ឧត្ដរមាន​ជ័យៈមន្ត្រី​ជំនាញ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ ​បាន​ស្តា​រពើក​ និង​ ដី​កាប់​ឆ្ការ​ត្រួស​ត្រាយព្រៃ​សម្អាត​ស្រះ​ទឹក​បុរាណ​មួយដែលជា​កេរដំណែល​បន្សល់ទុក​តាំងពី​សម័យ​អង្គរ នៅក្នុង​​ភូមិ​ក្ទម្ព សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ដើ​ម្បីលើក​តម្កើង​​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល១​ខែ ក្រោ​ម​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កិច្ច​សហប្រ​តិបត្តិការ​អាល្លឺម៉​ង់ (GIZ)។

កាល​ពី​ថ្ងៃទី៥​ ខែកក្កដា ​លោក​ហុង​ យឿន ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធបាន​រៀបចំ​ពិធី​សែន​ព្រេន​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដីអា​រក្ខ​ អារក្ស​ អ្នក​តា​ថែរក្សា​ប្រា​សាទ​ល្បើក(ល្បើក​ស្មោ​ច)និង​ស្រះ​បុរាណ​នៅក្នុង​ភូមិស្រាស្ត្រ​ខាង​លើនេះ​។ពិធី​នេះគឺ​ដើម្បី​សុំ​កាប់ឆ្ការ​ត្រួស​ត្រាយព្រៃ និង ​ស្តា​រពើក​សម្អាត​បរិវេណ​ស្រះ​ក្នុងន័យ​បង្កើន​សោភណ​ភាព​និង​លើក​តម្កើង​នូវ​ស្នាដៃ​របស់​បុព្វ​បុរស​ខ្មែរ ដែល​បាន​បន្សល់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​សិក្សា​ស្វែង​យល់​ពី​កេរ​ដំណែល​ទាំងនោះ។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ​បាន​ឲ្យ​ដឹង​ថា ស្រះ​បុរាណ​នេះគឺមាន​ទំហំ​ ៤៥០ម​ x ២៨០ម គិត​ទាំង​ទំនប់​ព័ទ្ធ​ជុំវិញ ហើយ​​តាម​គម្រោង មន្ត្រី​ជំនាញ​នឹងស្តា​រពើកនិង​ដី​កាប់ឆ្ការ​ត្រួស​ត្រាយ​ព្រៃ​សម្អាត​ស្រះ​ទឹក​បុរាណ រយៈ​ពេល​ ១ខែ។

ទំព័រ​ហ្វេ​ស​ប៊ុក​ដដែល​បាន​បញ្ជាក់​ថា​«តាមរយៈ​ការស្រាវជ្រាវ​របស់​មន្ត្រី​បុរាណវិទ្យា​នៃ​មន្ទីរ​វប្បធម៌ ​និង ​វិចិត្រ​សិល្បៈ​ខេត្ត​បាន​បញ្ជាក់​ថា ស្រះ​នេះ​កសាង​ឡើង​នៅ​សម័យ​អង្គរ​អំឡុង​ប្រហែល​ពាក់​កណ្តាល ​សតវត្ស​ទី ១។ បើ​យើង​ស​រសេ​រថា​ស្តារ​ស្រះ ​អ្នកអា​ន​អាច​យល់​ច្រ​ឡំថា​​ យើង​​កាយ​ដីឬ​បារ​ដី​ចេញពី​ស្រះ។ តែ​នេះ​គម្រោង​យើង​ស្តារ​យកតែ​ពើក និង​ស្មៅ​រុក្ខជាតិ​ដែល​ដុះ​នៅ​ខាងក្នុង​ស្រះ និង​កាប់​ត្រួសត្រាយ​ព្រៃ​ដុប ជុំវិញ​តែ​ប៉ុណ្ណោះ»​។

លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៧ កក្កដា​ថា ការ​កាប់​ឆ្ការ​ត្រួស​ត្រាយ​ព្រៃ និង ​ស្តា​រពើក​សម្អាត​បរិវេណ​បុរាណ​ដ្ឋា​ន​នេះ គឺ​បានទ​ទួល​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋ​បាល​ខេត្ត​ ឧ​ត្ត​រ​មាន​ជ័យ​ ក្រោម​ជំនួយ​ពី“​កិច្ចស​ហប្រតិ​បត្តិការ​អាល្លឺ​ម៉ង់ (GIZ) តាម​រយៈ​រដ្ឋ​បាល​ខេត្ត​ ឧ​ត្តរ​មានជ័យ។

លោក​បាន​បន្តថា​៖«គម្រោង​នេះ គឺ​ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​ដំណាក់កា​ល​ទី៤ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ លើ​គម្រោង “ស្តារ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​មាតុភូ​មិនិវត្តន៍​ពី​ប្រទេស​ថៃ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​វិបត្តិ​កូ​វីដ១៩” ដែល​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ»។

លោក លន់​ ណុ​ច ចៅសង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៧ កក្កដា​ថា តំបន់​នៃ​ស្រះ​នេះ គឺមាន​ទាំង​ប្រាសាទ​បុរាណដែល​វាបាន​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ដ៏​ពេញ​និយម​របស់​ពលរដ្ឋ​នៅក្នុង​តំបន់​ដោយ​ពួកគា​ត់​តែង​មក​ទ​ស្សនា​ជាប្រចាំ​។

លោក​បន្តថា ការស្តារ​ស្រះ អា​ចជា​ការលើកតម្លៃ សោ​​ភណភា​ព និង​ជាការ​រក្សា​ទ្រង់​ទ្រាយ​ស្រះ​ឲ្យ​នៅ​ដដែល ​ស្រប​ពេល​ដែល​ស្រះ​នេះ មិន​ធ្លាប់​មាន​ការស្តា​រជាថ្មី​ម្តង​ណា​ឡើយ​។

លោក​បាន​បញ្ជាក់​ថា៖​«នេះ​ជា​បេតិក​ភណ្ឌ​មួយ​ដែល​មាន​នៅក្នុង​ខេត្ត ហើយ​ឃើញ​ថា ជា​របស់​បុរាណ ដែល​ប្រជា​ពលរដ្ឋ​ គាត់ទទួល​ស្គាល់ តាំងពី​ណា​ពី​ណី​មក…»​៕