សៀមរាបៈ នគរបាល​ស្រុក​ជីក្រែង ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ៦ កក្កដា កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បុរស​សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការចាក់​យុវជន​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួស​កាលពី​យប់​ថ្ងៃទី​ ៥ កក្កដា ស្ថិតនៅ​ភូមិ​ព្រីង ឃុំ-ស្រុក​ជីក្រែង​។

លោក​ តាំង លីហេង អធិការនគរបាល​ស្រុក​ជីក្រែង​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​ ៦ កក្កដា​ថា យុវជន​រងគ្រោះ​ក្នុង​អំពើ​មនុស្សឃាត​នេះ​ឈ្មោះ​ រុន ដូង អាយុ​ ២១ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ រិន លាប ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ​។ រីឯ​ជនបង្ក​ឈ្មោះ​ ជិន វណ្ណា ភេទ​ប្រុស​អាយុ​ ១៨ ​ឆ្នាំ ពួកគេ​ទាំង​ ៣ ​នាក់​រស់នៅ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។

លោក​ប្រាប់ថា​៖ «​រហូតមកដល់​ថ្ងៃនេះ [​ថ្ងៃទី​ ៦ កក្កដា​] យើង​កំពុង​ស្រាវជ្រាវ​តាមចាប់​ជនសង្ស័យ​។ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា ការសម្លាប់​គ្នា​នេះ​ពាក់ព័ន្ធ​នឹង​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​»​។

លោក​អធិការ លីហេង មិនបាន​ប្រាប់​លម្អិត​ពី​ហេតុការណ៍​នោះទេ ដោយ​លោក​លើក​ហេតុផល​ថា ករណីនេះ​កំពុង​ស្ថិតក្នុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​នៅឡើយ​។ ប៉ុន្តែ​បើតាម​មន្ត្រី​នគរបាល​ស្រុក​ជីក្រែង​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ ១ ​រូប​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា រវាង​ជនសង្ស័យ និង​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ជា​អ្នករស់នៅ​ក្នុង​ភូមិ-ឃុំ​ជាមួយ​គ្នា​ហើយ​ក៏​ជា​មនុស្ស​ស្គាល់គ្នា​។

មន្ត្រី​រូបនោះ​បន្តថា លុះ​នៅវេលា​ម៉ោងជាង​ ១០ ​យប់ ថ្ងៃទី​ ៥ កក្កដា គេ​បានឃើញ​ជនសង្ស័យ​ឈរ​ជជែក​គ្នា​ជាមួយ​ក្រុម​ជនរងគ្រោះ​ទាំង​ ២ ​នាក់​។ ក្រោយពី​ជជែក​គ្នា​ប្រមាណ​ជា​ ១០ ​នាទី ស្រាប់តែ​គេ​ឮ​សំឡេង ស្រែក​ខ្លាំងៗ និង​វាយតប់​គ្នា ពេល​នោះ​ដែរ​គេ​ក៏​ឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​។ ដោយសារ​យប់​ងងឹត​អ្នកភូមិ​មិន​ហ៊ាន​ទៅ​ទី​កើតហេតុ​ភ្លាមៗ​ទេ​ហើយ​បាន​រាយការណ៍​បន្តទៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ជីក្រែង​សុំ​អន្តរាគមន៍​។

មន្ត្រីនគរបាល​ដដែល​បន្តថា​៖ «​ពលរដ្ឋ​យើង​គាត់​ចេះ​រាយការណ៍​ប្រាប់​ប៉ូលិស​យើង​ទាន់ពេល​ដែរ តែ​ជនសង្ស័យ​គេ​ដឹងខ្លួន​ក៏​រត់គេចខ្លួន​មុន​សមត្ថកិច្ច​ទៅដល់​»​។

លោក​ថា​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ដល់​ទីតាំង កើតហេតុ​ពិនិត្យឃើញ​ថា​ជនរងគ្រោះ​ត្រូវបាន ជនល្មើស​ចាក់​ត្រូវ​ ១ ​កាំបិត​ចំ​ចុងដង្ហើម និង​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ជនរងគ្រោះ​ម្នាក់ទៀត​ជនល្មើស​ចាក់​ត្រូវ​ដងខ្លួន​របួសធ្ងន់ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដូចគ្នា​៕