កំពង់ធំៈ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នឹង​ចុះទៅ​ធ្វើការ​វាស់វែង និង​ពិនិត្យមើល​ករណី​ឈូសឆាយ លើដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​ និង​រឹបអូស​គ្រឿងចក្រ​ចំនួន​ ៦ ​គ្រឿង ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​កាលពី​ថ្ងៃ​ទី​ ៦ កក្កដា ស្ថិតក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ដែល​ការបង្ក្រាប​នេះ ក្រោម​ការដឹកនាំ​របស់​លោក​ សាយ វាសនា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ធំ​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ លោក​ ប៉ែន វណ្ណរិទ្ធ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះទៅ​វាស់វែង និង​ពិនិត្យមើល​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ​ដែល​ត្រូវបាន​ឈូសឆាយ ដើម្បី​ដឹង​ច្បាស់​ពី​ចំនួន​ផ្ទៃដី​ដែល​ត្រូវបាន​ឈូសឆាយ​។

បើសិន​ជា​រកឃើញ​ថា ពិតជា​មាន​ការឈូសឆាយ​ចូលដល់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ពិតមែន​នោះ មន្ត្រី​ជំនាញ​នឹង​អនុវត្តតាម​នីតិវិធី មិន​បណ្តោយ​ឲ្យ​ជនប្រព្រឹត្ត​បទល្មើស​រួច​ពី​សំណាញ់​ច្បាប់​ឡើយ​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់ ដែល​មន្ត្រី​នឹង​ចុះទៅ​វាស់វែង​នៅ​ទីកន្លែង ដែល​មាន​ការទន្ទ្រាន​នោះទេ​។

លោក​ថ្លែងថា​៖ «​ករណី​ចាប់ឃាត់​គ្រឿងចក្រ​ហ្នឹង​ពិតជា​មាន​មែន ហើយ​ឥឡូវនេះ​យើង​កំពុង​ធ្វើ​កិច្ចការងារ​ហ្នឹង ដោយ​ឲ្យ​ខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង​ប្រគល់​គ្រឿងចក្រ​មក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ចាត់ចែង​តាម​នីតិវិធី ហើយ​យើង​នឹង​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ថា​តើ​មាន​ផ្ទៃដី​ប៉ុន្មាន​ដែល​ឈូសឆាយ​។ អ៊ីចឹង​តួលេខ​ពិតប្រាកដ យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​»​។

លោក សាយ វាសនា ព្រះរាជអាជ្ញារង​ និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ដឹកនាំ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ឃាត់​គ្រឿងចក្រ​ចំនួន​ ៦ ​គ្រឿង​នៅ​ថ្ងៃទី​ ៦ កក្កដា ខណៈ​ពួកគេ​កំពុង​ឈូសឆាយ​លើដី​គម្រប​ព្រៃឈើ ឆ្នាំ​ ២០០២ ដែលជា​ដីព្រៃ​អភិរក្ស​រក្សាទុក​របស់​រដ្ឋ​។

បើតាម​លោក​ព្រះរាជអាជ្ញារង នៅពេល​កម្លាំង​សមត្ថកិច្ច​ទៅដល់​អ្នកបញ្ជា​គ្រឿងចក្រ និង​អ្នកពាក់ព័ន្ធ​នៅ​ទីនោះ​បាន​រត់​គេចខ្លួន​បាត់​អស់ ហេតុនេះ​អត្តសញ្ញាណ​ជនសង្ស័យ​មិនទាន់​អាច​កំណត់​បានទេ​។ ទោះ​យ៉ាងណា គ្រឿងចក្រ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​យកមក​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​ថ្លែងថា​៖ «​គ្រឿងចក្រ​ដែល​យើង​ឃាត់​បាន មាន​អាប៊ុល​ ៣ ​គ្រឿង អាអ៊ិច​ ២ និង​ត្រាក់ទ័រ​ ១ ​គ្រឿង​។ មូលហេតុ​ដែល​យើង​ចុះ​ទៅ​ឃាត់​នេះ ដោយសារ​គាត់​បាន​ឈូសឆាយ​ចូល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២ ហើយ​ទំហំ​ផ្ទៃដី​បើតាម​មើល​ជាក់ស្តែង​កន្លែង​ដែល​ធ្វើការ​ឈូសឆាយ​ហ្នឹង​ចូល​ប្រហែល​ ១៧ ​ហិកតា​»​។

លោក​ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) ​ថ្លែងថា រឿងរ៉ាវ​ពាក់ព័ន្ធ​ក្នុង​ការទន្ទ្រាន​ដី​រដ្ឋ​កើតឡើង​ដដែលៗ ស្ទើរតែ​គ្រប់​ខេត្ត ក្រោម​រូបភាព ប្រជាពលរដ្ឋ​ចូលទៅ​កាប់​រានទន្ទ្រាន​អាស្រ័យផល ហើយ​លក់​ទៅឱ្យ​អ្នកមាន​លុយ​មានអំណាច​ដែលមាន​ការឃុបឃិត​ពី​អាជ្ញាធរ​មួយចំនួន ដោយ​បានចេញ​លិខិត​ទិញ-លក់​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅតែ​ទៅ​កាប់​រានទន្ទ្រាន​ដីព្រៃ អស់ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ​ទៀត​គ្រប់​ខេត្ត​ទាំងអស់​។ អ៊ីចឹង​យើង​ឃើញថា វិធានការ​របស់​អាជ្ញាធរ​អត់​មាន​ពិតប្រាកដ ហើយ​ដោយសារ​អំពើពុករលួយ​ជា​ប្រព័ន្ធ​ផង ធ្វើឱ្យ​អ្នកមាន​លុយ​មានអំណាច​ប្រើប្រាស់​រូបភាព​ដដែលៗ​បាន​ជោគជ័យ​។ បើសិន​បណ្តោយ យើង​អាច​និយាយ​បាន​ថា ទាល់តែ​អស់​ដី​តែម្តង​បាន​វា​ចប់​»​។

លោក​ យ៉ូវ សេងគុណ នាយក​រដ្ឋបាលខេត្ត​កំពង់ធំ​ថ្លែងថា ការឈូសឆាយដី ដែល​រាន​ដល់​តំបន់ គម្រប​ព្រៃឈើ​របស់​រដ្ឋ​នោះ គឺជា​ករណី​របស់​បុគ្គល​ឯកជន ដែល​ទៅ​ស្វែងរក​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ហើយ​ធ្វើការ​ឈូសឆាយ​ក្រោម​ស្លាក​ក្រុមហ៊ុន​ផ្សេងៗ​ ដើម្បី​ពុះ​ដីឡូត៍​លក់​។ លោក​អះអាង​ថា រដ្ឋបាលខេត្ត​មិនបាន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​ប៉ះ​លើ​ដី​គម្រប​ព្រៃឈើ​នោះទេ ចំណែក​ករណី​ឈូសឆាយ​ថ្មី​នេះ មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​។

លោក​ប្រាប់ថា​៖ «​អត់​មាន​ការវិនិយោគ​លក្ខណៈ​ក្រុមហ៊ុន​ជាមួយ​រដ្ឋ​នៅ​តំបន់​នោះទេ​។ គាត់​ធ្វើការ​ទិញ​លក់​ពី​ប្រជាពលរដ្ឋ លក្ខណៈ​ឯកជន​សាងសង់​ផ្ទះល្វែង ដីឡូត៍​អីហ្នឹង តែ​ខ្ញុំ​មិន​បានដឹង​យ៉ាងម៉េច​ទេ ព្រោះ​មិនទាន់​ទទួល​បាន​របាយការណ៍​ច្បាស់លាស់​ពី​មន្ត្រី​ជំនាញ​នៅឡើយ​»៕