ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះ សូម​កុំ​ធ្វើ​ការ​បន្លាស់ទីពី​កន្លែង​មួយ​ទៅ​កាន់​ទី​កន្លែង​មួយ ខណៈ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺកូរីដ១៩ បំប្លែងថ្មី "Deltal Delta Plus” កំពុង​មាន​ហានិភ័យ​ខ្ពស់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ។

សេចក្តី​ជូនដំណឹង ចុះថ្ងៃទី ៩ កក្កដា បានឲ្យដឹងថា ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូរីដ១៩ បំប្លែង​ថ្មី "Deltal Delta Plus” សូម​ប្រជាពលរដ្ឋ​ខ្មែរ ពលករ សិស្ស​និស្សិត ដែល​កំពុង​ស្នាក់​នៅ ធ្វើការ និង​សិក្សា នៅ​ប្រទេស ម៉ាឡេស៊ី កុំ​ធ្វើ​ការ​បន្លាស់​ទី​ពីកន្លែង​មួយ​ទៅ​កាន់​ទី​កន្លែង​មួយ។

ជាមួយ​នឹង​ការ​ហាម​មិន​ឲ្យ​បន្លាស់​ទី ស្ថានទូត​កម្ពុជា ក៏​ព្រមាន​ដែរ​ថា ប្រសិន​បើ​ពុំ​មាន​ការ​ចាំបាច់ និង​ចៀសវាង​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅកម្ពុជា​នៅ​ក្នុង​អំឡុង​ពេល​នេះ ដែល​អាច​បង្ក​ហានិភ័យ និង​អាច​នាំ​យក​ជំងឺ​កូវីដ១៩ បំប្លែងថ្មី DaDAs ចូល​កម្ពុជា​ថែម​ទៀត។

ស្ថានទូត​បាន​បញ្ជក់ថា៖ «ជំងឺ​កូរីដ ១៩ បំប្លែងថ្មី -Deltal Delta Plus កំពុង​មាន​ហានិភ័យ​ខ្ពស់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុងរយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ ទាំង​នៅ​ប្រទេស​កម្ពុជា និង​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ សូម​ចូលរួម​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដែលផ្ដល់​ឱ្យ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ីឱ្យ បាន​គ្រប់ៗ​គ្នា»។

បន្ថែមពីនេះ ស្ថានទូត ក៏អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ឲ្យ​ចូលរួម​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ប្រទេស ម៉ាឡេស៊ី ឱ្យ​បានខ្ជាប់​ខ្ជួន ជាពិសេស វិធានការ​ការពារ​នានា​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ដើម្បី​ជួយ​ការពារ​សុវត្ថិភាព ផ្ទាល់​ខ្លួន​របស់​បង​ប្អូន។

សូមជម្រាប់ថា ជំងឺ​កូរីដ​១៩ បំប្លែង​ថ្មី "Deltal Delta Plus” មិន​ត្រឹម​តែ​កំពុង​ផ្ទុះ​រីករាល​ដាល​នៅ​ប្រទេស ម៉ាឡេស៊ី ប៉ុណ្ណោះ​ទេ​ សូម្បីប្រទេស​ជិត​ខាង​កម្ពុជា ដូចជា ប្រទេសថៃ ប្រទេស​វៀតណាម ក៏​កំពុង​តែ​មាន​សន្ទុះ​ឆ្លង​រីករាលដាល​ខ្លាំង ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំងនោះ បាន​ដាក់​វិធាន​ជា​បន្ត​បន្ទាប់ និង​បាន​បិទ​តំបន់​សំខាន់ៗ​មួយ​ចំនួន​របស់​ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​នៃ​ជំងឺ​កូវីដ​បំប្លែង​ថ្មី​នេះ៕

វីដេអូ៖