ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​អំពី​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូវីដ ១៩ បំប្លែង​ថ្មី Delta និង Delta Plus បន្ទាប់ពី​ប្រទេស​នេះ​បាន​បិទ​ទីក្រុង​ដ៏ធំ​របស់ខ្លួន និង​ហាម​មនុស្ស​ចេញពីផ្ទះ។

សេចក្តី​ជូនដំណឹង​របស់​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ចេញផ្សាយ​ជា​បន្តបន្ទាប់ កាលពី​ពេលថ្មីៗ​នេះ​ក៏​បាន​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុងមាន​វត្តមាន​ក្នុង​ទីក្រុង​ហូជីមិញ និង​ខេត្តផ្សេងៗ​របស់​ប្រទេស​នេះ ធ្វើការ​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​ទីកន្លែង​មួយទៀត បើ​ពុំ​ចាំបាច់ និង​ពន្យារពេល​ការធ្វើ​ដំណើរ​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

យោងតាម​គេហទំព័រ​សារព័ត៌មាន https:/huoitre. ចុះផ្សាយ​កាលពី​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ បាន​ឱ្យដឹងថា អាជ្ញាធរ​ទីក្រុង​ហូជីមិញ​បាន​សម្រេច​ដាក់ឱ្យ​អនុវត្ត​ជាថ្មី​នូវ​សារាចរ​ណែនាំ​លេខ ១៦ ស្តីពី​ការហាម​ជួបជុំគ្នា​លើសពី ០២ នាក់ នៅ​ទីសាធារណៈ​នៅ​ទូទាំង​ទីក្រុង​ហូជីមិញ ដែល​នឹង​អនុវត្ត​ចាប់ពី​ម៉ោង ០០៖០០ នាទី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ សម្រាប់​រយៈពេល ១៥ ថ្ងៃ។

ក្នុង​ពេល​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ​រាល់​មធ្យោបាយ​បម្រើ​សេវា​សាធារណៈ និង​ទីកន្លែង​កម្សាន្ត​គ្រប់​ប្រភេទ​នឹង​ត្រូវ​រឹតបន្តឹង​ការត្រួតពិនិត្យ​ចំពោះ​ប្រជាជន​ដែល​ចូលមក​ទីក្រុង​ហូជីមិញ ក្នុង​នោះ​ប្រជាជន​ក៏​ត្រូវ​នៅក្នុង​ផ្ទះ ឬ​អាច​ចេញពី​គេហដ្ឋាន​ក្នុង​ករណី​ដែល​ចាំបាច់​បំផុត​ដូចជា ការទិញ​ម្ហូបអាហារ ថ្នាំពេទ្យ ឬ បំពេញ​បេសកកម្ម​តែប៉ុណ្ណោះ។

សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា៖ «ការផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​ទីកន្លែង​មួយទៀត ឬ​ការធ្វើ​ដំណើរ​វិលត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ ក្នុងអំឡុង​ពេលនេះ​អាច​បង្ក​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ក្នុង​ពេល​ធ្វើដំណើរ និង​អាច​នាំយក​ជំងឺ​កូវីដ ១៩ ចូលមក​ចម្លង​ក្នុង​ប្រទេស​ថែមទៀត»។

ក្រៅពីនេះ ស្ថាន​អង្គកុងស៊ុល​ក៏​បាន​ស្នើ​ដល់​បងប្អូន​ទាំងអស់​នៅក្នុង​ប្រទេស​នេះ​ឱ្យ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដោយ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​លាងដៃ​ប្រឆាំង​មេរោគ​ឱ្យបាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព (២ ម៉ែត្រ) កុំ​ចេញ​ក្រៅ​ក្នុង​ករណី​មិនចាំបាច់ និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល និង​សារាចរ​ណែនាំ​ខាងលើ​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រៀមខ្លួន​ផ្ដល់​កិច្ចសហការ​ជាមួយ​អាជ្ញាធរ៕