ភ្នំពេញៈ ក្រុម​ការងារ​ក្រសួង​បរិស្ថាន និង​ក្រុមអ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឯកភាព​កែសម្រួល​ខ្លឹមសារ និង​ការប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រសួង​បរិស្ថាន ហើយ​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ត​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ដែល​នៅ​សេសសល់​។

ការឯកភាព​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ (Zoom) កាលពី​ថ្ងៃទី​ ៥ ខែកក្កដា ដែល​ក្រុមការងារ​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹងថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​បន្ត​ពិនិត្យ ពិភាក្សា និង​កែសម្រួល សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រសួង​បរិស្ថាន និង​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការកែ​សម្រួល​មាត្រា​ ១០ នៃ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។

ក្រសួង​បរិស្ថាន​បន្ត​ថា​៖ «​ជា​លទ្ធផល អង្គប្រជុំ​បាន​ឯកភាព​កែសម្រួល​ខ្លឹមសារ និង​ការប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន ដោយ​បាន​បញ្ចប់​ត្រឹម​ជំពូក​ទី ​៨ មាត្រា​ ៤០ និង​ឯកភាព​រៀបចំ កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ៨ ខែកក្កដា​»​។

អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃទី ៥ ខែ​ កក្កដា ឆ្នាំ ២០១៦ គឺមាន ១៥ ជំពូក និង​ ៤៩ ​មាត្រា ចំណែក​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ចុះ​ថ្ងៃទី​ ៩ ឧសភា ឆ្នាំ​ ២០១៥ គឺមាន​ចំនួន ៦ ​ជំពូក និង​ ១៤ ​មាត្រា​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី ​៦ កក្កដា​ថា នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ផ្ទៃក្នុង​ក្រសួង​បរិស្ថាន និង​កែសម្រួល រចនាសម្ព័ន្ធ​ការងារ​គ្រប់គ្រង និង​តួនាទី​ភារកិច្ច​របស់​អង្គភាព​ក្រោម​ចំណុះ​។

«​ការកែសម្រួល​នេះ គឺ​សំដៅ​បង្កើន​ប្រសិទ្ធភាព​កាន់តែខ្លាំង​របស់​ក្រសួង​ក្នុង​ការបំពេញ​ការងារ​ដោយ​ផ្តោតលើ​កិច្ច​គាំពារ​បរិស្ថាន​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​ការងារ​»៕