ព្រះវិហារៈ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តព្រះវិហារ បាន​បញ្ជូន​បុរស ២ នាក់​ ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ នៅ​រសៀល​ថ្ងៃទី ៨ កក្កដា បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ​ ចាប់ខ្លួនបាន ១ ថ្ងៃ​ ករណី​កាប់​​រំលំ​ដើមឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហ​គមន៍​ក្រសាំង​ ក្នុងស្រុក​ឆែប។

លោក នួន សុខុម នាយ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ​ ប្រាប់​នៅ​រសៀល​ថ្ងៃទី ៨ កក្កដា​ថា ជនសង្ស័យ ឈ្មោះ នុ សឺម អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ ឆែប លិច ឃុំ ឆែប ១ ស្រុក ឆែប មិន​ម្នាក់​ទៀត ឈ្មោះ ស្រី ស៊ា អាយុ ២៥ ឆ្នាំ ទីលំនៅ ភូមិ ឆែប កើត ឃុំ ឆែប ១ ដែល​ករណីនេះ​ ​ត្រូវតែ​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ នៅ​រសៀល​ថ្ងៃទី ៨​ កក្កដា។

លោក​ថ្លែងថា៖ «ជន​សង្ស័យ​ទាំង២នាក់​នេះ ​ប្រើ​រណា​យន្ត​កាប់បំផ្លាញ​ធនធាន​ព្រៃឈើ។ ពួកគេ​ត្រូវតែ​ចាត់ការ​តាម​នីតិវិធី​ច្បាប់»។

លោក​រំឭក​ប្រាប់ថា​ កាលពី​ថ្ងៃទី ៧ កក្កដា សមត្ថកិច្ច អាវុធហត្ថ ស្រុក​ឆែប​បាន ចុះ​ល្បាតព្រៃឈើសហគមន៍ក្រសាំង​​ ខណៈ​នោះ​បាន​ប្រទះឃើញ បុរស ​២ នាក់​កំពុងអា​រឈើ។

លោក​បន្តថា ពេលនោះ កម្លាំង​អា​វុ​ធ​​ហត្ថ​បាន​ឃាត់ខ្លួន​ពួកគេ ស្ថិត​ក្នុងភូមិ ក្រសាំង ឃុំឆែបមួយ ស្រុកឆែប។

​វត្ថុតាង​របស់​ជន​ទាំង​ពីរ​នាក់​នេះ ​រួមមាន​រណា យន្ដ ១ គ្រឿង គោយន្ដមួយ​គ្រឿង និង​ឈើ អារ ប្រភេទ លេខ ១ ( ផ្ចឹក ) ចំនួន ១៣ សន្លឹក​៕