សៀមរាបៈ មន្ត្រី​បរិស្ថាន​ខេត្ត​សៀមរាប ដាំ​កូន​ឈើ​ចម្រុះ​ឡើង​វិញ​នៅ​តាម​បណ្តា​តំបន់​ការពារ​ធម្មជាតិ​លើ​ផ្ទៃដី​ប្រមាណ ៩០​ហិកតា ដើម្បីធានា​និរន្តរភាព​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត និង​អំពាវនាវ​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ចូល​រួម​ការពារ និង​អភិរក្ស​ព្រៃឈើ​ដែល​ដាំ​ឡើង​វិញ​កុំ​ឲ្យបាត់បង់។

តាម​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ដក​ស្រង់​សម្តី លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ២០២០​ដល់​ដើម​ឆ្នាំ ២០២១នេះ មន្ត្រីបរិស្ថាន​ដាំ​កូន​ឈើ​បាន​ច្រើន​នៅ​លើ​ខ្នង​ភ្នំ​គូលែន ស្រុក​ស្វាយលើ ស្រុក​វ៉ារិន​នៅ​តំបន់​អភិរក្សជីវៈចម្រុះ​ចង្រ្កានរយ សរុប​រួម ខ្ទង់៩០ ហិកតា។

លោកថ្លែងថា៖ «យើង​ដាំ​ចម្រុះ មាន​ដើម​យាង គគីរ អ៊ីចឹង​ទៅ សម្រាប់​មន្ទីរ​បរិស្ថាន​នៅតែ​មាន​គម្រោង​ដាំ ហើយ​យើង​កំពុង​រៀប​ចំ​ថ្នាលបន្ថែម សម្រាប់​ការងារ​បណ្តុះ​កូន ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​ទៅ​តាម​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ឱ្យ​ព្រៃឈើ សត្វ​ព្រៃ ឬ​ជីវ​ចម្រុះ គង់វង្សនិង​រីក​ចម្រើន បន្ទាប់​ពី​ការ​បាត់បង់​ទៅ»។

លោកប្រធានមន្ទីរបន្តថា ទោះបីជាឆ្នាំ ២០២១​នេះ មិន​មាន​សកម្មភាព​ប្រមូល​ផ្តុំ មនុស្ស​ច្រើន ព្រោះ​តែ​វិបត្តិ​នៃ​ជំងឺ​ឆ្លង​កូវីដ ១៩​ ក៏​ដោយ មន្ទីរ​បរិស្ថាន​ខេត្ត​នៅ​តែ​រៀប​ចំ​កម្មវិធី​ដាំ​កូន​ឈើ​ឡើង​វិញ ជា​ប្រភេទ​ពូជ​ឈើ​ប្រណីតៗ​រួម​មាន ដើម​គគីរ យាង(ឈើទាល) គ្រញូង និង​កូនឈើ​ចម្រុះ​ជាច្រើន​ទៀត ដើម្បី​បង្កើន​គម្រប​ព្រៃឈើ និង​ទេសភាព​បៃតង នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ជាច្រើន ជាពិសេស នៅ​ឧទ្យាន​ជាតិភ្នំ​គូលែន និង​សហគមន៍​អេកូទេសចរណ៍​ចង្រ្កាន​រយ​ជាដើម។

បើតាមលោក ស៊ុន គង់ ដើម្បី​ថែ​រក្សា​ព្រៃឈើ ឱ្យ​នៅ​គង់វង្ស​បន្ត​ទៀត ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​អាស្រ័យ​ផល​នឹង​ព្រៃឈើ​តែ​ម្តង ដោយ​ពួក​គាត់​ត្រូវ​ហ៊ាន​ចូលរួម​រាយការណ៍​នៅ​ពេល​កើត​មាន​បទល្មើស​ព្រៃឈើ និង​ការដាំដុះ​ស្តារ​ឡើង​វិញ​នូវ​គម្រប​ព្រៃឈើ ដែល​ខូច​ខាត​ឬ​បាត់​បង់​កន្លង​មក។

លោកថ្លែងថា៖ «កន្លងមកនេះ អង្គភាព​ពាក់​ព័ន្ធ​ជាច្រើន​នៅ​ក្នុង​ខេត្តសៀមរាប រួមមាន មន្ទីរ​បរិស្ថាន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរអប្សារា បាន​ដាំ​កូនឈើ​ជាច្រើន នៅ​តំបន់​សឹករេចរឹល និងតំបន់ ប្រាង្គប្រាសាទ ដើម្បី​បង្កើន​សោភ័ណភាព និង​ភាព​បៃតង ព្រោះ​ព្រៃឈើមាន​ផល​ប្រយោជន៍​ជាច្រើន​ដូចជា ផ្តល់​ជា​ម្លប់ ទាក់​ទាញ​ទឹក​ភ្លៀង ផ្តល់​សំណើម​ដល់​ភព​ផែនដី កាត់​បន្ថយ​ការ​បំពុល បរិស្ថាន ផ្តល់​នូវ​ការប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​ប្រាង្គ​ប្រាសាទ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​សៀមរាប ​ក៏ត្រូវ​បាន​ការពារ​និង​ថែ​រក្សាដោយសារ​ដើម​ឈើដែរ»៕