ឧត្តរមានជ័យៈ ស្ត្រី​ ២ ​នាក់ និង​បុរស​ម្នាក់ កំពុង​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​សាកសួរ បន្ទាប់ពី​ឃាត់ខ្លួន​បាន​ ​៣ ​ថ្ងៃ​ពាក់ព័ន្ធ​នឹង​ការលួច​ដាំ​កញ្ឆា ដែល​សមត្ថកិច្ច​បាន​ចុះទៅ​កាប់​ចោល​ចំនួន​ ១២ ៥០០ ​ដើម នៅ​ភូមិ-ឃុំ ស្រុក​អន្លង់វែង និង​ដកហូត​កញ្ឆា​ក្រៀម​ចំនួន​ ៣៦ ​គីឡូក្រាម​។

ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ លោក​ ប៉េង ម៉េងគ័ង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ អ៊ាម ទឹម អាយុ​ ៣៥ ​ឆ្នាំ ត្រូវជា​ប្តី​ស្ត្រី​ឈ្មោះ​ សែម ផល្លី អាយុ​ ៣៥ ​ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ​ ង៉ូយ ស្តើង អាយុ​ ៤៥ ​ឆ្នាំ កំពុង​ត្រូវ​តំណាង​អយ្យការ​សាកសួរ​នៅឡើយ​។ លោក​ប្រាប់ថា ចំពោះ​មូលហេតុ​ដែល​តំណាង​អយ្យការ​ទើប​សាកសួរ ដោយសារ​តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ដល់​សាលាដំបូង​ពេល​ល្ងាច​ទៅ​ហើយ​។ ហេតុដូច្នេះ​តំណាង​អយ្យការ​ចាប់ផ្តើម​សាកសួរ​ពួកគេ​នៅ​ព្រឹក​ថ្ងៃទី​ ៧ កក្កដា​។

លោក​ថា​៖ «​តំណាង​អយ្យការ​ទើប​សួរ​ពួកគេ​ទេ ហើយ​នីតិវិធី​កំពុង​បន្ត​នៅឡើយ​។ ពេល​តំណាង​អយ្យការ​សាកសួរ​ចប់​ទើប​សម្រេច​ចោទប្រកាន់​»​។

លោក​ ថោង សាមិ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ឱ្យដឹងពី​ម្សិលមិញ​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៣ ​នាក់​នេះ​ ដោយសារ​ពួកគេ​លួច​ដាំ​ដើមកញ្ឆា​ដែល​ច្បាប់​បាន​ហាមឃាត់​។

លោក​ថ្លែងថា​៖ «​ការលួច​ដាំ​ដំណាំ​កញ្ឆា​នេះ តាមច្បាប់​គ្រឿងញៀន​បាន​ហាមឃាត់​។ ហេតុដូច្នេះ​ទង្វើ​របស់​ពួកគាត់​គឺ​ខុសច្បាប់​»​។

លោក​ស្នងការរង​បាន​រំឭកថា មុន​មាន​ការឃាត់ខ្លួន​អ្នក​ទាំង​ ៣ ​នាក់​ខាងលើនេះ គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ទទួល​ព័ត៌មាន​ថា នៅក្នុង​ចម្ការ​ស្វាយ​របស់​អ្នកចម្ការ​មាន​លួចលាក់​ដាំ​ដើម​កញ្ឆា​បន្លំ​ជាមួយ​ដើម​ស្វាយ​។

លោក​បាន​បន្តថា បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ដល់​ទីតាំង​ចម្ការ​ស្វាយ​នោះ ហើយ​បាន​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ស្រស់​បាន​ចំនួន​ ១២ ៥០០ ​ដើម លើ​ផ្ទៃដី​ទំហំ​ ៥,៥០០ ​ម៉ែត្រការ៉េ និង​ដកហូត​កញ្ឆា​ក្រៀម​បាន​ចំនួន​ ៣៦ ​គីឡូក្រាម រថយន្ត​ ១ ​គ្រឿង និង​គោយន្ត​កន្រៃ្ត​ ១ ​គ្រឿង​ផង​៕