កោះកុងៈ រដ្ឋបាល​ស្រុក​បទុមសាគរ សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​អណ្តូងទឹក ស្ថិត​នៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ និង​ព្រមាន​ទៅដល់​អាជីវករ​ណា​ដែល​ព្រងើយ​មិន​ព្រម​ទៅយក​សំណាក​ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រកប​អាជីវកម្ម​លក់ដូរ​ក្នុង​រយៈពេល​វែង។

លោក​ ហាក់ ឡេង អភិបាលស្រុក​បទុមសាគរ​បាន​ឱ្យដឹង​តាមរយៈ​សេចក្តី​ជូនដំណឹង​កាលពី​ម្សិលមិញ​ថា ក្រុម​ការងារ​ស្រាវជ្រាវ​កូវីដ ១៩ ស្រុក សហការ​ជាមួយ​មណ្ឌល​សុខភាព​អណ្តូងទឹក​បាន​ធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូវីដ ១៩ ចំនួន ៥ នាក់​កាលពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ និង​បាន​បន្ត​រកឃើញ​វិជ្ជមាន​កូវីដ ១៩ កើនឡើង ៦ នាក់​បន្ថែមទៀត​នៅ​ថ្ងៃទី ៩ ខែកក្កដា ព្រមទាំង​មាន​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ស្ថានភាព​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​បារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ​ការពារ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជាបន្ទាន់។

ក្នុង​លិខិត​ជូនដំណឹង​លោក​ ហាក់ ឡេង សរសេរ​ថា «ចំពោះមុខ​រដ្ឋបាល​ស្រុក សូម​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​អណ្តូងទឹក​ក្នុង​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ​រយៈពេល ១៤ ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​នាទី​ថ្ងៃទី ១០ ខែ​កក្កដា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវីដ ១៩ ទៅ​បងប្អូន​អាជីវករ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ចេញចូល​ទីតាំង​ផ្សារ​ខាងលើនេះ»។

ទន្ទឹមនេះ​រដ្ឋបាល​ស្រុក​អំពាវនាវ​ដល់​បងប្អូន​អាជីវករ និង​ក្រុមគ្រួសារ​អាជីវករ​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ បើ​មាន​អាការៈ​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ហើយ​មាន​អាការៈ​សង្ស័យ​ថា​ឆ្លង​មេរោគ​កូវីដ ១៩ សូម​អញ្ជើញ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មណ្ឌល​សុខភាព​អណ្តូងទឹក​លេខ​ទូរស័ព្ទ ០១៥ ២១០ ៦៦៦ ដើម្បី​មក​យក​សំណាក​តេស្ត​រក​មេរោគ​កូវីដ ១៩ ព្រមទាំង​អនុវត្ត​វិធានការ​ចត្តាឡីស័ក ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត។

ក្នុង​លិខិត​លោក​អភិបាលស្រុក​សរសេរ​ថា «ករណី​ដែល​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា បងប្អូន​ខកខាន ឬ​គេចវេះ​មិនបាន​យក​សំណាក ហើយ​អាជ្ញាធរ​ពិនិត្យ​ទៅ​មាន​ពាក់ព័ន្ធ​ជាមួយ​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​អណ្តូងទឹក ដែល​មាន​ផ្ទុកមេរោគ​កូវីដ ១៩ នោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ដែល​មិនបាន​ទៅយក​សំណាក​រក​មេរោគ​កូវីដ ១៩ ចូល​ប្រកប​អាជីវកម្ម​លក់ដូរ​មួយរយៈ​ពេល​វែង»។

ដោយឡែក​រដ្ឋបាលខេត្ត​កោះកុង​កាលពី​ម្សិលមិញ​ក៏​បាន​សម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ភូមិសាស្ត្រ​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា និង​ស្រុក​ស្រែអំបិល ដែល​ត្រូវ​អនុវត្ត​រយៈពេល ១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី ១១ ខែកក្កដា រហូតដល់​ថ្ងៃទី ២៥ ខែកក្កដា​នេះ​ផងដែរ។

តាមរយៈ​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃទី ៩ ខែកក្កដា អភិបាលខេត្ត​កោះកុង លោកស្រី មិថុនា ភូថង បាន​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍​ក្នុង​ភូមិសាស្ត្រ​ក្រុង​ខេមរភូមិមិន្ទ ស្រុក​មណ្ឌលសីមា និង​ស្រុក​ស្រែអំបិល​នៅ​ចន្លោះ​ម៉ោង ២១ ម៉ោង ដល់​ម៉ោង ៤ ទៀបភ្លឺ​លើកលែង​តែ​ចំពោះ​ករណី​ចាំបាច់​មួយចំនួន។

ជាមួយ​គ្នា​នោះ​លោកស្រី​អភិបាលខេត្ត​ក៏​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ ជាដើម ដែល​ទទួល​អតិថិជន​ឲ្យ​ចូល​មក​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន ប៉ុន្តែ​អាច​ប្រកប​អាជីវកម្ម​លក់ដូរ​ដោយ​វេចខ្ចប់​បាន៕