ភ្នំពេញៈ ក្នុង​ទិវា​អបអរសាទរ បុណ្យ​រុក្ខទិវា​ ៩ ​កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ថែរក្សា​ការពារ​ព្រៃឈើ ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ និង​ជីវិត​សត្វព្រៃ និង​ប្រព័ន្ធ​ជីវៈចម្រុះ​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ និង​ចូលរួម​ដាំ​ដុះ​កូនឈើ ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ ឱ្យបាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់ខ្លួន​យើង​ផង សហគមន៍​យើង​ផង​ និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង​ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ជាច្រើន​ផង​ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ទៀតថា បុណ្យ​រុក្ខទិវា​ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ​ ១៩៥២ ក្រោម​ព្រះរាជកិច្ច​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ដើម្បី​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្ដិ​ព្រៃឈើ ជាពិសេស​ដើម្បី​បណ្តុះ​គំនិត​ថែរក្សា​ការពារ និង​គំនិត​ស្រលាញ់​ព្រៃឈើ​ និង​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​៕