធ្វើឱ្យ​សិស្ស​ទាំងអស់​ខិតខំ​រៀន​ឱ្យ​អស់ពី​សមត្ថភាព​ដូចជា ការគ្រប់គ្រង​ថ្នាក់រៀន​មាន​ប្រសិទ្ធភាព ការជួយ​សិស្ស​ឱ្យមាន​អន្តរកម្ម​វិជ្ជមាន​ជាមួយ​សិស្ស​ដទៃទៀត និង​ធ្វើឱ្យ​សិស្ស​ពង្រីក​ការសិក្សា​បាន​ច្រើន​។

-​គ្រូបង្រៀន​ត្រូវ​ជួយ​សិស្ស​ឱ្យ​បង្កើន​ការទទួល​ខុសត្រូវ​ចំពោះ​ការសិក្សា​របស់ខ្លួន​ដូចជា ការធ្វើ​ស្វ័យសិក្សា និង​ការរៀបចំ​គម្រោង​តូចៗ និង​របាយការណ៍​ក្រុម ។​ល​។

-​គ្រូបង្រៀន​ត្រូវ​ចូលរួម​អភិវឌ្ឍ​សាលារៀន ដើម្បី​ទ្រទ្រង់​ការសិក្សា និង​សុខុមាលភាព​របស់​សិស្ស​ព្រមទាំង​សហសេវិក​/​មិត្ត​រួម​អាជីព​។

២.៣.​វិធី​បង្រៀន

-​គ្រូបង្រៀន​ត្រូវ​ប្រើ​វិធី​បង្រៀន​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ការសិក្សា​របស់​សិស្ស និង​សម្រេច​ឱ្យបាន​តាម​ស្ដង់ដា​កម្មវិធីសិក្សា​របស់​ក្រសួង​។

-​គ្រូបង្រៀន​ត្រូវ​ផ្ដល់​មធ្យោបាយ​ឱ្យ​ស្រប​ទៅតាម​របៀប​សិក្សា និង​តម្រូវការ​ផ្សេងៗ​គ្នា​របស់​សិស្ស​តាមរយៈ​ការអនុវត្ត​វិធី​បង្រៀន​សមស្រប និង​សម្បូរបែប​។

-​គ្រូបង្រៀន​ត្រូវ​រៀបចំ និង​ផ្ដល់ឱ្យ​សិស្ស​នូវ​ឱកាស​សិក្សា​ពី​ដំណោះស្រាយ​ ដើម្បី​ចូលរួម​គិត​ឱ្យបាន​ល្អិតល្អន់ និង​ដោយ​ច្នៃប្រឌិត​។

-​គ្រូបង្រៀន​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ និង​ធនធាន​ក្នុង​បណ្ណាល័យ ដើម្បីឱ្យ​ការបង្រៀន និង​រៀន​កាន់តែ​មាន​ប្រសិទ្ធភាព​។

៣.​ការសិក្សា​វិជ្ជាជីវៈ៖ គ្រូបង្រៀន គឺជា​អ្នក​លើកទឹកចិត្ត និង​ជា​អ្នកធានា​ឱ្យ​សិស្ស​ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា ដូច្នេះ​គ្រូបង្រៀន​ត្រូវអនុវត្ត​សកម្មភាព​ដូចខាងក្រោម​៖

៣.១.​ស្វ័យ​សិក្សា

-​គ្រូបង្រៀន​ត្រូវ​វាយតម្លៃ​ការបង្រៀន ការអភិវឌ្ឍ​ខ្លួន និង​ការប្រើប្រាស់​ផែនការ​សម្រាប់​ដឹកនាំ​ស្វ័យ​សិក្សា​វិជ្ជាជីវៈ​បាន​ទៀងទាត់​។

-​គ្រូបង្រៀន ត្រូវ​អភិវឌ្ឍ ចំណេះដឹង បច្ចេកវិទ្យា​ព័ត៌មាន សារគមនាគមន៍ និង​បំណិន​សម្រាប់​អនុវត្ត​ក្នុង​ការបង្រៀន​ និង​រៀន និង​មាន​ឆន្ទៈ​ធ្វើ​ស្វ័យ​សិក្សា​ស្រាវជ្រាវ​បំពេញបន្ថែម​ទាំង​ចំណេះដឹង​មូលដ្ឋាន ទាំង​បច្ចេកទេស​បង្រៀន​ថ្មីៗ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​។

៣.២.​ចូលរួម​កែលម្អ​ការបង្រៀន

-​គ្រូបង្រៀន​ត្រូវធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បំណិន​ទំនាក់ទំនង​ជាមួយ​សិស្ស មាតាបិតា មិត្ត​រួម​អាជីព និង​សហគមន៍​។

-​គ្រូបង្រៀន​ត្រូវ​អាន​អត្ថបទ​វិជ្ជាជីវៈ​គ្រូបង្រៀន និង​ស្រាវជ្រាវ ដើម្បី​ពង្រីក​ចំណេះដឹង​ឱ្យ​បាន​ទូលំទូលាយ​ និង​ធ្វើ​ថ្នាក់​និទស្សន៍​ដើម្បី​បង្ហាញ​បទពិសោធ​ដែល​ទទួល​បាន​ពី​ការអាន និង​ស្រាវជ្រាវ​ឯកសារ​ផ្សេងៗ​ដល់​មិត្ត​រួម​អាជីព​ដើម្បី​បង្កើន​សមត្ថភាព​។

-​គ្រូបង្រៀន​ត្រូវធ្វើ​អន្តរកម្ម​ជាមួយ​គ្រូ​ដទៃទៀត​ក្នុង​សកម្មភាព​សិក្សា​វិជ្ជាជីវៈ​ផ្សេងៗ ដូចជា​ការចូលរួម​សិក្ខាសាលា​ ឬ​វគ្គសិក្សា ដើម្បី​ទទួល​បាន​បទពិសោធ​ល្អ​ដល់​ការបង្រៀន និង​រៀន​។

៤.​សីលធម៌​វិជ្ជាជីវៈ​៖ មាន​ពាក់ព័ន្ធ​ទៅនឹង​គ្រប់​ទិដ្ឋភាព​ទាំងអស់​ក្នុង​វិជ្ជាជីវៈ​គ្រូបង្រៀន ដែល​រួមមាន​ការប្ដេជ្ញាចិត្ត​បង្រៀន​សិស្ស ប្រើប្រាស់​មនសិការ​វិជ្ជាជីវៈ​ប្រកប​ដោយ​គតិបណ្ឌិត និង​មាន​ចំណេះដឹង​គ្រប់គ្រាន់​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រូបង្រៀន និង​ច្បាប់​ស្ដីពី​ការអប់រំ​។ គ្រូបង្រៀន​ត្រូវ​ចូលរួម​សកម្មភាព​ដូចខាងក្រោម​៖

-​គ្រូបង្រៀន​ត្រូវគោរព​ពេលវេលា​តាម​ភារកិច្ច មាន​វត្តមាន​ជាប្រចាំ​នៅក្នុង​សាលារៀន មាន​ការស្លៀកពាក់​សមរម្យ មាន​ឥរិយាបទ​ថ្លៃថ្នូរ និង​ចូលរួម​ក្នុង​គ្រប់​សកម្មភាព​ទាំង​ក្នុង និង​ក្រៅ​ម៉ោង​ទាំងអស់​របស់​សាលារៀន​ឱ្យ​បាន​សមស្រប​តាម​ករណី​ដែល​អាច​ធ្វើបាន​។

-​គ្រូបង្រៀន​ត្រូវ​បង្ហាញ​ការយកចិត្ត​ទុកដាក់ និង​ថែរក្សា​សិស្ស ហើយ​ជានិច្ចកាល​ធ្វើការ​ ដើម្បី​ប្រយោជន៍​សិស្ស និង​សង្គម​។

-​គ្រូបង្រៀន​ត្រូវ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត និង​ចូលរួមចំណែក​ក្នុង​វិជ្ជាជីវៈ​គ្រូបង្រៀន ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

-​គ្រូបង្រៀន​ត្រូវ​បង្ហាញ​អាកប្បកិរិយា​វិជ្ជមាន​ជា​គំរូ​ប្រកប​ដោយ​សីលធម៌ និង​មាន​ទំនាក់ទំនង​ដោយ​សុខដុម​ជាមួយ​សិស្ស និង​សហគមន៍​។

-​គ្រូបង្រៀន​ត្រូវ​ប្រើប្រាស់​ភាពយុតិ្តធម៌​ និង​តម្លាភាព ក្នុង​ការប្រព្រឹត្ត​ជាមួយ​សិស្ស​សហសេវិក និង​សមាជិក​ផ្សេងៗ​របស់​សហគមន៍​។

សរុបមក ស្ដង់ដារ​វិជ្ជាជីវៈ​គ្រូបង្រៀន​មាន​គោលដៅ​ពង្រឹង​គុណភាព​គ្រូបង្រៀន និង​កែលម្អ​លទ្ធផល​សិក្សា​របស់​សិស្ស​។ ស្ដង់ដារ​វិជ្ជាជីវៈ គឺជា​ឧបករណ៍​ដ៏មាន​សារៈសំខាន់​បំផុត និង​ជា​ខ្នាត​សម្រាប់​ធ្វើ​ផែនការ​កសាង​សមត្ថភាព​គ្រូបង្រៀន​។

« ចំណេះដឹង​មាន​អត្ថប្រយោជន៍ លុះត្រាតែ​គ្រូបង្រៀន​ចេះ​ប្រើប្រាស់​ចំណេះដឹង​នេះ​ ដើម្បី​បង្កើន​គុណភាព​បង្រៀន បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការសិក្សា ប្រើ​វិធីសាស្ត្រ​បង្រៀន​សមស្រប ដើម្បី​កែលម្អ​លទ្ធផល​សិក្សា​សិស្ស​ប្រសើរ​ជាង​មុន និង​លើកកម្ពស់​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ ដើម្បី​មនុស្សជាតិ​ទាំងមូល » បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។