កែបៈ អភិបាលខេត្ត​កែប​បាន​បញ្ជា​ឱ្យ​បណ្តា​រដ្ឋបាល​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​សកម្មភាព​ចុះ​ផ្អាក​អាជីវកម្ម​ផលិត​ស្រា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុង​ភូមិសាស្ត្រ​ទូទាំង​ខេត្ត​ បន្ទាប់ពី​មាន​ករណី​ពលរដ្ឋ​នៅក្នុង​ខេត្តកំពត​ដែល​ជា​ខេត្ត​ជិតខាង​គ្នា បាន​ពុល​ស្រា​ស្លាប់​ជា​បន្តបន្ទាប់​រហូតដល់​ ១២ ​នាក់​។

ក្នុង​លិខិត​ផ្ញើជូន​គ្រប់​អភិបាលស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​ ៦ ខែ កក្កដា ឆ្នាំ​ ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​សរសេរ​ថា ដើម្បី​ចៀសវាង​ការលក់ និង​ចរាចរ​ចែកចាយ​ស្រា​ក្លែងក្លាយ ឬ​ការផលិត​ស្រា ដោយ​មិន​អនុវត្តតាម​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ រដ្ឋបាលខេត្ត​សូម​ឱ្យ​លោក​ប្រធាន​មន្ទីរ និង​លោកស្រី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក​ពិនិត្យ និង​ធ្វើ​ការផ្អាក​អាជីវកម្ម​ផលិត​ស្រា​ទាំងឡាយណា​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ត្រូវ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​សុំ​អនុញ្ញាត​ច្បាប់​ប្រកប​អាជីវកម្ម​។

លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាលខេត្ត​កែប​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ខែកក្កដា​ថា លោក សោម ពិសិដ្ឋ​បានចេញ​លិខិត​នេះ​ឱ្យ​បណ្តា​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​បិទ និង​ពិនិត្យមើល​ទីតាំង​អាជីវកម្ម​ផលិត​ស្រា នៅក្នុង​ខេត្ត​នេះ បន្ទាប់ពី​ខេត្តកំពត​មាន​ករណី​ពលរដ្ឋ​ពុល​ស្រា​ស្លាប់​ជា​បន្តបន្ទាប់​ដែល​ខ្លាច​មាន​ការរាលដាល​ដល់​ខេត្ត​កែប​ទៀត​។

ម្យ៉ាងទៀត ចំពោះ​ការលក់​ស្រា ឬ​គ្រឿង​ស្រវឹង​នេះ​ត្រូវ​បាន​រដ្ឋបាលខេត្ត​ប្រកាស​ឱ្យ​បិទ​យូរណាស់​មកហើយ ព្រោះ​ខ្លាច​ពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​ពិសា​ស្រា ឬ​ស្រាបៀរ ដែល​អាច​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ ដោយឡែក​ចំពោះ​ការចេញ​សេចក្តី​ជូនដំណឹង​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បិទ និង​ពិនិត្យ​នេះ​ក៏​ជា​ការក្រើនរំឭក​បន្ថែមទៀត និង​ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា ។

លោក អ៊ឹង វុទ្ធី​បញ្ជាក់ទៀតថា សម្រាប់​ខេត្ត​កែប​មិន​ដែល​មាន​ករណី​ពលរដ្ឋ​ពុល​ស្រា​ដូច​ខេត្ត​កំពត​ ឬ​ខេត្ត​ផ្សេងៗ​ទេ​ហើយ​កន្លងមក​នេះ អាជ្ញាធរ​ក៏​បាន​ចុះទៅ​ណែនាំ អប់រំ ដល់​ម្ចាស់​អាជីវកម្ម និង​អ្នកលក់ដូរ​ផងដែរ​។ ​«​បច្ចុប្បន្ន​ឯកឧត្តម​អភិបាលខេត្ត​បាន​ឱ្យ​មន្ទីរជំនាញ​សហការ​ជាមួយ​នឹង​ស្រុក ដើម្បី​ចុះ​ស្រាវជ្រាវ និង​ធ្វើ​កំណត់ហេតុ ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ក្រែងលោ​មាន​ករណី​ពុល​ស្រា​នេះ​ដូច​នៅ​ខេត្តកំពត​»​។

បើតាម​លោក អ៊ឹង វុទ្ធី ការផលិត​ស្រាស ឬ​ស្រាថ្នាំ​របស់​ពលរដ្ឋ​មួយចំនួន មិន​មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​នោះទេ​។ ម្យ៉ាងទៀត ពលរដ្ឋ​ចូលចិត្ត​ផឹក​ស្រាស ឬ​ស្រាថ្នាំ​នេះ ដោយសារ​វា​មាន​តម្លៃ​ធូរ​ថ្លៃ និង​ឆាប់​ស្រវឹង​។

ចំពោះ​ករណី​ពុល​ស្រា​នៅក្នុង​កំពត​លោក លន សុខា មេឃុំ​ស្វាយទង​ខាងត្បូង ស្រុក​កំពង់ត្រាច ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី ៦ ខែកក្កដា ពលរដ្ឋ​ដែល​ពុល​ស្រា​នៅក្នុង​មូលដ្ឋាន​របស់លោក​មិនមាន​អ្នកស្លាប់​ថ្មី​បន្តទៀត​នោះទេ ពោល​គឺ​ស្លាប់​តែ​ ១២ ​នាក់​។

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ «​ក.ប.ប» បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ផលិត​ស្រា ត្រូវ​យកចិត្ត​ទុកដាក់ ផលិត​តាម​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការយក​សារធាតុ​ផ្សេងៗ​មក​បន្ថែម ដែល​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ពលរដ្ឋ និង​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​។

ជាមួយ​គ្នា​នេះ​ អគ្គនាយកដ្ឋាន ក.ប.ប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​សុខភាព និង​អាយុជីវិត ត្រូវ​ប្រុងប្រយ័ត្ន និង​កុំ​ជាវ​ស្រាស ឬ​ស្រាថ្នាំ ដែល​គ្មាន​ស្លាក​សញ្ញា និង​គ្មាន​ប្រភព​ត្រឹមត្រូវ ច្បាស់លាស់ យក​មក​ប្រើប្រាស់ ឬ​បរិភោគ​ជាដាច់ខាត ព្រោះ​វា​អាច​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ដូច​ករណី​នៅ​ខេត្តកំពត ខេត្តកណ្តាល និង​ខេត្ត​ផ្សេងទៀត​៕