ភ្នំពេញៈ មនុស្ស​ចំនួន ២៦ នាក់ បាន​ទទួល​មរណភាព ដោយសារ​ជំងឺកូវីដ​១៩ ខណៈ​អ្នក​ឆ្លង​វីរុសកូវីដ១៩ បន្ថែម​ទៀត ៩៣៣ នាក់ និង​អ្នក​ជា​សះស្បើយ​ចំនួន ៧៤៣ នាក់។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹកថ្ងៃទី​១០ ខែ​កក្កដា​នេះ បាន​ឱ្យ​ដឹងថា​ មនុស្ស​ចំនួន ៩៣៣​នាក់ បាន​រក​ឃើញ​ឆ្លង​វីរុសកូវីដ​១៩ ដែល​ក្នុង​នោះ ២០០ នាក់​ជា​អ្នក​ដំណើរ​មក​ពី​បរទេស និង មាន​អ្នក​ជា​សះ​ស្បើយចំនួន ៧៤៣ នាក់។

គិតត្រឹម​ព្រឹក ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ ២០២១​នេះ កម្ពុជា​មាន​អ្នក​ជំងឺកូវីដ១៩ សរុប​រហូតដល់ ៥៩៩៧៨នាក់ អ្នក​ជា​សះស្បើយ សរុបចំនួន ៥១៦៦០ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៨៨១ នាក់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ដែល​កម្ពុជា បាន​បញ្ជាទិញ​ពី​ប្រទេស​ចិន ចំនួន ៤ លានដូស នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ព្រឹកថ្ងៃសៅរ៍​នេះ​​ថា បើ​ទោះ​ជា​ចំនួន​អ្នកស្លាប់ ដោយសារ​តែ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​ច្រើន តែ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង គឺ​កម្ពុជា អាច​គ្រប់​គ្រង​បាន។

លោកស្រីបាន​បន្ត​ថា ក្រុមគ្រូពេទ្យ​កម្ពុជា បាន​ព្យាយាម​ជួយ​សង្រ្គោះ​អ្នក​ជំងឺកូវីដ ១៩ យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​ដោយសារ​តែ​អ្នក​ជំងឺ​ដែល​មិន​អាច​ជួយ​សង្រ្គោះ​បាន ព្រោះ​តែ​ពួកគេ មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ស្រាប់ ដែល​ជា​ហេតុ​នាំ​ឲ្យការ​ជួយ​សង្រ្គោះ មិន​ទទួល​បាន​ជោគ​ជ័យ៕