ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បានឱ្យដឹងថា ដោយមាន​តម្រូវការ​នូវ​ឧបករណ៍​តេស្ត​អង់ទីហ្សែន​កូវីដ​ ១៩ ពី​បណ្តា​ក្រុមហ៊ុន​ និង​ស្ថាប័ន​ជាច្រើន​បន្តបន្ទាប់ ក្រសួង​បាន​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ប្រមាណ​ជា​ ៨០ ​ម៉ឺន​តេស្ត​បន្ថែមទៀត សម្រាប់​ផ្គត់ផ្គង់​នូវ​តម្រូវការ​នេះ​។

លោក ម៉ុក រ៉ាឌី អគ្គនាយក​នៃ​អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​លើកឡើង​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា ថា គិត​ត្រឹម​ថ្ងៃទី​ ៦ ខែ​កក្កដា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ធ្វើការ​សម្របសម្រួល​ទៅលើ​ការចែកចាយ​បន្ត​នូវ​ឧបករណ៍​តេស្ត​រហ័ស ដោយ​ក្រសួង​បាន​ទទួល​ការបញ្ជាទិញ​ចំនួន ១ ៤០៥ ​សំណើ ដែល​គិត​ជា​បរិមាណ​បញ្ជា​ទិញ​ប្រមាណ​ជា​ ៤០ ​ម៉ឺន​ឧបករណ៍​តេស្ត​។

លោក​ថា ក្នុង​រយៈពេល​ ៥ ​ថ្ងៃ​កន្លងមក​នេះដែរ មាន​ឧបករណ៍​ចំនួន​ប្រមាណ​ជា​ ១០៥ ០០០ តេស្ត ​ត្រូវបាន​លក់​ជូន​ក្រុមហ៊ុន ស្ថាប័ន​ដែល​បាន​ដាក់សំណើ​ទិញ​រួចរាល់​ហើយ​ផងដែរ​។

លោក រ៉ាឌី ថ្លែងថា​៖ «​បើតាម​សម្ទុះ​នៃ​តម្រូវការ ហើយ​តាម​ការព្យាករ​ក្នុង​រយៈពេល​ ១ ​ទៅ​ ២ ​សប្តាហ៍​ខាងមុខ​ទៀត​នេះ យ៉ាងតិច​ក៏ត្រូវ​ការឧបករណ៍​តេស្ត​ប្រមាណ​ជា​ ៨០ ​ម៉ឺន​តេស្ត​ដែរ ដែល​យើង​ត្រូវ​ធ្វើការ​បម្រុង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ក្រសួង ស្ថាប័ន​ផ្សេងៗ​ដែល​បានដាក់​សំណើ​មក​ក្រសួង​»​។

លោក រ៉ាឌី ថ្លែងថា ជា​មធ្យម​ក្នុង​ ១ ​ថ្ងៃ​មាន​ប្រមាណ​ជាជាង​ ១០០ ​ក្រុមហ៊ុន​ និង​ស្ថាប័ន​បាន​មកដល់​ក្រសួង​ផ្ទាល់​ ដើម្បី​ធ្វើការ​ស្នើ​ទិញ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្សែន​កូវីដ​ ១៩ ​នេះ​។ ក្នុង​ ១ ​សប្តាហ៍ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ទទួល​ទំនិញ​ពី​រោងចក្រ​ផលិត​ឧបករណ៍​តេស្ត​រហ័ស​នេះ ចំនួន​ ២ ​ដង គឺ​រៀងរាល់ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​តែ​រោងចក្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ផលិត​ឧបករណ៍​នេះ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​របស់​កម្ពុជា​បានសម្រេច​ឱ្យប្រើប្រាស់​ឧបករណ៍​នេះ ហើយ​អង្គការ​ស្ថាប័ន​ធំៗ​លើ​ពិភពលោក ដូចជា​អង្គការ​សុខភាព​ពិភពលោក​ក៏​ទទួលស្គាល់​ឧបករណ៍​តេស្ត​នេះ​ផងដែរ​។

លោក រ៉ាឌី បានឱ្យដឹង​ចំនួន​នៃ​សំណើ​ទិញ​ទៅកាន់​រោងចក្រ​ផ្ទាល់​មាន​ជាង​ ១០០ ​ប្រទេស​បាន​សម្រុក​បញ្ជា​ទិញ ដែល​ធ្វើឱ្យ​បរិមាណ​នៃ​ការទទួលបាន​គឺ​មិនទាន់​ឆ្លើយតប​ទាន់​នឹង​តម្រូវការ​បាន​ ១០០% ​ទេ​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅតាម​ក្រុមគ្រួសារ​នានា​ក៏​មាន​ការដាក់​សំណើ​ទិញ​ឧបករណ៍​តេស្ត​ច្រើន​ដែរ ប៉ុន្តែ​ជាគោលការណ៍ ក្រសួង​ផ្តល់​អាទិភាព​ទៅដល់​ក្រុមហ៊ុន ស្ថាប័ន​ដែលមាន​បុគ្គលិក​ច្រើន​ហើយ​កំពុង​តែមាន​ហានិភ័យ ដូចនេះ​នៅតាម​គ្រួសារ គឺ​នឹងធ្វើ​ការដោះស្រាយ​តាម​ក្រោយ​ជា​បន្តបន្ទាប់​ទៀត​។

បើតាម​គម្រោង ក្រសួង​នឹង​នាំចូល​តេស្ត​នេះ​ក្នុង​រង្វង់​ចំនួន​ ៣០ ​ម៉ឺន​ឧបករណ៍​តេស្ត​ក្នុង ១ ​សប្តាហ៍ ហើយ​កន្លងមក​នេះ​មាន​ចំនួន​ ៣០ ​ម៉ឺន​ឧបករណ៍​តេស្ត​រួចហើយ​ដែល​ក្រសួង​ទទួល​បាន ហើយ​ក៏​នឹងមាន​ការដឹក​មកជា​បន្ត​តាម​លំដាប់លំដោយ​ផងដែរ​។

ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ពី​ការប្រើប្រាស់​ឧបករណ៍​តេស្ត​នេះ លោក ម៉ុក រ៉ាឌី បាន​លើកឡើង​ថា ក្រសួង​បាន​បង្កើត​ក្រុមការងារ​ក្នុង​ការគាំទ្រ​ការងារ​នេះ​រហូតដល់​ចំនួន​ ៦ ​ក្រុម​ដែល​ចាប់ពី​ក្រុម​ផ្តល់ព័ត៌មាន ក្រុម​ទទួល​សំណើ​បញ្ជា​ទិញ ក្រុម​អនុម័ត​សំណើ ក្រុម​ទទួល​ដោះស្រាយ​ករណី​បន្ទាន់ និង​អ្នកយក​អីវ៉ាន់​ទៅដល់​កន្លែង​ផ្ទាល់​ផងដែរ​។

លោក ម៉ុក រ៉ាឌី បាន​ប្រាប់ទៀតថា​៖ «​បន្ថែម​ពីលើ​នេះ យើង​ក៏មាន​ក្រុម​ការងារ​មួយទៀត​ ដើម្បី​ផ្តល់ព័ត៌មាន​ក៏ដូចជា​បណ្តុះបណ្តាល​ពួកគាត់​ក្នុង​ការប្រើប្រាស់​ដោយ​សហការ​ជាមួយ​នឹង​អនុគណៈ​កម្មការ​ទទួល​បន្ទុក​កិច្ចការងារ​បណ្តុះបណ្តាល​ដែល​ស្ថិតក្រោម​ឆត្រ​របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩»​។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏បាន​សហការ​ជាមួយ​នឹង​ក្រសួង​សុខាភិបាល​ក្នុងការ​ផលិត​ចេញ​នូវ​វីដេអូ​អប់រំ​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​តេស្ត​នេះដែរ​។ មាន​ក្រុមហ៊ុន ស្ថាប័ន​មួយចំនួន​ក៏ត្រូវ​បាន​ក្រសួង​សហការ​ជួយ​បណ្តុះបណ្តាល​ជូន​ពួកគាត់​ដោយ​ធ្វើតាម​អនឡាញ និង​ផ្ទាល់ ប៉ុន្តែ​មាន​ក្រុមហ៊ុន ស្ថាប័ន​ដែលមាន​បុគ្គលិក​ច្រើន​គឺ​មិនត្រូវ​ការ​ការបណ្តុះបណ្តាល​ទេ​គឺ​ត្រូវការ​តែ​ឧបករណ៍​តេស្ត​ ដោយសារ​មាន​បុគ្គលិក​ និង​មន្ត្រី​សុខាភិបាល​របស់​ក្រុមហ៊ុន​ស្ថាប័ន​របស់​ពួកគាត់​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់លោក ម៉ុក រ៉ាឌី​។

លោក ជឹម តុលា តំណាង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​លោក​បាន​ដាក់សំណើ​ទិញ​ចំនួន​ ១០០ ​តេស្ត​សម្រាប់​ប្រើប្រាស់​នៅក្នុង​ក្រុមហ៊ុន​របស់​លោក ដែល​នេះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន​ផ្ទាល់ បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩ ​នេះ​មាន​ការរីករាលដាល​ខ្លាំង​ក្នុងប្រទេស​កម្ពុជា ដែល​តម្រូវ​ឱ្យ​មាន​ការការពារ​ខ្លាំង​មែនទែន​។

លោក​បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន​ខ្ញុំ​មាន​អគារ​សម្រាប់​បុគ្គលិក​ស្នាក់នៅ ប៉ុន្តែ​តាម​គោលការណ៍​ខាង​ក្រុមហ៊ុន គឺ​តម្រូវឱ្យ​បុគ្គលិក​ណា​ដែល​ចេញ​ក្រៅ​សួរសុខទុក្ខ​ក្រុមគ្រួសារ ឬ​ញុំា​អី​ខាងក្រៅ ឬ​មាន​ការធ្វើ​ដំណើរ​ឆ្លងខេត្ត គឺ​ក្រុមហ៊ុន​ត្រូវឱ្យ​គាត់​ពិនិត្យ​សំណាក​ នៅពេល​ដែល​គាត់​ចូល​មក​ក្នុង​អគារ​របស់​ក្រុមហ៊ុន​»​។

លោក ជឹម តុលា បាន​បន្ថែមថា នៅពេល​ដែល​បុគ្គលិក​នោះ​ពិនិត្យ​សំណាក​រួចរាល់​ហើយ ក៏​តម្រូវ​ឱ្យ​ធ្វើការ​សម្រាក​ក្នុង​បន្ទប់​ ដើម្បី​តាមដាន​សុខភាព​ចំនួន​ ៧ ​ទៅ​ ១៤ ​ថ្ងៃ​ទៀត​ដែរ ទើប​អនុញ្ញាត​ឱ្យ​ចូលធ្វើការ​វិញ​។

គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​ ១ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ឱ្យមាន​ការប្រើប្រាស់​តេស្ត​រហ័ស រក​កូវីដ​ ១៩ ​នេះ​នៅតាម​ក្រុមហ៊ុន ស្ថាប័ន​ដែលមាន​បុគ្គលិក​ច្រើន ដើម្បី​បង្ការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ទាន់ពេលវេលា​៕

វីដេអូ៖