ភ្នំពេញៈ មន្ទីរពិសោធន៍​ផលិតផល​កសិកម្ម និង​ម្ហូប​អាហារ មិន​ត្រឹម​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​គុណភាព សុវត្ថិភាព​កសិផល និង​ម្ហូប​អាហារ និង​ការពារ​សុខភាព​សាធារណ: ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង និង​ជំងឺ​មិន​ឆ្លង​ទាំង​សត្វ និងដំណាំ​ទៀត​ផង។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ព្រឹក​នេះ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បាន​បង្ហាញ វឌ្ឍនភាព​នៃ​ដំណើរការ​វិវត្តន៍​មន្ទីរ​ពិសោធន៍​ផលិតផល​កសិកម្ម និង​ម្ហូប​អាហារ​កម្ពុជា។

លោក​ថា មន្ទីរពិសោធន៍ គឺជា​កន្លែង​វិនិច្ឆ័យ បញ្ជាក់ ឬ​ផ្ទៀងផ្ទាត់​ចុង​ក្រោយ​ថា​ផលិតផល​ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ស្រស់ ឬជាលក្ខណ:​កែច្នៃ​បឋម មាន​គុណភាព​ល្អ និង​សុវត្ថិភាព ចង់​សំដៅ​ទៅ​លើ​ផលិតផល​មួយ​ប្រភេទ​គ្មាន​សំណល់​សារធាតុគីមី (លើស​ពី​កម្រិតកំណត់) គ្មាន​ពពួក​អតិសុខុម​ប្រាណ (bacteria, parasite, and virus) សារធាតុ​ពុល​បណ្តាល​មក​ពី​សំណល់​លោហ:ធាតុ​ធ្ងន់ (Heavy metal) សំណល់​ថ្នាំ និង​ជីកសិកម្ម គ្មាន​ជំងឺ​ឆ្លង និង​ពពួក​ផ្សិត​ចង្រៃ។ល។

លោកថ្លែងថា៖ «មន្ទីរ​ពិសោធន៍​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​គុណភាព សុវត្ថិភាព​កសិផល និង​ម្ហូប​អាហារ និង​ការពារ​សុខភាពសាធារណ: លើក​កម្ពស់​ជំនឿ​ទុក​ចិត្ត និង​ផ្តល់​ភាព​យុត្តិធម៌​ដល់​អ្នក​បរិភោគ។ ម្យ៉ាង​វិញ​ទៀត មន្ទីរ​ពិសោធន៍​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្លង និង​ជំងឺ​មិន​ឆ្លង​ទាំង​សត្វ និង​ដំណាំ ហើយ​លទ្ធផល​នៃ​ការ​វិភាគ​សំណាក​នៅ​មន្ទីរ​ពិសោធន៍ គឺជា​យន្តការ​កំណត់​បង្ហាញ​យ៉ាងជាក់​ច្បាស់​មួយ​ថា​តើ​អ្នក​ផលិត​បាន​ប្រើប្រាស់​ជី-ថ្នាំ​កសិកម្ម ដី និង​ទឹក បាន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស ឬ​មួយ​យ៉ាង​ណា»។

បើតាមលោក វេង សាខុន ដើម្បី​ពង្រឹង​សមត្ថភាព​របស់​មន្រ្តី និង​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​មន្ទីរ​ពិសោធន៍ ស្រប​តាម​និយាម​ជាតិ និង​អន្តរជាតិ នាយកដ្ឋាន​កសិ-ឧស្សាហកម្ម បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ឧស្សាហកម្ម​ចំណី​អាហារ និង​អាហារ​ផ្អាប់​របស់ប្រទេស​ចិន ដោយ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សិក្សា​អំពី​បច្ចេក​វិទ្យា​ទំនើបៗ និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ចំណី​អាហារ។

លោក​ថ្លែង​ថា៖ «ក្រោយ​ពេល​បំពាក់​ឧបករណ៍ សម្ភារ​ពិសោធន៍ និង​មាន​រចនា​សម្ព័ន្ធ​ដឹក​នាំ គ្រប់​គ្រង​ទាំង​ការងារ​រដ្ឋបាល និង​បច្ចេក​ទេស និង​ជា​ពិសេស​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ KOICA បន្ថែម ទើប​នៅ​ខែ​ឧសភា ឆ្នាំ ២០១៧ មន្ទីរពិសោធន៍​ចាប់​ផ្តើម​ដំណើរការ​វិភាគ​បឋមដោយ​ប្រើ GPO kit TM1 and GPO kit TM2 សម្រាប់​ធ្វើ​តេស្ត៍ រក​កាកសំណល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​លើ​បន្លែ ផ្លែឈើ​ និង​គ្រាប់ធញ្ញជាតិ»។

ក្រៅ​ពី​នេះ​អង្គការ KOICA បាន​ផ្តល់​បរិក្ខារ​និង​សារធាតុ​គីមី សម្រាប់​វិភាគ​កាក​សំណល់​ថ្នាំ​ពុល​កសិកម្ម និង​វិភាគ​រក​វត្តមាន​អតិ​សុខុម​ប្រាណ បង្ក​គ្រោះថ្នាក់​ដូចជា សាល់ម៉ូណេឡា (Salmonella) និង​អ៊ីកូលី (Ecoli) នៅ​ក្នុង​សាច់​សត្វ​ស្រស់ បន្លែ ជ្រក់ និង​ត្រី​ប្រឡាក់៕