កំពង់ធំៈ ស្ត្រី​ម្នាក់​បាន​ស្លាប់​ ដោយសារ​រន្ទះបាញ់ និង​ ២ ​នាក់​ទៀត​បាន​រងរបួស ខណៈ​ផ្ទះឈើ​ប្រក់​ស័ង្កសី និង​ផ្ទះ​តៀម​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ១០១ ​ខ្នង​ត្រូវ​បាន​ដួលរលំ និង​របើក​ដំបូល ដោយសារ​ភ្លៀង​ខ្យល់​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង កាលពី​យប់​ថ្ងៃទី​ ៥ ​កក្កដា នៅ​ឃុំ​ចំនួន​ ៣ ក្នុងស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។

លោក កែ កញ្ចនា អធិការនគរបាល​ស្រុក​កំពង់ស្វាយ ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ៦ ​កក្កដា​ថា ស្ត្រី​រងគ្រោះ​ដោយ​រន្ទះបាញ់​ស្លាប់​ឈ្មោះ ញឹប ហ៊ីន អាយុ​ ៤១ ​ឆ្នាំ​រស់នៅ​ភូមិ​ឥន្ទកុមារ ឃុំ-ស្រុក​កំពង់ស្វាយ​។ ចំណែកឯ​ផ្ទះ​រលំ និង​របើក​ដំបូល​មាន​ចំនួន​ ១០១ ​ខ្នង ស្ថិតក្នុង​ឃុំ​​សានគរ ឃុំ​កំពង់ស្វាយ និង​ឃុំ​ត្រពាំងឫស្សី ហើយ​ភូមិ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ភូមិ​ជ័យ និង​ភូមិ​ស្លែងខ្ពស់ ស្ថិតក្នុង​ឃុំ​សានគរ​។

ចំពោះ​ផ្ទះ​រលំ​ទាំងស្រុង​ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មាន​ចំនួន​ ៣ ​ខ្នង និង​រោង​ម៉ាស៊ីន​កែច្នៃ​តុទូ​មាន​ទំហំ​ ១០ ​ម៉ែត្រ គុណ​ ១៥ ​ម៉ែត្រ​ចំនួន​ ១ ​គឺ​រលំ​ខ្ទេច​រាប​ដល់​ដី​តែម្តង​។ ក្នុង​ចំនួន​ ៣ ​ឃុំ​ខាងលើ មាន​ស្ត្រី​ចំនួន​ ២ ​នាក់​រងរបួស​ស្រាល ដោយសារ​ផ្ទះ​រលំ​ត្រូវ និង​ផ្ទះ​ខូចខាត​មធ្យម​មាន​ចំនួន ៤៩ ​ខ្នង​ក្នុង​ចំណោម​ ១០១ ​ខ្នង​ផ្ទះ​។

លោក​បាន​ថ្លែងថា​៖ «​ព្រឹក​មិញ​ (​ថ្ងៃទី​ ៦ ​កក្កដា​) ​ខាង​កាកបាទ​ក្រហម​ខេត្តកំពង់ធំ និង​ខាង​កាកបាទ​ក្រហម​ស្រុក​កំពង់ស្វាយ​ចុះទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដែរ​»​។

បើតាម​លោក កញ្ចនា រយៈពេល​ ២ ​ខែ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​នៅក្នុង​ស្រុក​កំពង់ស្វាយ​បាន​ទទួល​រងគ្រោះ​ទ្រង់ទ្រាយ​ធំ ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​មាន​ចំនួន​ ២ ​លើក​រួចមកហើយ គឺ​នៅក្នុង​ខែមិថុនា​មាន​ផ្ទះ​ប្រមាណ​ជា​ជិត​ ៦០ ​ខ្នង​ ដែល​រងគ្រោះ​រលំ​ផ្ទះ និង​របើក​ដំបូល និង​មាន​ស្លាប់​ស្ត្រី​ម្នាក់​ដែរ​។

ដោយឡែក​លោក លឹម ធាង នាយក​រដ្ឋបាល​សាលាស្រុក កំពង់ស្វាយ​ក៏បាន​ប្រាប់​នៅ​ថ្ងៃទី​ ៦ ​កក្កដា​ដែរ​ថា ករណី​នេះ​គឺ​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ​បាន​ចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​នៅក្នុង​ឃុំ​ទាំង​ ៣ ​នោះ​ហើយ ដើម្បី​ដោះស្រាយ​បន្តទៀត​ ខណៈ​របាយការណ៍​ចំនួន​ផ្ទះ​រងគ្រោះ​មាន​ ១០១ ​ខ្នង​ផ្ទះ​។

លោក​ថា​៖ «​ខាង​មន្ត្រី​ស្រុក​បាន​ចុះ​វាយតម្លៃ​ពី​ទំហំ​នៃ​ការខូចខាត​ផ្ទះថា ​តើ​ធ្ងន់​ប៉ុន្មាន​ភាគរយ និង​មធ្យម​ប៉ុន្មាន​ភាគរយ​»៕