រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​ស្ថិតក្នុង​នៅ​ភូមិ​ក្រាំងតាមុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស មក​ទទួល​ព័ត៌មាន​នានា​ពី​ការចុះ​បញ្ចី​លក្ខណៈ​ជា​ប្រព័ន្ធ បន្ទាប់ពី​គណៈកម្មការ​រដ្ឋបាល​នឹង​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​នៅក្នុង​តំបន់​នេះ។

តាម​សេចក្តី​ជូន​ជា​ព័ត៌មាន​របស់​រដ្ឋាភិបាល​ខេត្ត​កំពង់ឆ្នាំង​ចុះ​ថ្ងៃទី ៩ កក្កដា បាន​ឲ្យ​ដឹងថា ការផ្សព្វផ្សាយ​សេចក្តី​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​ភូមិ​ក្រាំងតាមុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១២ កក្កដា នៅ​បរិវេណ​សាលា​បុណ្យ​ក្រាំងតាមុំ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អះអាង​ក្នុង​លិខិត​នេះ​ថា សាធារណជន ព្រមទាំង​គ្រប់​មន្ទីរ អង្គភាព និង​ស្ថាប័ន ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែលមាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់ នៅក្នុង​តំបន់​នេះ នឹង​មក​ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​សេចក្តី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបំភ្លឺ​អំពី​បញ្ហា​ច្បាប់ និង​ការឆ្លើយ​រាល់​សំណួរ​ទាក់ទង​នឹង​ការវិនិច្ឆ័យ​តាម​ពេលវេលា និង​ទីកន្លែង​ឱ្យបាន​គ្រប់ៗ​គ្នា។

លោក​បញ្ជាក់ថា៖ «រដ្ឋបាលខេត្ត​កំពង់ឆ្នាំង សង្ឃឹម​យ៉ាង​មុតមាំង​ថា សាធារណជន និង​អង្គភាព​ពាក់ព័ន្ធ​នឹង​ក្បាលដី​ក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ​នឹង​ឆ្លៀតឱកាស​ ដើម្បី​ចូលរួម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​យ៉ាង​ផុសផុល​ជាមិនខាន»៕