កំពតៈ ប្រជាពលរដ្ឋ​ដែល​ពុល​ស្រា​ជិត​ ៣០​ នាក់​ ស្ថិតនៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​ត្រឡប់​មកកាន់​លំនៅឋាន​វិញ​ហើយ​ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ ខណៈ​អ្នកលក់​ស្រាស និង​ស្រាថ្នាំ​ចំនួន ៦ នាក់ ​ត្រូវបានធ្វើ​កិច្ចសន្យា បន្ទាប់​ពីមាន​ករណី​ពុល​ស្រា​ស្លាប់​ចំនួន ​១២ ​នាក់​។

លោក ថា គង់ មេ​ប៉ុស្តិ៍ ឃុំ​ស្វាយ​ទង​ខាងត្បូង ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៧ ខែកក្កដាថា អាជ្ញាធរ​បានឱ្យ​អ្នកលក់​ស្រាស និង​ស្រាថ្នាំ ទាំងអស់​ផ្អាក​ការលក់ និង​ធ្វើ​កិច្ចសន្យា​ចំនួន ៦ នាក់ ។ ប៉ុន្តែ​សម្រាប់​អ្នក​ផលិត​វិញ លោក មិន​បានដឹង​នោះទេ ព្រោះ​ស្ថិ​ត​​នៅ​មូលដ្ឋាន​ឃុំ​ផ្សេង។

លោក ថា គង់ ​ថ្លែងថា៖ «យើង​បានធ្វើ​កិច្ចសន្យា ដោយមាន​ការថតរូប​ទុក និង​មាន​អាជ្ញាធរ​រួមមាន​ជាមួយ​មេឃុំ ដឹងលឺ និង​ណែនាំ​ពួកគាត់​បាន​ត្រឹ​មត្រូវ។ បើ​មាន​លក់​ទៀត យើងខ្ញុំ​សុំ​យោបល់​ថ្នាក់លើ​ដកហូត និង​មាន​វិធានការ​ជាក់ស្តែង»។

ទោះជា​យ៉ាង​លោក ថា គង់ បញ្ជាក់​ថា នៅ​ក្នង​មូលដ្ឋាន​ឃុំ​របស់លោក មិនមាន​ទីតាំង​លក់​ស្រាស ឬ​ស្រាថ្នាំ​នេះច្រើន​នោះទេ ហើយ​កន្លែង​ដែលមាន​ពលរដ្ឋ​ស្លាប់​នោះ​ គឺ​នៅ​ឆ្ងាយ ហើយ​អាជ្ញាធរ​មិនបាន​ចុះទៅ​ពិនិត្យមើល​សព្វគ្រប់ ដោយ​ពួកគាត់​បាន​នាំយក​ស្រា​ពី​ទីតាំង​ផ្សេង​មក​ពិសារបានធ្វើ​ឱ្យមាន​ករណី​ពុល​កើតឡើង ។

បើតាម​លោក ថា គង់ សម្រាប់​អ្នកលក់​នៅក្នុង​មូលដ្ឋាន​របស់លោក បានធ្វើ​កិច្ចសន្យា​ម្តង​រួចហើយ ចាប់តាំងពី​មាន​ករណី​ពលរដ្ឋ​ពុល​ស្រា​ស្លាប់ និង​សង្គ្រោះបន្ទាន់​នៅ​ឃុំ​ផ្សេង។ ក្រៅ​អំពី​អ្នកស្លាប់ ចំពោះ​ករណី​ពលរដ្ឋ​នៅក្នុង​ឃុំ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពុល​ស្រា​ជិត ៣០ នាក់ បាន​ត្រឡប់​មកកាន់​ផ្ទះ​​វិញ​ហើយ។

លោក លន សុខា មេឃុំស្វាយ​ទង​ខាងត្បូងឱ្យដឹង​ដែរ​ថា គិត​ត្រឹម​​ថ្ងៃទី ៧ ខែកក្កដា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​របស់លោកមិនមាន​ករណី​ស្លាប់​ទៀត​នោះទេ ខណៈ​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏បាន​​វិល​ត្រឡប់​មកកាន់​ទីលំនៅ​ឋាន​របស់ខ្លួន​វិញ​អស់ហើយ​ដែរ។

បើតាមលោក លន សុខា ករណី​ពលរដ្ឋ​ពុល​ស្រា​ស្ថិតនៅ​ភូមិ​កោះ​ឈ្វាំង ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត បានកើត​ឡើង ចាប់តាំងពី​យប់​ថ្ងៃទី ២ និង​ស្លាប់​ជាបន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី ៣ ខែកក្កដា មាន​ ១២ នាក់ និង​​អ្នក​ផ្សេងទៀត​ត្រូវបាន​ក្រុមគ្រូពេទ្យ​សង្គ្រោះ​ជីវិត​បាន​ទាន់ពេល។

បន្ទាប់ពី​មាន​ករណី​ពុល​ស្រា​ក្នុងចំណោម​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ជា​បន្តបន្ទាប់ លោក ជាវ តា​យ អភិបាល​ខេត្តកំពត​ កាលពី​ថ្ងៃទី ៥ ខែកក្កដា បានចេញ​សេចក្តីប្រកាស​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្អាក​អាជីវកម្ម​ផលិត​ស្រា ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​ទូទាំង​ខេត្ត៕