កំពតៈ នគរបាល​ស្រុក​កំពង់ត្រាច កំពុង​តាម​ចាប់​បុរស​ចំណាស់​ម្នាក់ ដែល​បាន​​​រត់គេច​ខ្លួន​​កាលពី​ថ្ងៃទី ២​ ខែ​កក្កដា ពាក់ព័ន្ធករណី​ចាប់​​រំលោភ​ក្មេងស្រី​ម្នាក់​អាយុ១៣ឆ្នាំ​ ​​ធ្វើ​ឱ្យ​មាន​ផ្ទៃ​ពោះ នៅ​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។

លោក ​ចែម ពិសី អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៧ កក្កដា​ថា ជនសង្ស័យ​ឈ្មោះ ង៉ែត យ​ន អាយុ ៥៣ ឆ្នាំ ។

រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម.ថ អាយុ ១៣ ឆ្នាំ ដែល​ទាំង​ជនល្មើស និង​ក្មេងរងគ្រោះ ​រស់នៅក្នុង​ឃុំ ព្រែក​ក្រឹស ស្រុកកំពង់ត្រាច ជាមួយគ្នា។

លោក​បញ្ជាក់ថា៖ «ករណីនេះ​ ខាង​សមត្ថកិច្ច​របស់ខ្ញុំ​ កំ​​ពុង​តាម​ចាប់​ព្រោះ​យើង​ស្គាល់​អត្តសញ្ញាណ​ជនល្មើស​ហើយ។ ទោះ​គាត់​គេច​ដល់​ទីណា​ ក៏​មិនយូរ​មិនឆាប់​ទេ​ នឹង​ជាប់​សំណាញ់​ច្បាប់​មិន​ខាន»។

លោក ពិសី បាន​ប្រាប់​​ឱ្យ​ដឹង ដោយយោង​តាម​សម្តី​ម្តាយ​ក្មេងរងគ្រោះ​ថា រយៈពេល​ប៉ុន្មាន​ខែ​មុន ​ក្នុង​ឆ្នាំ ២០២១ ម្តាយ​ក្មេងរងគ្រោះ ​បានឱ្យ​នាង​ទៅ​ដេក​កំដរ​មើលថែ​យាយ (ខាង​ម្តាយ) នៅក្នុង​ភូមិ​មួយទៀត ​តែ​ស្ថិតក្នុង​ឃុំ​ព្រែក​ក្រឹស​ជាមួយគ្នា។

ក្រោយមក​ស្ត្រី​ជា​ម្តាយ ​ក៏​យក​កូន(ក្មេងរងគ្រោះ)មក​ផ្ទះ​វិញ។ លោក​បន្តថា ពេល​រស់នៅ​​ជាមួយ​ម្តាយ​គឺ​នាង​ចេះតែមាន​អា​ការៈខុស​ប្រក្រតី និង​ពោះ​មាន​លក្ខណៈ​ធំ​ខុសធម្មតា។

ក្នុង​ថ្ងៃទី ២ ខែ កក្កដា ​ឆ្នាំ ២០២១ ស្ត្រី​ជា​ម្តាយ​ ក៏​យក​ក្មេងរងគ្រោះ ​ទៅពិនិត្យ​នៅ​មណ្ឌល​សុខភាព​ ឃុំ​ព្រែក​ក្រឹស​តែ​មិន​អស់ចិត្ត​ ក៏​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​ខេត្តកំពត​ទៀត។

លទ្ធផល​បង្ហាញថា​ ក្មេង​រងគ្រោះ​មាន​ផ្ទៃពោះ ប៉ុន្តែ​លោក​មិន​ចាំ​ថា​ ប៉ុន្មាន​ខែ​​នោះ​ទេ។

លោក​បន្តទៀតថា ស្ត្រី​ជា​ម្តាយ​ បាន​ជជីក​សួរ​កូន (ក្មេងរងគ្រោះ) ប្រាប់ថា តា​ឈ្មោះ ង៉ែត យ​ន បាន​ចាប់​នាង​រំលោភ​ក្នុងព្រៃ ​តែ​គាត់​ហាម​មិនឱ្យ​នាង​និយាយប្រាប់​អ្នកណា​ទេ ហើយ​បើ​រឿងនេះ​ដឹង​ដល់​គេ​គាត់ ​(ជន​សង្ស័យ) នឹង​សម្លាប់​ចោល។

លោក​បញ្ជាក់ថា ក្រោយ​ស្ត្រី​ជា​ម្តាយ​ដឹង​ហេតុការណ៍ និង​ដឹង​ពី​ទង្វើ​អាក្រក់​របស់​ជនសង្ស័យ​មក ​ក៏​នាំ​កូន​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ព្រៃ​ក​ក្រឹស ប៉ុន្តែ​ដោយ​ជនសង្ស័យ​ដឹងខ្លួន​មុន ​ក៏​នាំ​ប្រពន្ធ​កូន​គេចខ្លួនបាត់​ នៅ​​​ថ្ងៃទី២​ខែ​កក្កដា ដោយសារ​ជនសង្ស័យ​ដឹងថា​ រឿងនេះ​បាន​បែកការ​ណ៍​ហើយ​នោះ៕