មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចែក​កូន​ឈើ​ពូជ​គ្រញូង ៤៨ ៥៩០ ដើម ឈើ​ហូប​ផ្លែ និង​ប្រភេទ​ផ្សេង​ទៀត​ចំនួន ៣ ១២៦​ដើម ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៧ឃុំ ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ និង​បាន​ដាក់​តាំង​ឡូតិ៍​សារពើភ័ណ្ឌ​ប្រភេទ​ឈើ​គ្រញូង និងឈើ​នាងនួន​សរុប​ចំនួន ៨៦ ឡូតិ៍ ក្នុង​ដែន​ព្រៃ​ធម្មជាតិ។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបង្ហាញ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​សាកល្បង​ចុះ​បញ្ជី​ព្រៃ​ឯកជន​ចម្ការ​ឈើ​គ្រញូង និងឈើ​នាងនួន ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ដែល​ក្នុង​នោះ​ការ​ចែក​កូន​ឈើ​ពូជ​គ្រញូង ៤៨ ៥៩០ដើម ឈើ​ហូបផ្លែ និង​ប្រភេទ​ផ្សេងទៀត​ចំនួន ៣ ១២៦ដើម ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៧ឃុំ ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ និង​បាន​ដាក់​តាំង​ឡូតិ៍​សារពើ​ភ័ណ្ឌ​ប្រភេទ​ឈើគ្រញូង និង​ឈើ​នាង​នួន​សរុប​ចំនួន ៨៦ ឡូតិ៍ ក្នុង​ដែន​ព្រៃ​ធម្មជាតិ​ផងដែរ។

លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ​លោក វេង សាខុន សរសេរថា «ដើម្បី​ស្តារ និង​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​ធនធាន​ពូជឈើ​គ្រញូង​ដែល​ស្ទើរ​ជិត​ផុត​ពូជ ឲ្យ​បាន​គង់វង្ស និង​ធ្វើ​ការ​ដាំ​ដុះ​បង្កើត​ធនធាន​ប្រភេទ​ឈើ​ប្រណីត​នេះ​ឲ្យ​សម្បូរ​ឡើង​វិញ រដ្ឋបាល​ព្រៃឈើបាន​សហការ​ជាមួយ​ដៃគូ​អភិរក្ស ការពារ និង​ថែរក្សា​ធនធាន​ជីវចម្រុះ​ឡើង​វិញ តាម​រយៈ​កម្មវិធី CITES Tree Species Programme ធ្វើ​ការ​បណ្តុះ និង​ចែកចាយ​កូន​ឈើ​ពូជ​គ្រញូង​សរុប​ចំនួន ៤៨ ៥៩០ដើម ឈើ​ហូប​ផ្លែ និង​ប្រភេទ​ផ្សេង​ទៀត​ចំនួន ៣ ១២៦ដើម ជូន​ដល់ប្រជាពលរដ្ឋ​ចំនួន ៧ឃុំ (ទឹកក្រហម មរកត ជាំក្សាន្ត រំដោះស្រែ កន្តួត ស្រអែម និងយាង) យក​ទៅ​ដាំ​តាម​របង​ផ្ទះ ដី​ស្រែ ចម្ការ វត្តអារាម សាលារៀន មណ្ឌល​សុខភាព សាលាឃុំ សាលារៀន បន្ទាយ​ទាហាន និង​ស្នាក់​ការ​ប៉ូលិស។ល។»។

បើតាមលោក វេង សាខុន រដ្ឋបាល​ព្រៃឈើ​បាន​សហការ​ជាមួយ​លេខាធិការដ្ឋាន CITES ដើម្បី​អនុវត្ត​គម្រោង​ស្តីពី "ការ​សាក​ល្បង​ចុះបញ្ជី​ព្រៃឯក​ជន​ចម្ការ​ឈើ​គ្រញូង និង​ឈើ​នាង​នួន ក្នុង​ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់​រយៈពេល ១៨​ខែ ចាប់​ពី​ក្នុង​ឆ្នាំ ២០២០ ដល់ ២០២១។

គម្រោង​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ពី​លេខាធិការដ្ឋាន The Convention on International Trade in Endangered Species of Wild Fauna and Flora (CITES)។ មាន​គោល​បំណង​ធ្វើ​ការ​សិក្សា​អំពី​ស្ថានភាព​ឈើ​ប្រណីត​ទាំង​ពីរ​ប្រភេទ នៅ​ខេត្ត​ព្រះវិហារ និង​លក្ខខណ្ឌ​អំណោយ​ផល​នានា​ក្នុង​ការ​គាំទ្រ​ដល់​ការ​បង្កើន និង​ការ​ចុះ​បញ្ជី​ចម្ការ​ឈើ​ដាំ​ទាំង​ពីរ​ប្រភេទ​នេះ​ជា​លក្ខណៈ​ឯកជន​ខ្នាត​តូច។

លោក វេង សាខុន បន្តថា មន្ត្រីកសិកម្ម បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ធ្វើ​ការ​រៀបចំ​កម្មវិធី​ដាំ​កូន​ឈើ​គ្រញូង​តាម​រយៈ​ការ​ដាំ​ស្តារ​ឡើងវិញ​នៅ​លើ​ដី​ព្រៃ​រេចរឹល​នៅ​ទូទាំង​ស្រុក​សរុប​មាន​ចំនួន ៤ ៣៥០ដើម មាន​លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាហាន នគរបាល​ព្រំដែន ព្រះសង្ឃ មេធាវី និង​ប្រជាពលរដ្ឋ​ចំនួន ៦៥០ នាក់​ចូលលរួម​ដាំ ក្នុង​រយៈពេល ១៨ ខែ​មក​នេះ។

ហ្វេសប៊ុក​លោកវេង សាខុន សរសេរថា «ក្រុម​ការងារ​បាន​បញ្ចប់​ការ​រៀបចំ​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ ស្តីពី​ការ​ចុះ​បញ្ជី​ព្រៃ​ឯកជន និង​បាន​ដាក់​ប្រជុំ​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី​២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ខណ្ឌ ផ្នែក និង​សង្កាត់​រដ្ឋបាលព្រៃឈើ​តាម​បណ្តាល​រាជធានី-ខេត្តទាំង២៤ និង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល អ្នក​តាក់តែង​គោល​នយោបាយ ពាណិជ្ជករ វិស័យ​ឯកជន និង​គ្រឹះ​ស្ថាន​អប់រំ​វិស័យ​កសិកម្ម ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម» ។

ជាមួយគ្នានោះ ក្រុម​ការងារ​ក្រសួង​កសិកម្ម​បាន​រៀបចំ​នីតិវិធីនៃ​ការ​ចុះ​បញ្ជី​ព្រៃឯកជន និង​ឯកសារ​ពាក់​ព័ន្ធ ដែល​រួម​មាន​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជីព្រៃ​ឯកជន សៀវភៅ​បន្ទុក និង​វិញ្ញាបនបត្រ​សម្រាប់ ដាក់​ឱ្យ​ប្រើប្រាស់​ករណី​មាន​ការ​ស្នើសុំ​ចុះ​បញ្ជី​ព្រៃ​ឯកជន។ ទន្ទឹម​នេះ ក្រុម​ការងារ​ក៏បាន​រៀប​ចំ​របាយការណ៍​បច្ចេក​ទេស​ស្តីពី ជីវសាស្រ្ត អេកូឡូស៊ី ទីជម្រក ស្ថានភាព និន្នាការ រចនាសម្ព័ន្ធ និង​ឌីណាមិក​នៃ​ប្រភេទ​ឈើគ្រញូង និង​ឈើ​នាងនួង​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត។

លោក វេង សាខុន បញ្ជាក់ថា ក្នុង​រយៈពេល ១៨ ខែ​មកនេះ ក្រុម​ការងារ​ក្រសួង​កសិកម្ម​ក៏​បាន​ដាក់​តាំង​ឡូតិ៍​សារពើ​ភ័ណ្ឌ​ប្រភេទ​ឈើគ្រញូង និង​ឈើនាង​នួន​សរុប​ចំនួន ៨៦ ឡូតិ៍ ក្នុង​ដែន​ព្រៃ​ធម្មជាតិ ដើម្បី​ប៉ាន់​ស្មាន​មាឌឈើ រប៉ាយ រចនាសម្ព័ន្ធ និន្នាការ និង​ចំណាត់​ថ្នាក់អង្កត់​ផ្ចិត​ដែល​ជា​ជំ​នួយ​ក្នុង​ការ​រៀបចំ​ឯកសារ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ប្រភេទ​ឈើ​ទាំង​ពីរ​ព្រម​ទាំង​បាន​បញ្ចាប់​របាយការណ៍​បច្ចេកទេស​ស្តីពី​ការ​ធ្វើ​សារពើភ័ណ្ឌ​ឈើ​ទាំង​ពីរ​ប្រភេទ។

លោកថ្លែងថា៖ «ពេលនេះក្រុមការងារកំពុងបន្តរៀបចំរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃការគ្រប់គ្រង ស្ថានភាពអភិរក្ស កំណត់ត្រាប្រមូលផលឈើទាំងស្របច្បាប់ និងខុសច្បាប់ តំបន់ប្រមូលផល វិធានការគ្រប់គ្រង និងត្រួតពិនិត្យឈើទាំងពីរប្រភេទ ព្រមទាំងរបាយការណ៍វាយតម្លៃលទ្ធផលនៃការធ្វើសារពើភណ្ឌ ដោយអនុលោមតាមគោលការណ៍សម្រាប់រៀបចំរបាយការណ៍របស់អនុសញ្ញាសាយតេស»៕