ភ្នំពេញៈ ក្នុង​ឆមាស​ទី​ ១ ដើមឆ្នាំ​ ២០២១ ​នេះ គ្រោះមហន្តរាយ​ពី​ធម្មជាតិ ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ រួមទាំង​គ្រោះអគ្គិភ័យ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ ២០០ ​នាក់​បាន​ស្លាប់ និង​រងរបួស ព្រមទាំង​បង្ក​ការប៉ះពាល់​ និង​ខូចខាត​លំនៅឋាន​ពលរដ្ឋ​អស់​ជាច្រើន​ពាន់​ខ្នង​។ នេះ​បើតាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

យោងតាម​តារាង​ទិន្នន័យ​ផលប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២១ ចុះ​ថ្ងៃទី ​២៩ ​ខែ​ មិថុនា ​ឆ្នាំ​ ២០២១ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បង្ហាញថា គ្រោះមហន្តរាយ​ពី​ធម្មជាតិ​ដែល​បង្កឡើង​ពី​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ ៥ ​នាក់​ស្លាប់ និង​ ៥៦ ​នាក់​ទៀត​រងរបួស ព្រមទាំង​បង្ក​ការខូចខាត និង​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​សរុប​ ៥ ១៦៥ ​ខ្នង​ក្នុងនោះ​ ៦០០ ​ខ្នង​រង​ការដួលរលំ​ខូចខាត​ទាំងស្រុង​ និង​ ៤ ៥៦៥ ​ខ្នង​ទៀត​បាន​រង​ការខូចខាត​មធ្យម ដោយបាន​របើក​ដំបូល​។ ក្រៅពីនេះ​ក៏បាន​បង្ក​ការខូចខាត​សាលារៀន​ ៣១ ​ខ្នង អគារ​រដ្ឋបាល​សាធារណៈ​ ១៧ ​កន្លែង និង​តូបលក់ដូរ​ចំនួន​ ១០០ ​តូប​ផងដែរ​។

តាមរយៈ​តារាង​ទិន្នន័យ​នោះ «​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ និង​រងរបួស​ច្រើនជាងគេ ដោយសារ​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់កន្ត្រាក់​ក្នុង​ឆមាស​ទី​ ១ ​ឆ្នាំ​ ២០២១ ​នេះ គឺ​ខេត្តសៀមរាប បន្ទាប់មក​គឺ​បន្ទាយមានជ័យ​បាត់ដំបង​កំពង់ធំ ត្បូង​ឃុំ និង​ខេត្តស្ទឹងត្រែង​»​។

ចំណែក​គ្រោះធម្មជាតិ ដែល​បង្កឡើង​ដោយ​បាតុភូត​រន្ទះបាញ់​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​ចំនួន​ ៥៩ ​នាក់​ស្លាប់​ និង​ ៤៤ ​នាក់​ទៀត​រងរបួស​។ ក្រៅពីនេះ​ក៏បាន​បង្ក​ឱ្យ​គោក្របី​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៣២ ​ក្បាល​ងាប់​ផងដែរ និង​បាន​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៥ ​ខ្នង​។

ទិន្នន័យ​ដដែល​ក៏បាន​បង្ហាញ​ឱ្យដឹង​ផងដែរ​ថា​ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០២១ ​នេះ​គ្រោះ​អគ្គិភ័យ​បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ១៤ ​នាក់​ស្លាប់ និង​ ២៩ ​នាក់​ទៀត​រងរបួស ព្រមទាំង​ឆេះ​ខូចខាត​ផ្ទះ​ ៣២១ ​ខ្នង តូប​លក់ដូរ​ ៨០ ​តូប សាលារៀន​ចំនួន​ ៣ រោងចក្រ​ និង​រោងសិប្បកម្ម សរុប​ចំនួន​ ១១ អគារ​រដ្ឋបាល​សាធារណៈ​ចំនួន​ ១៧ ​កន្លែង និង​ឆេះ​ចម្ការ​ដំណាំ​ប្រជាពលរដ្ឋ​ចំនួន​ ៨ ​កន្លែង និង​ព្រៃឈើ​ចំនួន​ ១០ ​កន្លែង ដែល​ក្នុង​ ១ ​កន្លែង​ឆេះ​ខូចខាត​យ៉ាងតិច​ប្រមាណ​ ១០០ ​ហិកតា​។

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះ​មហន្តរាយ​ទាំងនេះ ដោយ​ត្រូវ​ពន្លត់ភ្លើង​អគ្គិសនី ភ្លើង​ចង្រា្កន ទៀន ធូប និង​ភ្នក់ភ្លើង​ទាំងអស់​មុនពេល​ចូល​គេង និង​ចាកចេញ​ពី​ផ្ទះ​ ឬ​ពី​វាលស្រែ​ចម្ការ​។

លោក​ថ្លែងថា​៖ «​យើង​មិនអាច​ទប់ស្កាត់​គ្រោះមហន្តរាយ​ពី​ធម្មជាតិ ដែល​រួមមាន​ខ្យល់ព្យុះ រន្ទះបាញ់ និង​ទឹកជំនន់​បានទេ តែ​យើង​អាច​ទប់ស្កាត់​គ្រោះ​មហន្តរាយ​អគ្គិភ័យ​បាន​តាមរយៈ​ការត្រួតពិនិត្យ និង​ពន្លត់ភ្លើង​ទាំងអស់​គឺ​ពន្លត់​ទាំង​ភ្លើងអគ្គិសនី និង​ភ្លើង​ផ្សេងទៀត មុនពេល​យើង​ចូល​គេង ចាកចេញ​ពីផ្ទះ​ និង​កន្លែង​ធ្វើការងារ​ផ្សេងៗ​»​។

ជាមួយ​គ្នា​នេះ​លោក​អំពាវនាវ​ដល់​គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ និង​ស្ថាប័ន​ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ជា​ដៃគូ​ត្រូវ​ត្រៀម​បម្រុង​នូវ​មធ្យោបាយ​ និង​ឧបករណ៍​សម្ភារ​ព្រមទាំង​ស្បៀង​បម្រុង​ទុកជាមុន ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការឆ្លើយតប ទៅនឹង​បញ្ហា​ប្រឈម​នានា ពិសេស​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើតមាន​នៅក្នុងពេល​ខាងមុខ​ដ៏ខ្លី​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្លាំង​អន្តរាគមន៍​ថ្នាក់ជាតិ​បាន​ត្រៀម​រួចរាល់​ហើយ​នូវ​មធ្យោបាយ​ដឹកជញ្ជូន​ទាំង​តាម​ជើងគោក​ជើង​ទឹក​ និង​អាកាស​ ប៉ុន្តែ​សម្រាប់​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន​ចាំបាច់​ត្រូវ​ត្រៀម​ឱ្យ​រួចរាល់​នៅ​ទីតាំង​សុវត្ថិភាព​ និង​ស្បៀងអាហារ សម្រាប់​ផ្ដល់​ជា​ជំនួយ​បឋម​ដល់​ជនរងគ្រោះ​ពេល​មាន​គ្រោះទឹកជំនន់​មកដល់​»​។

បើតាម​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​នៅ​ថ្ងៃទី​ ៧ ខែ​ កក្កដា ឆ្នាំ​ ២០២១ ​នេះ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​បាន​ហក់​ឡើង ក្នុង​កម្រិត​កម្ពស់ ៤ ​ម៉ែត្រ និង នៅ​ខេត្តក្រចេះ​បាន​ហក់​ឡើងដល់​កម្រិត​កម្ពស់ ១០,១៧ ​ម៉ែត្រ ហើយនឹង​បន្ត​ហក់​ឡើង ជា​បន្តបន្ទាប់​រហូតដល់​ថ្ងៃទី​ ១២ ខែកក្កដា​។

ទោះយ៉ាងណា ការហក់​ឡើង​នៃ​កម្ពស់​ទឹកទន្លេ​មេគង្គ​នាពេល​នេះ​មិន​បង្កឱ្យ​មាន​ក្ដី​ព្រួយបារម្ភ អំពី​ការជន់​លិច​នោះទេ​។

លោក ហេង រ័ត្នម៉ូនីដា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តក្រចេះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​ភ្លៀង​កំពុង​បន្ត​ធ្លាក់​នៅក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ​ ដែល​ធ្វើឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​កំពុង​បន្ត​ហក់​ឡើង​ជា​បន្តបន្ទាប់​។ លោក​ថា​៖ «​ថ្វីដ្បិត​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅពេលនេះ​បាន​ហក់​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​កម្រិត​នៃ​ការប្រកាសអាសន្ន​»៕

វីដេអូ៖