
រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្នផ្សារលើក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១០ ខែកក្កដា។
កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្នផ្សារលើក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១០ ខែកក្កដា ខណៈខេត្តបាត់ដំបងបិទខ្ទប់ទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ ប្រចាំស្រុកកំរៀងជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញថា មេបញ្ជាការ និងមេបញ្ជាការរងម្នាក់កើតកូវីដ១៩។
លិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងចេញផ្សាយថ្ងៃនេះ បានសម្រេចឲ្យមានការបិទជាបណ្តោះអាសន្នផ្សារលើក្រុងកំពង់ឆ្នាំងក្នុងភូមិសាស្ត្រត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១០ ខែកក្កដា រហូតដល់មានការជូនដំណឹងថ្មី។ ការបិទទីតាំងនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ធ្លាប់បានចេញចូលទីតាំងខាងលើ។
ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ន រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ចេញវិធានការមួយចំនួនដូចជា ហ៊ុមព័ទ្ធទីតាំងផ្សារលើទាំងមូល ផ្អាកសកម្មភាពលក់ដូរ និងការចេញចូលទីតាំងនេះ និងតម្រូវឲ្យអាជីវករផ្សារលើទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួនឲ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ថែមលើនោះ មន្ត្រីមានសមត្ថកិច្ចត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ក្នុងលិខិតសរសេរថា «ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំ»។
ដោយឡែកខេត្តបាត់ដំបងនៅរសៀលនេះលោក សុខ គឹមខុន អភិបាលស្រុកកំរៀងប្រាប់ថា ទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ ប្រចាំស្រុកកំរៀង ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញថា មេបញ្ជាការ និងមេបញ្ជាការរងម្នាក់ផ្ទុកជំងឺកូវីដ១៩។ លោកថានិងមន្ត្រីវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ ជាង ២០ រូប ដែលជាប់ពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទាយ ចំណែកមេបញ្ជាការ និងមេបញ្ជាការម្នាក់កំពុងដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពត្រាង។
លោកថ្លែងថា៖ «កងកម្លាំងមានតែ ២ នាក់ទេដែលរកឃើញមានកូវីដ ១៩ អ្នកទាំង ២ ត្រូវបានយកទៅព្យាបាលនៅដាច់ដោយឡែក ចំណែកកងកម្លាំងជាង ២០ នាក់ធ្វើចត្តាឡីស័កនៅក្នុងបន្ទាយ»។
លោកអភិបាលស្រុកកំរៀងបញ្ជាក់ថា ការបិទទីតាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ ដែលមានទីតាំងស្ថិតនៅភូមិលំផាត់ ឃុំអូដារ ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី ៨ ខែកក្កដា នេះតទៅរហូតរយ:ពេល ១៤ ថ្ងៃ៕