ភ្នំពេញៈ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ.ប.ផ.ក) នៃ​ក្រសួង​មហាផ្ទៃ​ផ្អាក​ចុះ​ប្រតិបត្តិការ បង្ក្រាប ត្រួតពិនិត្យ និង​ឆែកឆេរ​ផលិតផល​ក្លែងក្លាយ​ទូទៅ​តាម​បណ្តា​រាជធានី​-​ខេត្ត លើកលែង​តែ​ករណី​ចាំបាច់​បំផុត​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​សាជាថ្មី​នៃ​ជំងឺ​កូវីដ​ ១៩​។

គណៈកម្មាធិការ​នេះ​បញ្ជាក់​ក្នុង​សេចក្តី​ណែនាំ​របស់ខ្លួន​ថា​៖ «​រាល់​ប្រតិបត្តិការ​ទាំងអស់ ដែល​បង្ក្រាប​នូវ​រាល់​ផលិតផល​ក្លែងក្លាយ​ទូទៅ ត្រូវ​ធ្វើការ​ផ្អាក​ជា​បណ្តោះ​អាសន្ន ដោយសារ​ការរីករាលដាល​សាជាថ្មី​នៃ​ជំងឺ​កូវីដ​។ រាល់​សកម្មភាព​ការកោះហៅ និង​ស៊ើបសួរ​នូវ​រាល់​ករណី​ផលិតផល​ក្លែងក្លាយ​ទាំងអស់ ត្រូវ​ធ្វើការ​ផ្អាក​ជា​បណ្តោះ​អាសន្ន ដោយសារ​ការរីករាលដាល​សាជាថ្មី​នៃ​ជំងឺ​កូវីដ​ ១៩»​។

បើទោះជា​ត្រូវ​ផ្អាក​រាល់​សកម្មភាព​ប្រតិបត្តិការ​ទាំងអស់​ក្នុង​រាជធានី ខេត្ត ក៏ដោយ ក៏​លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មាធិការ​នេះ​បាន​បញ្ជាក់​ក្នុង​លិខិត​ថា នៅមាន​ករណី​លើកលែង​ដែល​ចាំបាច់​បំផុត​ដែល​ក្រុម​ការងារ នៅតែ​អាច​បន្តសកម្មភាព ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​។

លោក​បញ្ជាក់ថា សកម្មភាព​ជាពិសេស​នោះ​គឺ​ទាក់ទង​ជាមួយ​និង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​ប្រឆាំង​និង​ជំងឺ​កូវីដ​ ១៩ ក្លែងក្លាយ និង​គ្មាន​គុណភាព ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ស្តីពី​គោលការណ៍ និង​ការចុះ​បង្ក្រាប​របស់​លេខាធិការដ្ឋាន និង​ក្រុម​ប្រតិបត្តិការ​ទាំងអស់​នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។

លោក​បាន​ណែនាំ​ថា​៖ «​ក្នុងករណី​ការចុះ​ប្រតិបត្តិការ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ បាញ់​អាល់កុល និង​ស្ដាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ត្រូវ​បន្ត​អនុវត្តតាម​វិធានការ ៣ កុំ ៣ ការពារ និង ​២ ចូលរួម​របស់​រាជរដ្ឋាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​»​។

លោក មៀច សុផាន់ណា ជឿជាក់​ថា ក្រុម​ប្រតិបត្តិការ​ទាំងអស់​ចូលរួម​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្តី​ណែនាំ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រង់ចាំ​រាល់​ការអនុវត្ត​សកម្មភាព​ចុះ​បំពេញ​ប្រតិបត្តិការ​តាម​បណ្តា​រាជធានី​ខេត្ត និង​ការកោះហៅ​ស៊ើបសួរ​ដែល​នឹងមាន​សកម្មភាព​សាជាថ្មី តាម​ការណែនាំ​ដោយផ្ទាល់​ក្នុងពេល​ខាងមុខ​។

លោក​ ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​យល់​ថា ការប្រកាស​ផ្អាក​របស់​គណៈកម្មាធិការ​នេះ​អាច​ស្ថិតក្នុង​ហេតុផល​មួយ​ដែល​បាន​អះអាង ហើយ​អាច​ស្ថិតក្នុង​ការពិចារណា​មួយ​របស់​ថ្នាក់ដឹកនាំ ជាមួយ​នឹង​សកម្មភាព​បន្ត ស្រប​ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​ក៏​មាន​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ (​កបប​) ដែល​កំពុង​អនុវត្ត​សកម្មភាព​នេះ​នាពេល​បច្ចុប្បន្ន​ផងដែរ​។

បន្ថែម​ពីនេះ លោក​គិតថា ក្នុង​រយៈពេល​ផ្អាក​សកម្មភាព​នេះ គឺ​មិន​ប៉ះពាល់​អ្វី​ធំដុំ​ទេ​ទាក់ទង​នឹង​ជនបង្ក​ឱកាស និង​ប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ​ទាក់ទង​ការប្រព្រឹត្ត​បទល្មើស​ផលិតផល​ក្លែងក្លាយ​នេះ ខណៈ​ក្រសួង​សេដ្ឋកិច្ច​ក៏​មាន​ក្រុមការងារ​មួយ ដែល​បាន​អនុវត្ត​សកម្មភាព​នេះ​ដូចគ្នា​។

លោក​បន្តថា​៖ «​សព្វថ្ងៃនេះ កបប ក៏​ធ្វើ​សកម្មភាព​បែបនេះ​ដូចគ្នា ទៅនឹង គ.ប.ផ.ក នេះដែរ គ្រាន់តែ​ដែន​សមត្ថកិច្ច​របស់ កបប គឺមាន​វិសាលភាព​ធំ​ជាង​ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ​។ ប៉ុន្តែ​ស្ថាប័ន​ទាំង​ ២ នេះ​គឺ​គួរតែ​មាន​ការសហការ​គ្នា​។ ការអនុវត្ត​មួយចំនួន​របស់​ស្ថាប័ន​នេះ​គឺ​មិនអាច​ខ្វះ​គ្នា​បានទេ ព្រោះ កបប គឺជា​មន្ត្រី​បច្ចេកទេស​ត្រូវការ​ការសហការ​ពី​កម្លាំង​សមត្ថកិច្ច​»៕