ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៤ លានដូស បានដឹកមកដល់កម្ពុជា នៅព្រឹកនេះ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា រដ្ឋាភិបាល កំពុងពិចារណាក្នុងការផ្តល់វ៉ាក់សាំងលើកទី ៣ ដល់អ្នកចាក់វ៉ាក់សាំងគ្រប់ចំនួន ២ ដូសបន្ថែមទៀត ដើម្បីអាចធានាថា ប្រសិទ្ធភាពនៃវ៉ាក់សាំង នឹងអាចចូលរួមទប់ស្កាត់ជំងឺកូវីដបំប្លែងថ្មី Deltal Delta Plus បានកម្រិតណា។

នៅព្រឹកថ្ងៃទី១០ កក្កដា ថ្នាក់ដឹកនាំកម្ពុជា បានមកទទួលវ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន ចំនួន ៤ លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងនោះ គឺមានវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ១លានដូស និងស៊ីណូវ៉ាក់ ចំនួន ៣លានដូស។

ក្នុងឱកាសនោះ លោក ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បូករួមជាមួយនឹងវ៉ាក់សាំង ៤ លានដូសមកដល់ថ្មី កម្ពុជា បានទទួលវ៉ាក់សាំងសរុប ចំនួន ១៧ លានដូសរួចមកហើយ ដើម្បីបន្តចែកចាយចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកស្រីបន្តថា គិតត្រឹមខែសីហាខាងមុខនេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុប ២០ លានដូស ខណៈកម្ពុជា បន្តបញ្ជាទិញវ៉ាក់សាំងបន្ថែមពីប្រទេសចិន និងតាមយន្តការផ្សេងៗទៀត។

ជាមួយនឹងការមកដល់វ៉ាក់សាំងទាំងនេះ លោកស្រី យក់ សម្បត្តិ ក៏បានអះអាងថា កម្ពុជា ក៏កំពុងពិចារណា ផ្តល់វ៉ាក់សាំងលើកទី ៣ ដល់អ្នកចាក់វ៉ាក់សាំងរួចបន្ថែមទៀត ដើម្បីឲ្យប្រាកដថា វ៉ាក់សាំងទាំងនេះ អាចនឹងមានប្រសិទ្ធភាពចូលរួមទប់ស្កាត់ជំងឺកូវីដ បំប្លែងថ្មី Deltal Delta Plus។

លោកស្រីបានបញ្ជាក់ថា៖ «វ៉ាក់សាំងដែលប្រជាពលរដ្ឋ បានទទួលចំនួន ២ដូសនេះ យើងកំពុងតែសិក្សាអំពីប្រសិទ្ធនៃវ៉ាក់សាំង ហើយរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងជូនពួកគាត់ រហូតមកដល់ថ្ងៃនេះ គឺបានជិត ៥០ ភាគរយ (ទូទាំងប្រទេស)។ វ៉ាក់សាំងអាចការពារមិនឲ្យយើងវិវត្តន៍ទៅសភាពធ្ងន់ធ្ងរ ក៏ប៉ុន្តែបើយើងមិនការពារ យើងអាចងាយនឹងឆ្លងជំងឺនេះ។ យើងសង្ឃឹមថា អ្នកចាក់វ៉ាកសាំង ចំនួន ២ ដូសហើយ គាត់ នឹងការពារថែមទៀត»។

សូមជម្រាបថា ចំពោះវ៉ាក់សាំងដែលមកដល់ចុងក្រោយចំនួន ៤ លានដូសនេះ នឹងត្រូវបញ្ចូនទៅចែកចាយនៅខេត្តដែលប្រឈមនឹងការឆ្លងរីករាលដាលដូចជា ខេត្តកណ្តាល និងខេត្តដទៃទៀត ដែលនៅជាប់បណ្តាព្រំដែននៃប្រទេសជិតខាង៕