ភ្នំពេញៈ ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​បុគ្គលិក​សុខាភិបាល​ និង​ក្រុមគ្រូពេទ្យ​ជំនាញ ក្លាយជា​កងទ័ព​ជួរមុខ​ដ៏សកម្ម​ក្នុង​កិច្ចការពារ​ និង​ព្យាបាល​ពលរដ្ឋ​ពី​ការយាយី​នៃ​ជំងឺឆ្លង​ដ៏កាច​សាហាវ​នេះ​។ បច្ចុប្បន្ន​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង​ ២ ​ម៉ឺន​នាក់​។ ប៉ុន្តែ​ចំនួន​នេះ​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩ ដែល​កំពុង​បន្ត​រីក​រាលដាល​យ៉ាងខ្លាំង​នៅ​ទូទាំងប្រទេស​។

ដើម្បី​ឆ្លើយតប​សភាពការណ៍ និង​តម្រូវ​ការចាំបាច់​ក្នុង​កិច្ចការងារ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​បាន​សម្រេច​ផ្ដល់​ឱកាស​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​ ៣ ០០០ ​នាក់​ដែល​ចូលរួម​ធ្វើ​សកម្មភាព​យ៉ាងសកម្ម នៅក្នុង​សមរភូមិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ទទួលបាន​ក្របខ័ណ្ឌ​ការងារ​ជា​មន្ត្រីរាជការ​ក្នុង​វិស័យ​សុខាភិបាល​។

ក្នុង​កាលៈទេសៈ​ដែល​វិស័យ​សុខាភិបាល​កំពុង​មាន​តម្រូវការ​ធនធាន​មនុស្ស​បន្ថែម​នេះ សិស្សានុសិស្ស​រាប់ពាន់នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ទី​ ១២ កាលពី​ឆ្នាំ​ ២០២០ បាននាំគ្នា​ដាក់ពាក្យ​ប្រឡង​ចូលរៀន​ទៅតាម​មុខជំនាញ​ឯកទេស​ផ្សេងៗ​ក្នុង​វិស័យនេះ​នៅ​ទូទាំងប្រទេស​ហើយ​ជា​លទ្ធផល​សិស្ស​ចំនួន​ ៣ ៥៤០ ​នាក់​ បាន​ប្រឡងជាប់​។ នេះ​បើតាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​កាលពី​ដើម​ខែកក្កដា​នេះ​។

លោកស្រី​ ឱ វណ្ណឌីន ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៧ ខែ កក្កដា ឆ្នាំ​ ២០២១ ថា ចំនួន​នេះ​បើ​ធៀប​ជាមួយនឹង​តម្រូវការ​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​គឺអាច​ដោះស្រាយ​បាន​។

លោកស្រី​បញ្ជាក់ថា​៖ «​ចំនួន​ជា​រឿង​មួយ​ហើយ​តែ​អ្វីដែល​រិតតែ​សំខាន់​ជាងនេះ​ទៅ​ទៀត​នោះ គឺ​គុណភាព​ និង​សមត្ថភាព​របស់​ពួកគាត់​ពេល​បញ្ចប់​ការសិក្សា​។ ពួកគាត់​ចាំបាច់​ត្រូវ​បម្រើសេវា​ឱ្យបាន​ល្អប្រសើរ និង​ប្រកប​ដោយ​ការគោរព​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​ក្រមសីលធម៌​វិជ្ជាជីវ:​របស់​គ្រូពេទ្យ​»​។

ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​ផ្តាំផ្ញើ​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​ទាំងអស់​ឱ្យ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ក្នុង​ការសិក្សា​ស្រាវជ្រាវ​រៀនសូត្រ​នូវ​បច្ចេកវិទ្យា​ថ្មីៗ សមស្រប​ទៅនឹង​បរិបទ​នៃ​ការធ្វើ​ទំនើបកម្ម​ផ្នែក​បច្ចេកវិទ្យា​ពេទ្យ​ ដើម្បី​ពង្រឹង​នូវ​ចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ​របស់ខ្លួន​។

ដើម្បី​ក្លាយជា​គ្រូពេទ្យ​ដ៏ល្អ​សម្រាប់​អ្នកជំងឺ លោកស្រី វណ្ណឌីន ក៏បាន​ក្រើនរំឭក​ដល់​សិស្ស និស្សិត​ដែល​កំពុង​សិក្សា​ក្នុង​វិស័យ​សុខាភិបាល ក៏ដូចជា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត និង​ក្រុមគ្រូពេទ្យ​ជំនាញ ដែល​កំពុង​បម្រើ​ការងារ​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ប្រទេស​ត្រូវ​ចងចាំ​ថា ពេទ្យ ​គឺជា​វិជ្ជា​មួយ​ដែល​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ដែល​តម្រូវ​ឱ្យ​មាន​ការអត់ធ្មត់ ព្យាយាម​ជួយសង្គ្រោះ​ឱ្យ​អស់ពី​សមត្ថភាព ប្រកប​ដោយ​ភាពស្មោះត្រង់​ជាទីបំផុត និង​មិនត្រូវ​ប្រកាន់​វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬ​បក្ស​នយោបាយ​អ្វី​ទាំងអស់​ហើយ ជាពិសេស​មិនត្រូវ​យកលុយ​ជាធំ​សម្រាប់​ការជួយ​សង្គ្រោះ​ជីវិត​នោះឡើយ​។

លោកស្រី វណ្ណឌីន បាន​បញ្ជាក់ថា​៖ «​ត្រូវ​ជួយ​ជីវិត​មនុស្ស​ជាមុន​សិន​រឿង​តម្លៃ​ថ្លៃថ្នូរ ចាំ​គិតគូរ​តាម​ក្រោយ ហើយ​រឹតតែ​ត្រូវ​យកចិត្ត​ទុកដាក់​ថែមទៀត ប្រសិន​បើ​ជួបប្រទះ​នឹង​អ្នកជំងឺ​ជា​ជនក្រីក្រ​»​។

ជុំវិញ​ករណីនេះ កញ្ញា ឈឹម សុខរក្សា ដែល​ទើប​ប្រឡង​ជាប់​ និង​ចូលរៀន​ថ្នាក់មូលដ្ឋាន ខាង​ផ្នែក​ឱសថ​សាស្ត្រ នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ កាលពី​ថ្ងៃទី​ ៥ ខែកក្កដា ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេលនេះ​កញ្ញា​បាន​និង​កំពុង​បំពេញ​ក្ដី​ស្រម៉ៃ​របស់ខ្លួន ដែល​ចង់​ក្លាយជា​គ្រូពេទ្យ​ជំនាញ​ម្នាក់ ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​។ ក្នុងចំណោម​បងប្អូនប្រុស-ស្រី​ ៤ ​នាក់ កញ្ញា សុខរក្សា គឺជា​កូន​ទី​ ២ នៅក្នុង​គ្រួសារ​នៃ​អាជីវករ​មួយ​ក្នុង​រាជធានីភ្នំពេញ​បាន​និយាយ​ប្រកបដោយ​ទំនុកចិត្ត​ថា​៖ «​ខ្ញុំ​នឹងមិន​បារម្ភ​ខ្លាច​អ្វី​ទាំងអស់ ប្រសិនបើ​ខ្ញុំ​ត្រូវបាន​ផ្ដល់ឱកាស​ឱ្យចូល​រួម​បំពេញ​បេសកកម្ម​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ជា​រៀមច្បង នៅពេលដែល​នាង​ខ្ញុំ​បានទទួល​វគ្គបណ្ដុះបណ្ដាល​លើ​មុខជំនាញ​របស់​នាង​ខ្ញុំ បាន​ ១ ​ឆ្នាំ​ ឬ​ ២ ​ឆ្នាំ​ហើយ​នោះ​»​។

ស្រដៀង​គ្នា​នេះដែរ កញ្ញា​ លាប ចន្ទ្រា អាយុ​ ២០ ​ឆ្នាំ​ ដែល​ទើប​ប្រឡង​ជាប់ និង​ចូលរៀន​នៅ​ឆ្នាំ​សិក្សា​មូលដ្ឋាន​លើ​មុខជំនាញ​ផ្នែក​វេជ្ជបណ្ឌិត​ទូទៅ​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​និយាយថា កញ្ញា​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​មុនពេល​កញ្ញា​បាន​ដាក់​ពាក្យ​ប្រឡង ចូលរៀន​នៅក្នុង​វិស័យ​សុខាភិបាល​នេះ​។

កញ្ញា​ថ្លែងថា​៖ «​ខ្ញុំ​បានដឹង​ខ្លះៗ​រួចមកហើយ​នូវ​តួនាទី​ និង​ភារកិច្ច​របស់​គ្រូពេទ្យ នោះ​គឺ​ការជួយ​សង្គ្រោះ​​ និង​ព្យាបាល​អ្នកជំងឺ​ពី​អាការរោគ​ផ្សេងៗ​ឱ្យ​ជាសះស្បើយ​។ ទោះបីជា​ក្នុង​ស្ថានភាព​ណាក៏ដោយ គ្រូពេទ្យ​គឺ​មិនអាច​បោះបង់​អ្នកជំងឺ​ចោល​ឡើយ​»​។

កញ្ញា​ ចន្ទ្រា បាន​បន្តថា បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​មនុស្ស​ជិត​ ៦ ​ម៉ឺន​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ និង ៨២៥​ ​នាក់​បាន​ស្លាប់ បើ​គិត​ត្រឹម​ថ្ងៃទី​ ៨ ខែ កក្កដា ឆ្នាំ ២០២១​។

កញ្ញា ចន្ទ្រា ​បាន​បញ្ជាក់ថា​៖ «​បើទោះជា ការងារ​របស់​គ្រូពេទ្យ នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ជួប​ប្រឈម​ការឆ្លង​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បែបណា​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ចង់​ធ្វើជា​គ្រូពេទ្យ​ដ៏ល្អ​ម្នាក់​នៅក្នុង​កែវភ្នែក និង​ទឹកចិត្ត​របស់​អ្នកជំងឺ និង​ក្រុមគ្រួសារ​របស់​ពួកគេ​»​។

ដោយមាន​បំណង​ចង់​រៀន​បណ្ដើរ និង ធ្វើ​ការងារ​ក្នុង​វិស័យ​សុខាភិបាល​នោះ កញ្ញា ចន្ទ្រា បាន​បន្តថា ការសិក្សា​ផ្នែក​វេជ្ជបណ្ឌិត​ទូទៅ​នេះ គឺ​ត្រូវ​ចំណាយពេល​ពី​ ៧ ​ឆ្នាំ​ទៅ​ ៩ ​ឆ្នាំ​ទើប​ចប់​។

កញ្ញា​បាន​ថ្លែងថា​៖ «​ប្រសិនបើ​មានឱកាស​អាច​រក​ការងារ​ធ្វើ​នៅក្នុង​វិស័យ​សុខាភិបាល​បាន​ពី​ពេលនេះ​គឺ​ល្អ​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​ក្រៅពី​អាចជួយ​ពង្រឹង​សមត្ថភាព​ការរៀនសូត្រ តាមរយៈ​ការអនុវត្ត​ការងារ​ជួយសង្គ្រោះ​អ្នកជំងឺ​ជាក់ស្ដែង​ផ្ទាល់ គឺ​ខ្ញុំ​អាច​ទទួល​បាន​ប្រាក់ចំណូល​សម្រាប់​ការទិញ​សម្ភារ​សិក្សា​ស្រាវជ្រាវ​លើ​មុខជំនាញ​របស់​ខ្ញុំ​ថែមទៀត​»​។

យោងតាម​លទ្ធផល​ប្រឡង​ថ្នាក់ជាតិ ជ្រើសរើស​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រ និង​ថ្នាក់​ឆ្នាំ​ទី​ ១ ​សម្រាប់​កម្រិត​បរិញ្ញាបត្រ​រង​នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិស័យ​សុខាភិបាល​សម្រាប់​ឆ្នាំ​សិក្សា​ ២០២០-២០២១ របស់​គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​ចុះ​ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ​ ២០២១ សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​ (​សម័យ​ប្រឡង ថ្ងៃទី​ ២៨-២៩ ខែមិថុនា ឆ្នាំ​ ២០២១) ចូល​សិក្សា​ក្នុង​វិស័យ​សុខាភិបាល​នៅ​ទូទាំង​ប្រទេស មាន​ចំនួន​ ៣ ៥៤០ ​នាក់ ​ក្នុង​នោះ​ផ្នែក​វេជ្ជបណ្ឌិត​ទូទៅ​មាន​ចំនួន​ ៩១៦ ​នាក់​ផ្នែក​ឱសថ​មាន​ចំនួន​ ៩២១ ​នាក់ ផ្នែក​គិលានុបដ្ឋាក​មាន​ចំនួន​ ១ ៥៤៤ ​នាក់​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​មាន​ចំនួន ៤១ ​នាក់ ផ្នែក​ព្យាបាល​ដោយ​ចលនា​មាន​ចំនួន ១៨ ​នាក់ និង​ផ្នែក​ឆ្មប​មាន​ចំនួន​ ១០០ ​នាក់​។

ទោះជា​បែបណា​ក៏ដោយ គណៈកម្មាធិការ​ប្រឡង​ថ្នាក់ជាតិ​បាន​ព្រមាន​ថា នឹង​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​និស្សិត ដែល​បាន​ប្រឡង​ជាប់​ចូលរៀន​នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិស័យ​សុខាភិបាល​ចំពោះ​បេក្ខជន បេក្ខនារី ទាំងឡាយ​ណា ដែល​មិន​បានមក​បង្ហាញខ្លួន និង​ដាក់​ពាក្យសុំ​ចូលរៀន​នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិស័យ​សុខាភិបាល ដែល​ខ្លួន​បាន​ប្រឡង​ជាប់ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន មធ្យមសិក្សា​ទុតិយភូមិ​តាម​កាលកំណត់​ត្រឹម​ល្ងាច​ថ្ងៃទី​ ១៤ ខែ​កក្កដា ឆ្នាំ​ ២០២១ ខាងមុខ​នេះ​ទេនោះ​។

កាលពី​ថ្ងៃទី​ ២ ​ខែ​កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​លុបឈ្មោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ក្នុង​វិស័យ​សុខាភិបាល​ផងដែរ ប្រសិនបើ​រកឃើញថា បុគ្គល​ណាមួយ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ ដែល​លោក​បាន​តម្រូវ​គឺ​ការចូលរួម​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​អត់​មានមក​ថា ខ្ញុំ​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កូវីដ​ ១៩ ទីបំផុត​បាន​ក្របខ័ណ្ឌ​ហើយ ទៅ​ឯណា​ឆ្កុយ​។ (​នឹងត្រូវ​) ​លុប​ចេញពី​ក្របខ័ណ្ឌ ហើយ​យើង​រក​អ្នក​ដែល​ស្ម័គ្រចិត្ត​ចូលរួម​»៕

វីដេអូ៖