ព្រះវិហារៈ អង្គការ WCS សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះវិហារ បានធ្វើ​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​ដល់​គោ និង​ក្របី​ប្រមាណ ៦០០ ​ក្បាល របស់​អ្នកស្រុក​នៅ​ភូមិ​ចំនួន ៤ ក្នុងស្រុក​គូលែន និង​ស្រុក​ឆែប ដើម្បី​បង្ការ​ជំងឺសា​ទឹក ខណៈ​យុទ្ធនាការ​នេះ​កំពុង​សិក្សា​បន្ត​ពង្រីក​ទៅ​ភូមិ​គោលដៅ​ដទៃទៀត ដែល​ធ្លាប់​ផ្ទុះ​ជំងឺ​សាទឹក​នៅក្នុង​សហគមន៍​។

ទំព័រ​ហ្វេសបុក​របស់​អង្កការ WCS នៅ​ថ្ងៃទី​ ៧ កក្កដា បានឱ្យដឹងថា យុទ្ធនាការ​នេះ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​កសិកម្ម ធនធាន​ធម្មជាតិ និង​បរិស្ថាន ស្រុក​គូលែន​ និង​ស្រុក​ឆែប ខេត្តព្រះវិហារ​។

អង្គការ WCS បាន​បន្តថា យុទ្ធនាការ​នោះ​មាន​រយៈពេល​ ៤ ​ថ្ងៃ និង​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ខាំកឺត ភូមិ​សួង និង​ភូមិ​កំពង់សង្កែ ស្ថិតក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប និង​ភូមិ​សម្បូរ ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដោយបាន​ចាក់​វ៉ា់ក់សាំង​ដល់​គោ​ចំនួន​ ៣៦៤ ​ក្បាល និង​ក្របី​ចំនួន ២៣៦ ​ក្បាល​។

អង្គការ WCS បាន​បញ្ជាក់ថា​៖ «​សត្វពាហនៈ​ស្រុក គឺជា​ប្រភេទ​សត្វ​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​។ ការស៊ី​ស្មៅ និង​ការដេក​ននៀល​ត្រាំភក់​របស់​សត្វ​ទាំងនេះ ជួយ​ស្តារឡើងវិញ​ និង​ថែរក្សា​នូវ​ទីជម្រក​នានា​ដូចជា ថ្លុក ត្រពាំង ដែល​មាន​សារៈសំខាន់​ចំពោះ​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត នៅលើ​ពិភពលោក​ដូចជា សត្វ​ត្រយងយក្ស​ជាដើម​»​។

លោក ផាន់ ស៊ីថាន មន្ត្រី​គម្រោង​របស់​អង្គការ WCS ប្រចាំខេត្ត​ព្រះវិហារ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៨ ​កក្កដា​បន្ថែមថា យុទ្ធនាការ​នេះ​កំពុង​សិក្សា​ដើម្បី​អនុវត្ត​នៅក្នុង​ភូមិ​គោលដៅ​នៃ​ស្រុក​ទាំង​ ២ នេះ​បន្តទៀត​។

លោក​បន្តថា ការបើក​យុទ្ធនាការ​នេះ ក៏​ដើម្បី​បង្ការ​ជំងឺសា​ទឹក​ដល់​សត្វ​ចិញ្ចឹម​ស្រុក រួមទាំង​ដើម្បី​ការពារ​ការចម្លង​ដល់​សត្វព្រៃ​ផងដែរ ខណៈ​តំបន់​ទាំងនោះ គឺ​សុទ្ធតែ​ធ្លាប់​ផ្ទុះ​ជំងឺ​នេះ​ទៅលើ​សត្វ​គោ និង​ក្របី​។

លោក​រៀបរាប់​ថា​៖ «​ដោយសារតែ​ភូមិ​ទាំងអស់​មាន​ចំនួន គោក្របី​ច្រើន ហើយ​គោក្របី​ទាំងនេះ គឺជា​ធនធាន​ដ៏សំខាន់​សម្រាប់​អ្នកស្រុក​យើង​។ គោលបំណង​មួយទៀត គឺ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​នេះ រាលដាល​ទៅដល់​ភូមិ​ផ្សេងៗ​ទៀត​»​។

បន្ថែម​ពីនេះ លោក​ ផាន់ ស៊ីថាន បាន​សង្កត់ធ្ងន់​ថា​៖ «​ភូមិ​ទាំងនេះ គឺ​សុទ្ធតែ​មាន​សត្វព្រៃ​សំខាន់ៗ​ដែល​ជា​សត្វកម្រ ដែលមាន​វត្តមាន​នៅក្បែរៗ​ភូមិ​ដែរ​។ ការចាក់​វ៉ាក់សាំង​នេះ គឺ​ទប់ស្កាត់​ធ្វើ​យ៉ាងម៉េច កុំឱ្យ​សត្វស្រុក​មាន​ជំងឺ​សាទឹក ឆ្លងទៅ​សត្វព្រៃ​»​។

បើតាម​លោក ផាន់ ស៊ីថាន ជំងឺ​សាទឹក គឺអាច​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត តាមរយៈ​មេរោគ​នៃ​ជំងឺ​នេះ ហើយ​វា​ក៏​ងាយ​នឹង​ឆ្លង​ជំងឺ​នេះ​ទៅ​សត្វព្រៃ​តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់​នៅ​កន្លែង​ដែល​សត្វ​មាន​ជំងឺ​ធ្លាប់​រស់នៅ ដោយ​ការឈឺ​ងាប់​ផងដែរ​។

តាម​អង្គការ WCS ការងារ​អភិរក្ស និង​ការចាក់​វ៉ាក់សាំង​លើ​គោក្របី​នេះ ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​ស្ថានប្រព័ន្ធ​ផុយស្រួយ (CEPF) ដែល​គម្រោង​នេះ ក៏​នឹង​ផ្តល់​ដល់​ការចាក់​វ៉ាក់សាំង​ដោយ​គិតថ្លៃ​ដល់​គោក្របី​របស់​អ្នកភូមិ ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​នូវ​ជំងឺ​សាទឹក ដែល​នាំ​បង្កឱ្យមាន​ហានិភ័យ ដល់​សុខភាព​សត្វ​ផងដែរ​៕

វីដេអូ៖