ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹងថា ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​បន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម និង​បាន​ដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម​បន្ថែមទៀត សំដៅ​ជួយ​សម្រាល​ការលំបាក និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ដែលមាន​ជីវភាព​ក្រីក្រ ជាពិសេស​ស្ត្រី និង​ក្មេងស្រី​។

តាមរយៈ​សារលិខិត​របស់​លោក​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា ឆ្នាំ​ ២០២១ ក្នុងឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​ ៣២ ថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ​ ២០២១ បញ្ជាក់ថា រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ចំពោះ​កម្មការិនី​ដែលជា​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រួសារ​ដែលមាន​ជីវភាព​ក្រីក្រ ការបង្កើន​មូលធន​ថវិកា សាច់ប្រាក់​ពលកម្ម​ដើម្បី​ជួយ​ដល់​កម្មករ និយោជិត ដែល​បាន​ព្យួរការងារ អំឡុង​ពេលដែល​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​មួយចំនួន​បាន​ផ្អាក​ដំណើរការ និង​កម្មវិធី​ជំនួយ​សង្គម​ថ្មី​មួយទៀត ដែល​ជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស​គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​ ១៩ ដែល​ត្រូវ​បានប្រកាស​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ ​កន្លងទៅនេះ សំដៅ​ជួយ​ដល់​ប្រជាជន​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​បណ្ណសមធម៌ (​ក្រ-១ និង ក្រ-២)​។

ក្នុង​សារលិខិត​នេះ​បន្តថា ថ្មីៗ​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​សេចក្តី​សម្រេច​ស្តីពី​យន្តការ​ និង​នីតិវិធី​នៃ​ការអនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព ​រួមមាន​ប្រជាពលរដ្ឋ​ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព ​និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​គ្របដណ្តប់ ១០០% ចំពោះ​អ្នកមាន​បណ្ណក្រីក្រ​តាមរយៈ​មូលនិធិ សមធម៌​សុខភាព និង​គ្របដណ្តប់​លើ​កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ មន្ត្រីរាជការ​ស៊ីវិល តាមរយៈ​គម្រោង រ៉ាប់រង​ធានា​សុខភាព​មន្ត្រីរាជការ​ស៊ីវិល​នៃ ប.ស.ស. ដែលមាន​កញ្ចប់​ភោគផល ប្រព័ន្ធ​បង់ប្រាក់ ដែល​គ្របដណ្តប់​លើ​កញ្ចប់​សេវា​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ពេញលេញ​លើ​គ្រប់​កម្រិត​ថ្នាក់​នៃ​ការថែទាំ​ដែលមាន​ការផ្តល់សេវា​។

ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​នៅតែ​ផ្តល់​អាទិភាព​ខ្ពស់​លើ​វិស័យ​សុខភាព​សាធារណៈ តាមរយៈ​ការបង្កើន​កិច្ចអន្តរាគមន៍ និង​ការបង្កើន​ថវិកាជាតិ​រៀងរាល់ឆ្នាំ ជាពិសេស​លើ​វិស័យ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ សំដៅ​ពង្រឹង​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ ដែលជា​មធ្យោបាយ​មួយ​នៃ​ការ​ឈានទៅ​សម្រេចបាន​គោលដៅ ការកាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ដែល​បានកំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) ឱ្យដឹងថា ប្រព័ន្ធ​បែងចែក ឬ​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ភាព​ងាយ​រងគ្រោះ​របស់​រាជរដ្ឋាភិបាល​ក្នុង​អំឡុងពេល​កូវីដ ១៩ ជាពិសេស​ផ្តល់​ដល់​ក្រុមមនុស្ស (​ក្រ-១ និង ក្រ-២) មាន​ប្រសិទ្ធភាព ប៉ុន្តែ មកទល់​ពេលនេះ មិនទាន់មាន​ការវាយតម្លៃ​ពី​ស្ថាប័ន​ឯករាជ្យ​ណាមួយ​នៅឡើយ​ទេ​។

លោក សន ជ័យ ថ្លែងថា​៖ «​បើតាម យើង​សង្កេតមើល​ជារួម​ការផ្តល់​តាមរយៈ​វីង អី ហ្នឹង វា​ជា​រឿង​ល្អ​។ នៅពេលដែល​ខ្ញុំ​ដើរ​តាម​ខេត្ត​បាន​ពលរដ្ឋ មក​ទទួលបាន​ព័ត៌មាន និង ពលរដ្ឋ​ទាក់ទង​ទៅ​រដ្ឋបាល​ឃុំ សង្កាត់ អី មើលទៅ​វា​រលូន​ដែរ​»​។

លោក សន ជ័យ ថ្លែងថា ក្នុង​មួយរយៈ​ចុងក្រោយ​នេះ កិច្ចការ​របស់​រដ្ឋាភិបាល​មានការ​ប្រែប្រួល​ច្រើន ហើយ​ការងារ​ខ្លះ​ត្រូវការ​ប្រតិកម្ម​រហ័ស ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់ រដ្ឋាភិបាល​មិនបាន​ផ្តល់ជំនួយ​សង្គម​ទាន់ពេលវេលា​ជូន​ដល់​ពលរដ្ឋ​នោះទេ​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ និង​ក្រសួងផែនការ បានផ្តល់​ជំនួយ​សង្គម​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​តំបន់​អាទិភាព​មុនគេ នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​បើ​ឱ្យ​ខ្វះ​ជំនួយ​សង្គម​គឺ​មិន​ខ្វះ​នោះទេ គ្រាន់តែ​មុន​ហើយ​និង​ក្រោយ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​យើង​មាន​កញ្ចប់​ថវិកា​ទម្លាក់​ជូន ទៅ​ថ្នាក់ក្រោម​ជាតិ យើង​អត់​ខ្វះ​ទេ យើង​ធ្វើ​ទៅតាម​ដំណាក់ៗ និង​តំបន់​អាទិភាព ប៉ុន្តែ​បើសិនជា​មាន​ការខ្វះចន្លោះ​ណាមួយ​នោះ វា​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួនឯង ក្នុង​ការសហការ​​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ជំនួយ​បន្ទាន់ ពី​កាកបាទ​ក្រហម ដែល​មាន​ក្រុមការងារ​អាច​ទម្លាក់​ជូន​ទៅដល់​ហ្នឹង មុននឹង​ទទួល​ជំនួយ​សង្គម​»​។

លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានឱ្យដឹងថា ចំពោះ​ការលើកឡើង​ថា​មាន​ភាពយឺតយ៉ាវ​​ក្នុងការ​ផ្តល់ជំនួយ​សង្គម​នេះ ប្រហែល​គេ​មិនទាន់​យល់​ពី​នីតិវិធី​របស់​រដ្ឋាភិបាល ក្នុង​ការផ្តល់​ជូន​ប្រជាពលរដ្ឋ ព្រោះ​ពេលនោះ​រដ្ឋាភិបាល​គិតពី​បញ្ហា​ផ្តល់​ស្បៀង​ឱ្យ​ពលរដ្ឋ​កុំឱ្យ​មានការ​ដាច់ ជាពិសេស​ក្នុង​អំឡុង​បិទខ្ទប់​នោះ ហើយ​នៅពេលនោះ​ក៏​មិនអាច​យក​ថវិកា​ទៅ​ទិញដូរ​អ្វី​បានទេ​។

លោក សំហេង បុរស ថ្លែង​ថា បើទោះបី​ក្នុងដំណាក់កាល​នៃ​ការផ្តល់​ថវិកា​ឱ្យចំ​មនុស្ស​ក៏​វា​អាច​នឹងមាន​បញ្ហា​ច្រើន ដូច្នេះ​រដ្ឋាភិបាល​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់​ស្បៀង​ជូន​ពួកគាត់​វិញ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​មិនមាន​ការដក​ថ្លៃ​ទឹក​ ឬ​ថ្លៃ​ភ្លើង​នោះទេ​។

លោក បុរស ថ្លែងថា​៖ «​មកដល់ពេលនេះ យើង​បាន​ជួយ​ចេញថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ហើយ​មិនតែ​ប៉ុណ្ណោះ គ្រួសារ​ខ្លះ​បាន​ថវិកា​ ៧០ ​ដុល្លារ ឬ គ្រួសារ​ខ្លះទៀត​ ៤០ ​ដុល្លារ​ទៅតាម​ចំនួន​មនុស្ស​ក្នុង​គ្រួសារ​»​។

លោក សំហេង បុរស ថ្លែង​ថា​មកទល់ពេលនេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ក្នុងការ​ផ្តល់ជំនួយ​សង្គម​ជូន​ដល់​គ្រួសារ​ក្រីក្រ ក្នុង​អំឡុងពេល​កូវីដ​ ១៩ នេះ​ចំនួន ៣០០ ​លាន​ដុល្លារ​អាមេរិក​។ បើ​រាប់បញ្ចូល​ក្នុងការ​​ផ្តល់ជំនួយ​ដល់​កម្មករ កម្មការិនី និង​ការជួយ​ស្តារ​សេដ្ឋកិច្ចសង្គម​ផ្សេងទៀត​កើន​ដល់ ១ ​ពាន់​លាន​ដុលា្លរ​អាមេរិក​៕