បាត់ដំបង/ប៉ៃលិនៈ ក្រសួង​មហាផ្ទៃ និង​ក្រសួងបរិស្ថាន​កំពុង​សិក្សា​វាយតម្លៃ​លើដី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ដោយ​ការសិក្សា​នេះ​អាច​នឹង​ធ្វើការ​កាត់​ឆ្វៀល​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ និង​អាស្រ័យផល​ក្នុង​តំបន់​ការពារ​ធម្មជាតិ​យូរ​ឆ្នាំ​មកហើយ​។

កាលពី​ថ្ងៃទី ៦ កក្កដា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វឌ្ឍនភាព​នៃ​ការងារ​ពិនិត្យ សិក្សា​និង​ចងក្រង​ឯកសារ​ទីតាំង​ដី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។

តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ Zoom ដោយមាន​ការចូលរួម​ពី​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ​ក្រសួង​ពាក់ព័ន្ធ ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ កក្កដា​ថា ការពិភាក្សា​គ្នា​ពេលនោះ គឺ​ដើម្បី​ធ្វើការ​សិក្សា​វាយតម្លៃ​ទៅ​លើដី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។

លោក​បន្តថា នៅពេល​សិក្សា​ចប់ អន្តរក្រសួង​អាច​នឹង​សម្រេច​កាត់​ឆ្វៀល​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ និង​អាស្រ័យផល​ក្នុង​តំបន់​ការពារ​ធម្មជាតិ​យូរ​ឆ្នាំ​មកហើយ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើជា​ម្ចាស់​តែម្តង​។

លោក​បាន​បញ្ជាក់ថា​៖ «​ការសិក្សា និង​ចងក្រង​ទិន្នន័យ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ និង​អាស្រ័យផល​ក្នុង​តំបន់​ការពារ​ធម្មជាតិ​យូរ​ឆ្នាំ ដើម្បី​ពិនិត្យ​ និង​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣ ​ខែ កក្កដា ឆ្នាំ​ ២០២០»​។

ប៉ុន្តែ​យ៉ាងណា លោក នេត្រ ភក្ត្រា មិនទាន់​អាច​បញ្ជាក់​បានទេ​ថា អន្តរក្រសួង​នឹង​ធ្វើការ​សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​អភិរក្ស​ចំនួន​ប៉ុន្មាន​ហិកតា ឬ​នៅក្នុង​តំបន់​ណា​នៃ​ខេត្ត​ទាំង​ ២ ​នេះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង​ទាំង​ ២ កំពុង​សិក្សា​លម្អិត​។

លោក​ សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង និង​លោក អ៊ុន ប៊ុនលី ​នាយក​រដ្ឋបាល​សាលា​ខេត្ត​ប៉ៃលិន​ កាលពី​ម្សិលមិញ មិនអាច​សុំ​ការអត្ថាធិប្បាយ​បាន​​ទេ ដោយ​លោក​ទាំង​ ២ បាន​អះអាងថា ជាប់រវល់​។

លោក​ យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្តបាត់ដំបង និង​ប៉ៃលិន​សាទរ​ចំពោះ​កិច្ចពិភាក្សា​របស់​អន្តរក្រសួង​ទាំង​ ២ ​នេះ​ក្នុង​ការវាយតម្លៃ​ចំពោះ​គម្រោង​ផ្តល់​ដី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ជូន​ដល់​ពលរដ្ឋ​អាស្រ័យផល​ជាក់ស្តែង​។

លោក​រំពឹងថា នីតិវិធី​កាត់ឆ្វៀល​ដី​នេះ​នឹង​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​ឱ្យ​ប្រាកដ​ថា​ពលរដ្ឋ​ដែល​ទទួលបាន​ដី​ពិតប្រាកដ គឺជា​ពលរដ្ឋ​រងគ្រោះ និង​ខ្វះខាត​ដី​អាស្រ័យផល ហើយ​បាន​អាស្រ័យផល​លើដី​ទាំងនេះ យូរ​ឆ្នាំ​មកហើយ​។

លោក​បញ្ជាក់ថា​៖ «​បើសិនជា​ធ្វើបាន​ត្រឹមត្រូវ ការកាត់​ឆ្វៀល​ដី​នេះ​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ពិត ប្រាកដ​នោះ​នឹង​ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ធូរធារ​។ គាត់​មាន​ដី​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល នោះ​នឹង​ធ្វើឱ្យ​គាត់ លែង​ធ្វើ​ចំណាកស្រុក​។ ក៏ប៉ុន្តែ​កុំឱ្យ​ចូល​លក្ខណៈ​មួយ​ថា ត្រីងៀត​ឆ្លៀត​ពង​»​។

បើតាម​លោក យិន ម៉េងលី ដែល​ធ្លាប់​ឃ្លាំមើល​ការកាត់ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​កន្លងមក នៅ​ខេត្ត​បាត់ដំបង គឺ​ធ្លាប់​កើតមាន​បញ្ហា​ច្រើន ដោយសារ​តែ​ការមិន​បាន​ធ្វើការ​វាយតម្លៃ និង​សិក្សា​ទៅដល់​ស្ថានភាព​ដី​ជាក់ស្តែង​ជាពិសេស​ស្ថានភាព​រស់នៅ​ជាក់ស្តែង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។

លោក ម៉េងលី ជឿជាក់​ថា គម្រោង​កាត់​ឆ្វៀល​ដី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នេះ​នឹង​មិន​ស្ថិតក្នុង​បញ្ហា​ដដែលៗ​បន្តទៀត​នោះទេ​៕