សៀមរាបៈ នគរបាល​ស្រុក​ជីក្រែង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែល​ចាក់​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​ក្នុង​ជម្លោះ​តូចតាច​មួយ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ៧ កក្កដា បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​ ៦ ​កក្កដា​នៅ​ភូមិ​ថ្នល់ដាច់ ឃុំ សង្វើយ ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

លោក តាំង លីហេង អធិការនគរបាល​ស្រុក​ជីក្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៧ ​កក្កដា​ថា ជនសង្ស័យ​ឈ្មោះ ជិន វណ្ណា ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​។ រីឯ​ជនរងគ្រោះ​ស្លាប់​ឈ្មោះ រុន ដូង ភេទ​ប្រុស​អាយុ​ ២១ ​ឆ្នាំ និង​ឈ្មោះ រិន លាប ភេទ​ប្រុស​អាយុ​ ២៦ ​ឆ្នាំ​។ ពួកគេ​ទាំង​ ៣ ​នាក់​រស់នៅ​ភូមិ ព្រីង​ឃុំ-ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។ លោក​ថ្លែងថា​៖ «​ករណីនេះ ក្រោយ​បង្កហេតុ​ភ្លាមៗ​កម្លាំង​យើង​ក៏​ចេញ​តាម​ជនសង្ស័យ​ដែរ​រហូត​យើង​ចាប់បាន​។ យើង​បញ្ជូន​គាត់​បន្តទៅ​ខេត្ត​ទៀត​»​។

បើតាម​លោក លី ហេង ប្រាប់​តាម​ចម្លើយ​របស់​ជនសង្ស័យ​ថា នៅមុន​កើតហេតុ បុរស​សង្ស័យ​បាន​ទៅ​រក​ឆ្លុះត្រី​នៅ​បឹង​ក្បែរ​ភូមិ រហូតដល់​ម៉ោង​ជិត​ ១១ ​យប់​ថ្ងៃទី​ ៥ កក្កដា ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​។ ពេល​គាត់​កំពុង​ដើរកាត់​ភូមិ​ស្រាប់តែ​ឃើញ​បុរស​ ២ ​នាក់​ (​ជនរងគ្រោះ​) ​កំពុង​ផឹកស្រា ហើយ​ស្រែកសួរ​គាត់​ថា ទៅណា​មក​ណា​ ខណៈ​ជនរងគ្រោះ​ស្រវឹង​។

លោក​បន្តថា នៅពេល​នោះ​ក៏​ទាស់សម្តី​គ្នា និង​មាន​ការវាយតប់​គ្នា​ផង រហូត​ជនសង្ស័យ​ដែល​មាន​កាន់​កាំបិត​ចិតបន្លែ​ក្នុង​ដៃ​ផង ក៏​ចាក់​ឈ្មោះ​ រុន ដូង ត្រូវចំ​ចុងដង្ហើម​ ១ ​កាំបិត​រងរបួស​ធ្ងន់ និង​ចាក់​ឈ្មោះ រិន លាប​ចំ​ចង្កេះ​ ១ ​កាំបិត​ហើយ​គេចខ្លួន​តែម្តង​។

ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ចាត់ចែង​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប ប៉ុន្តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក​ទើប​ឈ្មោះ​ រុន ដូង ដាច់ខ្យល់​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក រិន លាប ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​បាន និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​ទេ​៕