ភ្នំពេញៈ ចាប់ពី​ខែមករា​ឆ្នាំមុន មកដល់​ខែមិថុនា ឆ្នាំ​ ២០២១ ​នេះ អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ​បានធ្វើ​តេស្ត​ជនទេសន្តរប្រវេសន៍​ជាង​ ១៣ ០០០​ នាក់ រក​រោគ​ឃើញ​អ្នកមាន​ជំងឺរបេង​ប្រមាណ ២០០ ​នាក់ ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ខណៈ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១១ ​រហូត​ដល់​បច្ចុប្បន្ន អ្នក​ឆ្លង​ជំងឺ​របេង​មាន​ការធ្លាក់ចុះ​ច្រើន​។

លោកស្រី ឌុំ ច័ន្ទធីតា មន្ត្រី​គម្រោង​ថ្នាក់ជាតិ​ទទួល​បន្ទុក​ផ្នែក​សុខភាព​ទេសន្តរប្រវេសន៍​នៃ​អង្គការ IOM ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លទ្ធផល​ខាងលើ​បាន​រកឃើញ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យ​ក្នុង​ការអនុវត្ត​គោលនយោបាយ សុខភាព​ទេសន្តរប្រវេសន៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោកស្រី​បញ្ជាក់ថា​៖ «​អង្គការ IOM បានធ្វើ​តេស្ត​ជនទេសន្តរប្រវេសន៍​ជាង ១៣ ០០០ នាក់​ ដើម្បី​រកមើល​រោគសញ្ញា​ជំងឺរបេង​ក្នុង​ចំណោម​នេះ ជនទេសន្តរប្រវេសន៍​ប្រមាណ ២០០ ​នាក់ មាន​ជំងឺរបេង និង​ត្រូវបាន​បញ្ជូនទៅ​ទទួល​ការព្យាបាល​ក្នុង​នោះ​ក៏មាន​អ្នកជំងឺ​មួយចំនួន បាន​ព្យាបាល​ជាសះស្បើយ​រួចហើយ​ដែរ​»​។ ទិន្នន័យ​នេះ​គឺជា​ទិន្នន័យ​សរុប​ដែល​យើង​បានធ្វើ​តាំងពី​ការចាប់ផ្ដើម​អនុវត្ដ​គម្រោង​កាលពី​ខែមករា ឆ្នាំ​ ២០២០ រហូតដល់​ខែមិថុនា ឆ្នាំនេះ​។

កាលពី​ការអនុវត្ដ​គម្រោង​នេះ​ជំហាន​ដំបូង អង្គការ IOM បាន​អនុវត្ដ​ចំពោះ​ជន​ទេសន្តរប្រវេសន៍​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ដោយផ្ទាល់​ភ្លាមៗ​តែម្ដង​។ ប៉ុន្ដែ​ដោយសារ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ការអនុវត្ដ​នេះ​បាន​ផ្លាស់ប្ដូរ​នៅ​អំឡុង​ខែកញ្ញា​ឆ្នាំមុន ដោយ​ក្រុមការងារ​របស់​អង្គការ​បាន​ចុះទៅ​ធ្វើតេស្ដ​រក​មេរោគ​​របេង​ដល់​ពលករ​នៅ​មូលដ្ឋាន នៅក្នុង​សហគមន៍​តែម្ដង គឺ​លែង​ធ្វើ​នៅ​មាត់ច្រក​ព្រំដែន​ទៀតហើយ​។

លោកស្រី ឌុំ ច័ន្ទធីតា បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​អនុវត្ដ​នៅក្នុង​ស្រុក​ប្រតិបត្ដិ​ចំនួន​ ៣ គឺ​ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី និង​ស្រុក​ម៉ាឡៃ ខណៈ​អង្គការ IOM នឹង​ពង្រីក​គម្រោង​នេះ​ទៅ​តាម​បណ្ដា​ស្រុក​ផ្សេងទៀត​ឱ្យបាន​ទូទាំង​ខេត្ដ​បន្ទាយមានជ័យ​។

លោក​ ហួត ចាន់យូដា នាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន នៃ​ក្រសួង​សុខាភិបាល​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុមការងារ​របស់​ក្រសួងសុខាភិបាល​កំពុង​បន្ត​អនុវត្ដ​ការងារ ស្វែងរក​មេរោគ​របេង និង​ព្យាបាល​ជំងឺរបេង​ដល់​ពលរដ្ឋ​ដដែល មិនមាន​ការអាក់ខាន​ឡើយ​។ ចំណែក​ការសហការ​ជាមួយ​អង្គការ IOM គឺ​នៅតែ​បន្ត​សហការ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​បន្ទាយមានជ័យ លើ​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​។

លោក​ថ្លែងថា​៖ «​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​របេង ជំងឺរបេង​នេះ គឺ​យើង​នៅ​បន្ត​ដំណើរការ​ទៅមុខ​ជានិច្ច​ ទោះបីជា​ជំងឺ​កូវីដ​ ១៩ បាន​កំពុង​វាយលុក​ក៏ដោយ​។ ការងារ​នេះ​គឺ​តម្រូវឱ្យ​យើង​មាន​កិច្ចសហការ​គ្នា​បន្តទៀត​រវាង​អាជ្ញាធរ​ និង​អង្គការ​សង្គម​ស៊ីវិល​ដៃគូ​ដែល​ពាក់ព័ន្ធ​ទាំងអស់​»​។

លោក​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រកឃើញ​អ្នកជំងឺ​របេង​ចំនួន ២៩ ១៣៦ ករណី ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៩៤ ភាគរយ​។ ចំណែក​អត្រា​ស្លាប់ ដោយសារ​ជំងឺរបេង​ចាប់តាំងពី​ឆ្នាំ​ ២០១១ ​រហូតមកដល់​ឆ្នាំ​ ២០១៩ គឺមាន​ការធ្លាក់ចុះ​ជាង​ ៥០ ​ភាគរយ​។ កាលពី​ឆ្នាំ​ ២០១៩ មាន​អ្នកស្លាប់​ដោយសារ​របេង​ចំនួន​ ១៧ ករណី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាង​ ១០ ​លាន​នាក់​។

ចំណែក​ទិន្នន័យ​ស្លាប់​ឆ្នាំ​ ២០២១ មិនទាន់​មាន​ការបូកសរុប​នៅឡើយ​ទេ​។

ប៉ុន្ដែ​លោក ហួត ចាន់យូដា អះអាងថា រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០២១ ​នេះ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​ ២០២០ គឺមាន​ការធ្លាក់ចុះ​។ លោក​បន្តថា ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​របេង​មួយចំនួន​ត្រូវបាន​អាក់ខាន​។ ប៉ុន្ដែ​ការផ្ដល់សេវា​ព្យាបាល និង​ការស្រាវជ្រាវ​រក​មេរោគ​របេង គឺ​នៅតែ​បន្តធ្វើ​ដដែល​។

លោកស្រី ឌុំ ច័ន្ទធីតា បាន​លើកឡើងថា ជំងឺរបេង​គឺជា​ជំងឺឆ្លង​។ ជំងឺ​នេះ​អាចមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រសិនបើ​អ្នកជំងឺ​មិន​ទៅ​ទទួល​ការព្យាបាល​។ ដូច្នេះ​អ្វីដែល​អង្គការ IOM ព្យាយាម​រក​មេរោគ​របេង​នេះ គឺ​ដើម្បី​កំណត់​រកមុខ​សញ្ញា​រក​មេរោគ​របេង​ឱ្យទាន់​ពេលវេលា ការពារ​កុំឱ្យ​ជន​ដែលមាន​ផ្ទុកមេរោគ​របេង ចម្លង​ទៅដល់​សមាជិកគ្រួសារ​របស់​ពួកគេ​ ឬ​អ្នក​ផ្សេងទៀត​។

លោកស្រី​បន្តថា មេរោគ​បេង​នេះ គឺ​ងាយ​ឆ្លង​ដូច​មេរោគ​កូវីដ ១៩ ​ដែរ ហើយ​ដើម្បី​ធ្វើការ​ទប់ស្កាត់ គឺ​ត្រូវ​កាត់បន្ថយ​ការចម្លង​ទៅកាន់​អ្នកដទៃ នៅពេល​ដែល​រកឃើញ​អ្នក​ដែលមាន​រោគសញ្ញា​ភ្លាមៗ​។ ពីព្រោះ​បើសិន​អ្នក​ផ្ទុកមេរោគ​របេង​ទៅ​ព្យាបាល​ទាន់ពេល គឺ​មិនអាច​ប្រឈម​នឹង​ការស្លាប់​ទេ​។

ប៉ុន្ដែ​លោកស្រី​បញ្ជាក់ថា ការព្យាបាល​ជំងឺ​នេះ គឺ​ត្រូវការ​ពេលវេលា​យូរ រហូតដល់​ ៦ ​ខែ​ដោយ​អ្នកជំងឺ​ត្រូវ​អនុវត្ដ​ទៅតាម​វិជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​។

លោកស្រី​ ឌុំ ច័ន្ទធីតា បញ្ជាក់ថា​៖ «​អង្គការ IOM មាន​ក្រុម​ការងារ​ទំនាក់ទំនង​ជាមួយ​មណ្ឌល​សុខភាព នៅ​មូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​តាមដាន​ដល់​អ្នក​ជំងឺរបេង ដែល​ត្រូវ​ព្យាបាល​ដើម្បី​ប្រាកដថា ពួកគេ​នឹង​អនុវត្ដ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​​គ្រូពេទ្យ និង​ទទួលយក​ថ្នាំ​ទៅ​ព្យាបាល​ទៀងទាត់​»៕