ភ្នំពេញៈ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ ៣៧៧ ​ករណី​ក្នុង​ខែមិថុនា និង​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ៨០៧ ​នាក់ បើ​ធៀប​នឹង​ខែ​ឧសភា បង្ក្រាប​បាន ៤២៣ ​ករណី មាន​ការថយចុះ​ ៤៦ ​ករណី​។ ក្នុងនោះ​មាន​ករណី​ជួញដូរ រក្សាទុក​ ២៨១ ​ករណី ការប្រើប្រាស់​ ៨៧ ​ករណី ការសំយោគ​កែច្នៃ ២ ​ករណី និង​ការដាំដុះ ៧ ​ករណី​។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើងថា សកម្មភាព​ចរាចរណ៍ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅតែ​បន្ត​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​រាជធានី-ខេត្ត​។ ក្នុង​ខែមិថុនា កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​សរុប​ ៣៧៧ ​ករណី​។

បើ​ធៀប​នឹង​ខែឧសភា ដែល​បង្ក្រាបបាន​ ៤២៣ ​ករណី​ មាន​ការថយចុះ​ ៤៦ ​ករណី ស្មើនឹង​ ១០៨ ​ភាគរយ​។ ក្នុងនោះ​ការជួញដូរ​រក្សាទុក​ ២៨១ ​ករណី ការប្រើប្រាស់​ ៨៧ ​ករណី ការសំយោគ កែច្នៃ​ ២ ​ករណី និង​ការដាំដុះ​ ៧ ​ករណី​។

តាមរយៈ​ហ្វេសប៊ុក​នៅ​ល្ងាច​ថ្ងៃទី​ ៧ ខែ​កក្កដា លោក ស ខេង ឱ្យដឹងថា ការបង្ក្រាប​គ្រឿងញៀន​ក្នុង​ខែ​មិថុនា សមត្ថកិច្ច​នគរបាល​បង្ក្រាបបាន​ចំនួន​ ៣៥៤ ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៧៦១​ ​នាក់​ (​ស្រី​ ៥៣ ​នាក់​)​។ រីឯ​កងរាជអាវុធហត្ថ​បង្ក្រាបបាន​ ២៣ ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៤៦ ​នាក់​ (​ស្រី​ ៣ ​នាក់​)​។

លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​លោក ស ខេង សរសេរ​ថា ឃាត់ខ្លួន​ជនសង្ស័យ​សរុប​មាន​ ៨០៧ ​នាក់​ [​សរុប​ទាំង​ការឃាត់ខ្លួន​របស់​នគរបាល និង​អាវុធហត្ថ​] ស្រី​ ៥៦ ​នាក់​។ ធៀប​ខែឧសភា ឆ្នាំ​ ២០២១ មាន​ ៩១៤ ​នាក់ ថយចុះ​ ១០៧ ​នាក់ ក្នុង​នោះ​ជនសង្ស័យ​ក្នុងករណី​ជួញដូរ រក្សាទុក​ ៥៨៤ ​នាក់​ (​ស្រី​ ៣៩ ​នាក់​)​។ ជនសង្ស័យ​ក្នុង​ករណី​ប្រើប្រាស់​គ្រឿងញៀន ២១៤ ​នាក់ (​ស្រី ១៧ ​នាក់​) និង​ជនសង្ស័យ​ក្នុងករណី​សំយោគ​កែច្នៃ ៩ ​នាក់​។

លោក ស ខេង បញ្ជាក់ថា ក្រៅពី​លទ្ធផល​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាក់ស្តែង​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់ផ្នែក​ និង​គ្រប់​ជាន់ថ្នាក់​ក៏បាន​ខិតខំ​ធ្វើ​សកម្មភាព​ក្នុង​ផ្នែក​ផ្សេងៗ​ទៀត ដូចជា​ការងារ​អប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និង​បដិសេធ​គ្រឿងញៀន​តាម​សហគមន៍ តាម​បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​សង្គម ដែល​មាន​អ្នកចូលរួម​អាន​ និង​ស្តាប់​រាប់លាន​នាក់​។

លោក​ ម៉ក់ ជីតូ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ផែន​គ្រឿងញៀន​ថ្លែង​ពី​ម្សិលមិញ​ថា ថ្ងៃទី​ ៦ កក្កដា ខេត្ត​ត្បូងឃ្មុំ​បាន​ប្រមូល​ផ្ទៀងផ្ទាត់​គ្រឿងញៀន​ដើម្បី​ត្រៀម​បំផ្លាញចោល ខណៈ​ខេត្ត​ផ្សេងទៀត​ក៏​កំពុង​ធ្វើការ​ប្រមូល​ដូចគ្នា​។

លោក​ថ្លែងថា​៖ «​ការប្រមូល​ហ្នឹង គឺ​យើង​មើល​សាលក្រម​ស្ថាពរ​នៃ​ការសម្រេច​ប៉ុន្មាន អី​ប៉ុន្មាន ហើយ​បាន​យើង​រៀបចំ​ពិធី​ដើម្បី​បំផ្លាញចោល​។ ការបំផ្លាញ​ហ្នឹង គឺ​យើង​រៀបចំ​នៅ​ខេត្ត​ណា ដែល​មាន​ស្នាដៃ​បង្ក្រាប​ច្រើន គឺ​យើង​ប្រមូល​ទៅ​ដាក់​នៅ​ខេត្ត​ហ្នឹង​»​។

តាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ស្រង់​សម្តី អភិបាលរង​ខេត្ត​ត្បូងឃ្មុំ លោក​ គន់ សុភា ពី​ម្សិលមិញ គ្រឿងញៀន​ដែល​កងកម្លាំង​បង្ក្រាបបាន ហើយ​នាំយក​មក​ត្រួតពិនិត្យ ប្រគល់ជូន​គណៈកម្មការ​បង្ក្រាប​គ្រឿងញៀន​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សរុប​មាន ៣៤៧ ​សំណុំរឿង និង​មាន​ទម្ងន់ ប្រមាណ​ជិត​ ១,៥ ​គីឡូក្រាម​។ ក្នុងនោះ​ថ្នាំញៀន​មេតំហ្វេតាមីន​ប្រភេទ ICE ទម្ងន់ ១,៤៣៨ ​ក្រាម និង ​២០ ​កញ្ចប់ និង​ថ្នាំញៀន​មេតំហ្វេតាមីន ប្រភេទ WY ទម្ងន់ ០,៦៥ ​ក្រាម ចំនួន​ ៦ ​គ្រាប់​។

លោក​ ម៉ក់ ជីតូ ថ្លែងថា ចំនួន​គ្រឿងញៀន​ដែល​ត្រូវ​បំផ្លាញ​ចោល​ទាំងអស់​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។ ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៨ ​តោន​ដែល​នឹងត្រូវ​បំផ្លាញចោល​ក្នុង​នោះ ៤ ​តោន​ដុត​បំផ្លាញចោល ចំណែក​ ៤ ​តោន​ទៀត​ត្រូវ​ធ្វើការ​បន្សាប​។

ប៉ុន្តែ​លោក​ ជីតូ មិនបាន​បញ្ជាក់​ថ្ងៃ​ណា​ឱ្យ​ប្រាកដ ដែល​នឹង​ត្រូវធ្វើការ​បំផ្លាញ​នោះទេ​។ លោក​ថ្លែង​ថា​៖ «​យើង​ត្រូវធ្វើ​តាំងពី​ថ្ងៃទី​ ២៦ ប៉ុន្តែ​ធ្វើ​មិនទាន់ តែ​យើង​នៅតែ​ធ្វើ ព្រោះ​ឥឡូវ​គណៈកម្មការ​គេ​កំពុង​ដើរ​ប្រមូល​។ កាលណា​ប្រមូល​ហើយ ទើប​រៀបចំ​ពិធី​បំផ្លាញ ដែល​នឹងធ្វើ​ឡើង​នៅតាម​សាលាឧទ្ធរណ៍​តំបន់ ដែល​មាន​ភ្នំពេញ [​ខេត្ត​ព្រះសីហនុ​] បាត់ដំបង និង​ត្បូងឃ្មុំ​។ បើ​ទីណា​មាន​ស្នាដៃ​បង្ក្រាប​ច្រើនជាងគេ យើង​ធ្វើ​នៅ​ទីនោះ​»​។

លោកប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែងថា ទោះបីជា​អាជ្ញាធរ​បង្ហាញថា ករណី​គ្រឿងញៀន​មាន​ការថយចុះ​ក្តី ប៉ុន្តែ​ពិនិត្យ​ជារួម​ស្ថានភាព​គ្រឿងញៀន​នៅតែ​ជា​បញ្ហា​ហានិភ័យ​ចម្បង​មួយ​សម្រាប់​សង្គម​ជាតិ​។

លោក​ថា​៖ «​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​ក្រសួង​មហាផ្ទៃ គួរតែ​បង្កើត​ប្រព័ន្ធ​ពិនិត្យ និង​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដើម្បី​រកឱ្យឃើញ​ចំណុច​ត្រូវ​កែលម្អ ដែល​អាចឈាន​ដល់​ការធ្វើ​កំណែទម្រង់​ដំណើរការ និង​យុទ្ធវិធី​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​»៕