ភ្នំពេញៈ ក្រុម​អ្នកស្រាវជ្រាវ​ក្រសួង​បរិស្ថាន​បានប្រកាស​ពីការ​រកឃើញ​វត្តមាន​សត្វ​កែះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា តាមរយៈ​ការដាក់​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ ខណៈ​សត្វ​ប្រភេទ​កម្រ​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ជា​សកល​ និង​ជា​សត្វ​ស្ថិត​ក្នុង​ឧបសម្ព័ន្ធ​ទី​១ ​របស់​អនុសញ្ញា​ស្ដីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រងគ្រោះថ្នាក់​ហៅ​កាត់​ថា​ «​សាយ​តេស​»​។ នេះ​បើតាម​មន្ដ្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឱ្យ​​ដឹង​ពី​ម្សិលមិញ​ថា ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រសួង​បរិស្ថាន​បាន​រកឃើញ​វត្តមាន​សត្វកែះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​តាមរយៈ​ការដាក់​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ការសិក្សា​ចងក្រង​ទិន្នន័យ​ប្រភេទ​សត្វ​កម្រៗ​នៅ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក​​នេះ​ត្រូវបាន​កត់សម្គាល់​ថា មាន​វត្តមាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ដែល​នេះ​គឺជា​ការផ្តល់​នូវ​ទិន្នន័យ​មួយ​យ៉ាងសំខាន់​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​ក៏ដូចជា​សម្រាប់​ពិភពលោក​ទាំងមូល​»​។

បើតាម​លោក ភក្ត្រា ក្រុម​អ្នកស្រាវជ្រាវ​មិនទាន់​មាន​ទិន្នន័យ​ពិតប្រាកដ​ពី​ចំនួន​សត្វកែះ​ដែល​​រស់នៅ​កម្ពុជា​ទេ ក៏ប៉ុន្តែ​លោក​ឱ្យ​ដឹងថា​សត្វ​កែះ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​បំផុត ​ដោយសារ​តែ​ជា​សត្វកម្រ​។

លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​សត្វ​កែះ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ពូជ​ ដោយសារ​​ការបរបាញ់ ការដាក់​អន្ទាក់ និង​ការបាត់បង់​ទីជម្រក​។ អ្វីដែល​ធ្វើឱ្យ​សត្វកែះ​រងគ្រោះ​ខ្លាំង​ដោយសារ​តែ​ការប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​ក្នុង​ការជួញដូរ​ដោយសារ​តែ​ជំនឿ​»​។

បើតាម​ការសិក្សា​របស់​ក្រសួង​​បរិស្ថាន​បានឱ្យដឹងថា សត្វកែះ​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែង​ស្តើង វា​មាន​ដងខ្លួន​ខ្លី ហើយ​ជើង​ទាំង​ ៤ ​របស់​វា​វែង​។ ​ផ្នែក​ខាងលើ​ដងខ្លួន សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ មាន​ពណ៌​ចម្រុះ​ខ្មៅ ប្រផេះ លឿង​។ ​នៅលើ​ពំនូក​​ក្បាល​ដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែងៗ​សណ្ឋាន​ដូចជា​ប្រែង​។

សត្វ​នេះ​មាន​ស្នែង​ដូច​សត្វពពែ​ដុះ​កោង​ទៅ​ក្រោយ​បន្តិច ប្រវែង​ប្រហែល ២៨០ ​មិល្លីមែត្រ ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​។ រីឯ​កន្ទុយ​ខ្លី មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។

តាម​ការសិក្សា​ចំពោះ​ជីវសាស្ត្រ​វិញ សត្វ​កែះ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់ៗ​ដែល​មាន​គម្រប​ព្រៃ និង​មាន​​ស្រទាប់​រុក្ខជាតិ​ថ្នាក់ក្រោម​ច្រើន​។

សត្វកែះ​មាន​ជើង​យ៉ាង​ចំណាប់​ក្នុង​ការដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​​ចោតៗ​។ ​នៅពេល​ថ្ងៃ​វា​ចូលចិត្ត​សម្រាក​តាម​គុម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​ នៅពេល​ព្រលឹម ឬ​ក្បាល​ព្រលប់​។ វា​ចូលចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​​ប្រភេទ​។ ​សត្វកែះ​ចូលចិត្ត​យក​រូងភ្នំ​រាក់ៗ​ធ្វើជា​ទីជម្រក​របស់​វា​ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា ដោយសារ​គំនរ​លាមក​។

លោក ភក្ត្រា បានបញ្ជាក់​ដែរ​​ថា ដោយសារ​តែ​កែះ​ជា​សត្វ​មាន​ភាពរហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់ ដូច្នេះ​គេកម្រ​នឹង​ជួបប្រទះ​វា​ណាស់​។

លោក​បន្តថា រដូវ​បន្ត​ពូជ​របស់​សត្វកែះ​មាន​នៅ​ខែតុលា និង​ខែធ្នូ ហើយ​កើត​បានកូន​ ១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ​ បន្ទាប់ពី​ពពោះ​ ៧ ​ខែ​។ កូន​របស់​វា​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ​ ១ ​ឆ្នាំ​ទើប​ចាកចេញ​៕