ភ្នំពេញៈ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង​កើតហេតុ​ ខណៈ​ក្មេង​ប្រុស​ម្នាក់ទៀត​រង​របួស​ដាច់​ម្រាមដៃ​ឆ្វេង ២​ និង​ត្រូវ​របួស​ក្បាល​តិច​តួច​ដោយសារ​រថភ្លើង​កិន​ នៅពេល​ពួក​គេ​កំពុង​ដេក​លក់​នៅ​លើ​ផ្លូវ​រថភ្លើង​កាលពី​វេលា​ម៉ោង ៤​ ទៀប​ភ្លឺ​ ថ្ងៃទី ៧ ​កក្កដា​នេះ​ នៅ​ខាង​កើត​ផ្លូវ​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង​ ចម្ងាយ​ប្រមាណ ​១៥០ ​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​បំ​ណ​ក់​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។​

​លោក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅថ្ងៃនេះ​ថា​ តាម​ការ​បញ្ជាក់​ពី​ភ្នាក់ងារ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ​ ដែល​មាន​រថភ្លើង​ឆ្លងកាត់​ គឺនៅ​វេលា​ម៉ោង​ ៤​ ទៀប​ភ្លឺ ​ថ្ងៃ​ទី ៧​ ខែកក្កដា ​មាន​រថភ្លើង​ ១ ខ្សែ​ បាន​ធ្វើ​ចរាចរណ៍​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត។ ​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ទទួល​ដំណឹង​ថា​ មាន​មនុស្ស​ត្រូវ​រថភ្លើង​កិន​ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ ​និង​ក្មេង​ប្រុស​ម្នាក់​របួស។

​លោក​អធិការ​បានឲ្យ​ដឹង​ទៀត​ថា ​សមត្ថកិច្ច​ជំនាញ​បានទៅ​ដល់​កន្លែង​កើតហេតុ ​ហើយ​ធ្វើ​ការពិនិត្យ​ច្បាស់​លាស់​ឃើញថា​ ជន​រង​គ្រោះ​ត្រូវ​បាន​រថភ្លើង​កិន​ប្រាកដ​មែន​។ ក្នុង​ករណី​គ្រោះថ្នាក់​នេះ ​មាន​ជន​រង​គ្រោះ​ម្នាក់​ភេទ​ស្រី​បាន​ដេក​កើយ​លើ​ផ្លូវ​រថភ្លើង​ត្រូវ​បាន​រថភ្លើង​កិន​ចំ​ក​និង​ក្បាល។​ ចំណែកឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ភេទ​ប្រុស​ ត្រូវ​រថភ្លើង​កិន​បណ្តាល​ឲ្យ​រង​របួស​ដាច់​ម្រាមដៃ​ខាង​ឆ្វេង ​២ ម្រាម ​និង​របួស​ក្បាល​តិច​តួច។​

លោក​ថ្លែងថា​៖ «តាម​ការឲ្យ​ដឹង​ពី​សាច់​ញាតិ​របស់​ក្មេងៗ​២នាក់​បងប្អូន​ហ្នឹងគេ​ថា ​ឲ្យតែ​ម៉ោង ​៣ ​ម៉ោង ៤​ ២ នាក់​គ្នា​វា​ហ្នឹង​ គឺ​ចេញ​ដើរ​ទៅ​រក​រើស​អេត​ចាយ​ហើយ។ ដល់​ពេល​វា​ដើរៗ​ទៅ​ទំនង​ជាអត់​ងងុយ​ផង​ អី​ផង​ក៏​ដេក​លេង ​ហើយ​ក៏​លក់​ទៅ។ ​រាល់​ដង​អាងតែ​មិន​អី ​ក៏​ចេះ​តែ​ដេក​ទៅ ​តែ​ដល់​ថ្ងៃ​ហ្នឹង​ រថភ្លើង​មកក៏​កិន​បណ្តោយ​ទៅ។ ករណី​ហ្នឹង​យើង​បានស្រាវ​ជ្រាវ​ច្បាស់​លាស់​អស់​ហើយ ​មិនមែន​ជាករណី​អី​ផ្សេង​ពី​រថភ្លើង​កិន​នោះ​ទេ»។

​បើ​តាម​លោក​អធិការ ​ជន​រង​គ្រោះ​ទាំង​ ២ នាក់​ ម្នាក់​មាន​ឈ្មោះ​ ញ៉ាញ់​ អិត​ ភេទ​ស្រី​ អាយុ​ ១៣ ​ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំណែក​ម្នាក់​ទៀត ​ឈ្មោះ​ញ៉ាញ់​ ញៀន​ ភេទ​ប្រុស​អាយុ​ ៨ ​ឆ្នាំ​ រង​របួស​ដាច់​ម្រាមដៃ​ខាង​ឆ្វេង​២ម្រាម ​និង​រង​របួស​ក្បាល​ ត្រូវបាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មណ្ឌ​ល​សុខភាព​ឈើ​តុំ។ ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ​មាន​ទីលំ​នៅ​ភូមិ​ចាម​ចាស់​ ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់។​

លោក​ ឯម​ រុន ​បញ្ជាក់ថា ​នៅ​វេលា​ម៉ោង ​១០ ព្រឹក​ថ្ងៃទី ៧ ​ខែកក្កដា ​សព​ក្មេងៗ​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ​ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

លោក​ថ្លែងថា​៖ «រឿង​ហេតុកើត​ឡើង​នៅពេល​ងងឹត។ ខ្ញុំ​បាន​ដឹង​រឿង​នៅ​ម៉ោង​៦ភ្លឺ​ទៅ​ហើយ ​ទម្រាំ​ចុះ​មក​ពិនិត្យ​មើល​លិច​កើត ​ម៉ោង​ ១០ ជាង​បាន​របាយការណ៍​ពិតប្រាកដ ​រាយ​ការណ៍​ទៅ​ថ្នាក់លើ​អី​ហើយ​អស់​ ទើប​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ»៕