ភ្នំពេញៈ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​តាម​ក្រសួង​នានា បាន​ថ្លែង​សារ​អបអរសាទរ ទិវា​ ៨ កក្កដា ជា​ខួប​ ៤ ​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ (៨ កក្កដា ២០១៧-៨ កក្កដា ២០២១)​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ ២០២១ នេះ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់លោក​ថា ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទ​សំបូរព្រៃគុក បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏ទាក់ទាញ ហើយក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទបុរាណ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរ​គ្រប់ៗ​ជំនាន់​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ការដាក់​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​ទាំងនេះ​មិន​ត្រឹមតែ​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​នោះទេ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌ និង​ប្រាសាទ​បុរាណ​របស់​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ​»​។

ទន្ទឹមគ្នានេះ​ផងដែរ លោក ហេង សំរិន ប្រធានរដ្ឋសភា បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​ដែរ​ថា ការសម្រេច​ដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏មាន​តម្លៃ​រហូត​ត្រូវបាន UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០១៧ ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។

លោក ហេង សំរិន ថ្លែងថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​អតីត​ព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​សាងសង់ ប្រាសាទ​សំបូរព្រៃគុក និង​ប្រាសាទបុរាណ​ដទៃទៀត​ជាច្រើន​នៅ​ពាសពេញ​ប្រទេស​ទុកឱ្យ​កូនចៅ​រហូត​សព្វថ្ងៃនេះ ធ្វើឱ្យ​អន្តរជាតិ ស្ញប់ស្ញែង​ចំពោះ​ពូជសាសន៍​របស់​យើង​ជាទីបំផុត​»​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​ផលិត​វីដេអូ​អបអរសាទរ​ខួប​ ៤ ​ឆ្នាំ​នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​នេះ ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ផងដែរ​។

តំបន់​ប្រាសាទសំបូរព្រៃគុក​បាន​ក្លាយជា​តំបន់​ប្រវតិ្តសាស្ត្រ​ទី​៣ របស់​កម្ពុជា ដែល​ត្រូវបាន​ចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ១២ ខែ កក្កដា ឆ្នាំ​ ២០១៧ ដែលមាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិន្រៃ្តយ៍ បន្ទាប់ពី​ប្រាសាទអង្គរវត្ត​ដែល​បាន​ចុះ​ក្នុង​បញ្ជី នៅ​ឆ្នាំ​ ១៩៩២ និង​ប្រាសាទព្រះវិហារ នៅ​ឆ្នាំ​ ២០០៨​។

លោក ផាន់ ណាឌី អគ្គនាយក​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២១ នេះ​ថា​៖ «​នៅក្នុង​ខួប​ ៤ ​ឆ្នាំ​នៃ​ការដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​ឆ្នាំនេះ រាជរដ្ឋាភិបាល​មិនបាន​អនុញ្ញាត​ឱ្យ​មាន​ការរៀបចំ​ជួបជុំ​ប្រារព្ធ​ពិធី​ធំដុំ​ទេ ដោយ​បញ្ហា​ជំងឺ​កូវីដ ១៩ ប៉ុន្តែ អាជ្ញាធរ​បានរៀបចំ​បដា​អបអរសាទរ​នៅ​ជុំវិញ​រមណីយដ្ឋាន​សំបូរ​ព្រៃគុក និង​នៅក្នុង​បណ្តាញ​សង្គម​»​។

លោក ផាន់ ណាឌី ថ្លែងបន្តថា ក្នុង​រយៈពេល ៤ ​ឆ្នាំ បន្ទាប់ពី​ការដាក់បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ជាច្រើន ដោយ​ក្នុងនោះ​បានរៀបចំ​ឱ្យមាន​ស្លាក​សញ្ញា​បង្ហាញ​ទិស​ច្រកចូល​ប្រាសាទ រៀបចំ​ឱ្យមាន​បន្ទប់​ទឹក ៣ ​ទីតាំង កែលម្អ​កន្លែង​អាហារដ្ឋាន​ឱ្យមាន​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ល្អ​នៅ​មួយកន្លែង និង​កិច្ច​ការជួសជុល​ប្រាសាទ ជាដើម​។

លោក ផាន់ ណាឌី ថ្លែងថា ចំពោះ​ការជួសជុល​ប្រាសាទ​វិញ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​រៀបចំ​សិក្សា​ចងក្រង​ជា​ផែនទី​ហានិភ័យ​នៃ​ប្រាសាទ​នីមួយៗ​ដោយ​ក្នុងនោះ​អាជ្ញាធរ​បាន​ចាប់ផ្តើម​ជួសជុល​ប្រាសាទ​ណា​ដែលមាន​ហានិភ័យ​ខ្ពស់​។ នៅក្នុង​រយៈពេល ៤ ​ឆ្នាំ​នេះ អាជ្ញាធរ​បាន​ជួសជុល​ប្រាសាទ​ដែលមាន​ហានិភ័យ​ខ្ពស់ ស្ទើរតែ​អស់ហើយ​ក្នុងចំណោម​ប្រាសាទ​ផ្សេងទៀត​។

លោក ផាន់ ណាឌី បញ្ជាក់ថា គណៈកម្មការ ICC Angkor ក៏បាន​ចុះមក​ពិនិត្យមើល និង​ផ្តល់យោបល់​មួយចំនួន​ក្នុងពេល​ដែល​អាជ្ញាធរ​បានធ្វើ​ការជួស​ជុល​ដែរ​។ ក្រៅពីនេះ​អាជ្ញាធរ​ក៏បាន​ទប់ស្កាត់​ការសាងសង់​សំណង់ និង​ការចាក់ដី​ចូលមក​ក្នុង​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃគុក​នេះដែរ រួម​ជាមួយ​នឹង​ការធ្វើ​ផ្លូវ​ភ្លើង នៅពេល​មាន​ភ្លើង​ឆេះ កុំឱ្យ​រាលដាល​ដល់​ប្រាសាទ ដើម្បី​កាត់ផ្តាច់​ពី​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​កុំឱ្យ​រាលដាល​ដល់​ប្រាសាទ​។

លោក ផាន់ ណាឌី បញ្ជាក់ថា អ្វីដែល​សំខាន់​គឺ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បានរៀបចំ​ធ្វើ​សិក្ខាសាលា អប់រំ និង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​បេតិកភណ្ឌ​ពិភពលោក​ជូន​ដល់​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដើម្បីឱ្យ​ពួកគាត់​បាន​យល់​កាន់តែច្បាស់ និង​ឱ្យ​មាន​ការចូលរួម​ក្នុង​ការការពារ អភិរក្ស ដើម្បី​ធ្វើយ៉ាងណា​ផ្តល់​ចំណូល​ជូន​ដល់​ពួកគាត់​វិញ​តាមរយៈ​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​។

លោក​ ផាន់ ណាឌី ថ្លែងថា​៖ «​បេតិកភណ្ឌ​មួយ​ដែល​រក្សាបាន​គង់វង្ស លុះត្រាតែ​មានការ​ចូលរួម ជាពិសេស​ការចូលរួម​ពី​សហគមន៍​នៅក្នុង​មូលដ្ឋាន​។ ដូច្នេះ បើ​គាត់​យល់​នឹង​ទទួលបាន​ផលប្រយោជន៍ ទើប​គាត់​ចូលរួម បើសិន​អត់​ទទួលបាន​ផល​ទេ គាត់​អត់​មក​ចូលរួម គាត់​មិន​ខ្វល់​ទេ​»​។

លោក ផាន់ ណាឌី ថ្លែងថា កាលពី​មិនទាន់មាន​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ រមណីយដ្ឋាន​សំបូរ​ព្រៃគុក (២០១៨- ២០១៩) មាន ភ្ញៀវទេសចរ​កើន​យ៉ាងខ្លាំង ១ ​ជា​ ១០ ​ដង ដែល​អាច​ផ្តល់​ចំណូល​ជូន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នេះ យ៉ាងច្រើន​ដោយ​ពលរដ្ឋ​មិនបាច់​បញ្ជូន​កូនចៅ​របស់​ពួកគាត់​ទៅ​ស្វែងរក​ការងារ​នៅក្រៅ​ប្រទេស ឬ​នៅ​ឆ្ងាយ​នោះទេ​។

បើតាមលោក ផាន់ ណាឌី រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ជា​ក្រុង​បុរាណ ឦសានបុរៈ ដែល​ត្រូវបាន​សាងសង់​ឡើង​នៅ​សតវត្សរ៍​ទី​៦ និង​ដើម​សតវត្សរ៍​ទី៧ (​ក្នុ​សម័យ​ចេនឡា​) ដោយ ស្តេច​ឦសាន​វរ្ម័នទី​១ នៅ​សម័យ​ចេនឡា​។ នៅក្នុង​រមណីយដ្ឋាន​នេះ​មាន​ទីទួល​បុរាណ និង​ប្រាសាទ​ចំនួន ២៩៣ ​កន្លែង​៕