រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង សម្រេច​បិទ​រោងចក្រ ត្រី ប៉ូស អ៉ីនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ច្រករមៀត ឃុំឈូកស ស្រុក​កំពង់ត្រឡាច​ជា​បណ្តោះ​អាសន្ន ចាប់​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ជូន​ដំណឹង​សាជាថ្មី។

ការសម្រេច​បិទ​ជា​បណ្តោះ​អាសន្ន​នូវ​រោងចក្រ​មួយ​នេះ ដោយ​រដ្ឋបាល​ខេត្ត បាន​អះអាង​ថា ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ​ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដែល​កំពុង​ផ្ទុះ​ក្នុង​រោងចក្រ​មួយ​នេះ។

ក្នុង​អំឡុង​ពេល​បិទ​ជា​បណ្តោះ​អាសន្ននេះ រដ្ឋបាលខេត្ត បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​ហ៊ុមព័ទ្ធ​ទីតាំង​ខាង​លើទាំងមូល​ជា​បណ្តោះ​អាសន្ន និង​ផ្អាក​សកម្មភាព​អាជីវកម្ម ផលិតកម្ម និង​ការ​ចេញ-ចូល​ទីតាំង​ខាង​លើ​ជា​បណ្តោះ​អាសន្ន។

បន្ថែមពីនេះ រដ្ឋបាល​ខេត្ត ក៏​តម្រូវ​ឱ្យ​កម្មករ កម្មការិនី​រោងចក្រ​ខាង​លើ​ទាំង​អស់ ធ្វើ​ចត្តាឡីស័ក​នៅ​តាម​អគារ​ធ្វើ​ចត្តា​ឡីស័ក​របស់​រោងចក្រផ្ទាល់ ឬ​នៅ​តាម​លំនៅឋាន និង​ទី​សំណាក់​រៀងៗ​ខ្លួន ឱ្យ​បាន​ហ្មត់ចត់​តាម​ការ​ណែនាំ​របស់​ក្រសួង សុខាភិបាល។

លោក ស៊ុន សុវណ្ណារិទ្ធិ បាន​សង្កត់ធ្ងន់​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​ថា អាជ្ញាធរ​ទាំង​អស់​ក្នុង​មូលដ្ឋាន ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក។

លោក​បាន​បញ្ជាក់​ថា៖ «ចំពោះ​បុគ្គលិក កម្មករ និង​អ្នក​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល​ក្នុង​ទីតាំង​ខាង​លើ ត្រូវ​តាម​ដាន​សុខភាព របស់ខ្លួន​ជាប់​ជា​ប្រចាំ និង​សូម​ប្រញាប់​ទំនាក់​ទំនង​មក​ក្រុម​ការងារ​មន្ទីរពេទ្យ​បង្អែក​កំពង់​ត្រឡាច ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បីយក​សំណាក​ធ្វើ​តេស្ត​ជា​បន្ទាន់ ចាប់​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ ២០២១ នេះ​ត​ទៅ រៀង​រាល់​ម៉ោង​ធ្វើការ និង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​ស្រប​តាម​ការណែ​នាំ»៕