ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​ជាង ១ ២០០ លើក បាន​កើត​ឡើង​ក្នុង​រយៈពេល​ ៦ ខែ ដើម​ឆ្នាំ ២០២១ នេះ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង ៧០០ នាក់​ស្លាប់ និង​ជិត ២ ០០០ នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់-ស្រាល ហើយ​ករណី​គ្រោះថ្នាក់់​នេះ ភាគ​ច្រើន​កើត​ឡើង​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

លោក ស ខេង បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ​កក្កដា​នេះ​ថា​ នៅ​ក្នុង​រយៈពេល ១ ឆមាស ឆ្នាំ ២០២១ នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ១ ២៦១ លើក ដែល​ជាង ៥០ ភាគរយ កើត​ឡើង​ពេល​យប់ និង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ៧០៩ នាក់ និង​របួស​ចំនួន ១ ៧៩២ នាក់ ក្នុង​នោះ​របួស​ធ្ងន់​ចំនួន ១ ០៤៦ នាក់។

លោក​បាន​លើក​ឡើង​ថា៖ «តួលេខ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ឆ្នាំ​មុន​បាន​ថយ​ចុះ ៣៥៨ លើក ស្មើ​នឹង ២២ ភាគរយ ក្នុង​នោះ​ស្លាប់ ១៥២ នាក់ ស្មើ​នឹង ១៨ ភាគរយ និង​របួស​ថយ​ចុះ ៦៥៧ នាក់ ស្មើ​នឹង​ ២៧ ភាគរយ»។

លោក ស ខេង បាន​បន្ថែម​ថា មូលហេតុ​នៃ​គ្រោះ​ថ្នាក់ គឺ​ពាក់ព័ន្ធ​នឹង​ល្បឿន​ដែល​មាន​រហូត​ដល់ ៣៤ ភាគរយ មិន​គោរព​សិទ្ធិ ២៣ ភាគរយ បត់​មិន​ប្រយ័ត្ន ៩ ភាគរយ មិន​ប្រកាន់​ស្តាំ ១៦ ភាគរយ វ៉ាជែង ៨ ភាគរយ ស្រវឹង ៣ ភាគរយ កត្តា​យានយន្ត ៣ ភាគរយ និង​ងងុយ​ដេក ១ ភាគរយ។

ភូមិសាស្ត្រ​ដែល​មាន​អត្រា​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ គឺ​រាជធានី​ភ្នំពេញ ដែល​មាន​គ្រោះ​ថ្នាក់​ចំនួន ៣៤០ លើក បន្ទាប់​គឺ​ខេត្ត​កណ្តាល​ដែល​មាន ៨៦ លើក និង​ខេត្ត​ស្វាយរៀង ៧៧ លើក។

ចំណែក​គ្រោះថ្នាក់​រថយន្ត​ដឹក​កម្មករ​វិញ បាន​កើត​មាន​ឡើង​នៅ​ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ និង​តាកែវ ដែល​បណ្ដាល​ឱ្យ​កម្មករ របួស​សរុប​ចំនួន ២៧៦ នាក់។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ក្នុង​រយៈពេល ៦ ខែ​ ដើម​ឆ្នាំ ២០២១ នេះ សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​យានយន្ត​សរុប​បាន​ចំនួន ១០២ ៩៩៥ គ្រឿង ដែល​បាន​រក​ឃើញ​មាន​ម៉ូតូ​ល្មើស​ចំនួន ៧៧ ៧៩៤ គ្រឿង ក្នុង​ចំណោម​នោះ​ការ​ល្មើស​ដោយសារ​មិន​ពាក់​មួក​សុវត្ថិភាព​មាន ៩០ ភាគរយ សញ្ញា​ចរាចរណ៍ ៦ ភាគរយ ស្លាកលេខ ២ ភាគរយ ទូរស័ព្ទ ២ ភាគរយ និង​បើកបរ​ទាំង​ស្រវឹង ១ ភាគរយ។

លោក​បញ្ជាក់​ថា៖ «សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​រថយន្ត​ល្មើស​មាន​ចំនួន ២៨,២០១ គ្រឿង (រថយន្ត​ធំ​ជាង ៦០០ គ្រឿង) ហើយ​ក្នុង​ចំណោម​នោះ ​មាន​រថយន្ត​ល្មើស​ខ្សែ​ក្រវាត់ ៥២ ភាគរយ ល្បឿន ១៦ ភាគរយ និយាយ​ទូរស័ព្ទ ១០ ភាគរយ សញ្ញា​ចរាចរណ៍ ៧ ភាគរយ ស្លាក​លេខ ៥ ភាគរយ ល្មើស​ចំណុះ ៤ ភាគរយ បណ្ណ​បើកបរ ៤ ភាគរយ ស្រវឹង ១ ភាគរយ ឆៀក ១ ភាគរយ និង​អាជីវកម្ម ១ ភាគរយ»។

លោក ស ខេង បាន​អំពាវនាវ​ដល់​ជន​រួមជាតិ​ទាំង​អស់ ត្រូវ​ប្រកាន់​យក​ការ​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​គ្រប់ៗ​គ្នា និង​គ្រប់​មធ្យោបាយ​ធ្វើ​ដំណើរ ព្រម​ទាំង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ និង​គ្រប់​ពេលវេលា។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​ស្រលាញ់​អាយុ​ជីវិត​អ្នក និង​ក្រុម​គ្រួសារ​អ្នក ព្រម​ទាំង​គោរព​ជីវិត និង​សេចក្ដី​សុខ​អ្នក​ដទៃ សូម​រួម​គ្នា​គោរព​ច្បាប់​ឱ្យ​បាន​ល្អ។ នៅ​ពេល​យើង​គ្រប់​គ្នា​គោរព​ច្បាប់​បាន​ល្អ នោះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​យើង​មាន​ភាព​ល្អ​ប្រសើរ កាត់​បន្ថយ​បាន​អ្នក​ស្លាប់ របួស ពិការ ការ​ខាត​បង់​ថវិកា និង​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​រួម​ចំណែក​លើក​តម្កើង​កិត្តិយស​ជាតិ​ផង​ដែរ»៕