បាត់ដំបងៈ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​​អនីតិជន ខេត្តបាត់ដំបង​នឹង​បញ្ជូន​បុរស​ចំណាស់​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ៩ ​កក្កដា​នេះ បន្ទាប់ពី​ចាប់ខ្លួនបាន​ ២ ​ថ្ងៃ​ករណី​សង្ស័យ​ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​ ១៤ ​ឆ្នាំ​ម្នាក់ ប្រព្រឹត្ត​នៅ​ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

លោក ប៊ន់ វណ្ណារ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ​កក្កដា​ថា ជនសង្ស័យ​ឈ្មោះ បូង ញឹម អាយុ​ ៦៦ ​ឆ្នាំ ឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម.ថ អាយុ​ ១៤ ​ឆ្នាំ ពួកគេ​រស់​ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។

តាម​របាយការណ៍​របស់​នគរបាល​ស្រុក​មោងឫស្សី​បាន​ឱ្យ​ដឹងថា ជនល្មើស​ម្នាក់នេះ​ខាង​នគរបាល​ស្រុក​មោងឫស្សី​បាន​បញ្ជូន​ជនសង្ស័យ​ដល់​ការិយាល័យ​របស់​លោក​ហើយ នៅ​ល្ងាច​ថ្ងៃទី ៨ ​កក្កដា​។

លោក​បញ្ជាក់ថា​៖ «​ជនល្មើស​ត្រូវ​ដឹក​ពី​ស្រុក​មកដល់​ការិយាល័យ​ខ្ញុំ នៅ​ថ្ងៃ​ត្រង់នេះ​ (​ថ្ងៃទី​ ៨ ​កក្កដា​)​។ បើ​លោក​ស្នងការ​​ស៊ីញ៉េ គឺ​ខ្ញុំ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ថ្ងៃនេះ​ (​ថ្ងៃទី​ ៨ ​កក្កដា​) ​តែម្តង តែបើ​មិនទាន់​ទេ ខ្ញុំ​បញ្ជូនទៅ​នៅ​ថ្ងៃទី​ ៩ ​កក្កដា​»​។

លោក​ថ្លែង​បន្តថា​៖ «​រឿងនេះ មាន​ក្មេងស្រី​ម្នាក់​បាន​ទៅ​ទាន់ពេល​ជនសង្ស័យ​កំពុង​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​។ អ៊ីចឹង​យើង​ត្រូវ​សាកសួរ​សាក្សី​ក្មេង​ម្នាក់​នោះ​ទៀត​»​។

លោក ស គឹមឡុង អធិការ​នគរបាល​ស្រុក​មោងឫស្សី​ប្រាប់​តាម​សម្តី​ម្តាយ​ក្មេងរងគ្រោះ​នៅ​ថ្ងៃទី​ ៨ ​កក្កដា​ថា ក្មេងរងគ្រោះ​រស់នៅក្នុង​ជីវភាព​ក្រីក្រ ឪពុក​-ម្តាយ​ជា​កសិករ​រស់នៅក្នុង​ឃុំ​កកោះ ស្រុក​មោងឫស្សី​។ នៅ​ថ្ងៃទី ៤ ​កក្កដា កូនស្រី​របស់គាត់​ (​ក្មេងរងគ្រោះ​) ​បាន​ដឹកគោ​ទៅ​ឃ្វាល​នៅ​វាលស្រែ​ហើយ​ក៏មាន​ក្មេងៗ​ប្រុស​ស្រី​ទៅជា​មួយ​ដែរ​។ លោក​បន្តថា នៅ​ទីតាំង​ឃ្វាលគោ​នោះ ក៏មាន​ជនសង្ស័យ​ទៅ​ឃ្វាលគោ​នៅក្បែរ​នោះដែរ​ប៉ុន្តែ​ក្មេងៗ​ដែល​ជុំគ្នា​ឃ្វាលគោ​បាន​បំបែក​គ្នា​ទៅតាម​គោក្របី​របស់​ពួកគេ​រៀងៗ​ខ្លួន ឯ​ក្មេងរងគ្រោះ​នៅ​ម្នាក់ឯង​។

លោក​ គឹមឡុង ​បញ្ជាក់ថា​៖ «​រឿងនេះ​បែកការណ៍​ដោយសារ​មាន​ក្មេងស្រី​ម្នាក់ទៀត​ទៅ​ទាន់​បុរស​នោះ​កំពុង​រំលោភ​ហើយ​គាត់​រត់​ទៅ​ទាំង​ននលគោក​ (​ស្រាត​) ​ទៅ​»​។ លោក​ឱ្យដឹង​បន្តថា ដោយសារ​តែ​ក្មេងស្រី​ម្នាក់​នោះ​ឃើញ​ជនសង្ស័យ​ក៏​ទៅប្រាប់​ម្តាយ​ក្មេងរងគ្រោះ និង​បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​នៅ​ថ្ងៃទី​ ៧ ​កក្កដា ទើប​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

ទោះយ៉ាងណា នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គាត់​គ្រាន់តែ​បាន​ពោបលើ​ក្មេងស្រី​ប៉ុណ្ណោះ តែ​មិនបាន​រំលោភ​ទេ​៕