ភ្នំពេញៈ ក្រសួងបរិស្ថាន សម្រេចយក​ឈើ​ដែល​រឹបអូស​បាន​ពី​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដើម្បី​ផលិត​ក្តាមឈូស ​ផ្តល់ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រើប្រាស់​ សម្រាប់​តម្កល់សព​អ្នកជំងឺ​កូ​វីដ ១៩ ដែល​បាន​ស្លាប់។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថានបាន​ឲ្យ​ដឹងថា រហូតមកដល់​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ៨៨១ នាក់​ហើយ ​បាន​ស្លាប់ ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បាន​ផ្ទុះឡើង​នៅ​កម្ពុជា។ ឥឡូវនេះ​អត្រា​នៃ​ការស្លាប់​ប្រចាំថ្ងៃ​ចន្លោះ​ពី ២០ ទៅ ៣០ នាក់។

លោកបន្តថា មិនមែន​បន្លាច មិនមែន​ប្រមាថ ហើយក៏​មិនមែនជា​ក្តី​សុ​បិ​ន្ត​ដែរ តែ​វា​ជាការ​ពិត ដោយ​អនុវត្តតាម​អនុសាសន៍ របស់​លោក​នាយករដ្ឋមន្ត្រី​នៃ ហ៊ុន សែន មានប្រសាសន៍ថា «ទោះបីជា​ប្រទេស​យើង​ក្រ តែ​មិន​ត្រូវឱ្យ​ពលរដ្ឋ​ខ្មែរ​យើង​ស្លាប់​ដោយ​អ​ណោ​ច​អធម​ឡើយ»។

លោក​បន្ត​ថា​ ក្រសួងបរិស្ថាន​បាន​យក​ឈើ​ដែល​រឹបអូស​បាន​ ពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​ដើម្បី​ផលិត​ក្តាមឈូស​ផ្តល់ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រើប្រាស់ ​សម្រាប់​តម្កល់សព​អ្នកជំងឺ​កូ​វីដ ១៩ ដែល​បាន​ស្លាប់។

លោកបាន​បញ្ជាក់ថា៖ «ខ្ញុំ​បាន​ចុះ​ពិនិត្យ​ការផលិត​ក្តាមឈូស​ ដោយ​ក្រុមមន្ត្រី​មន្ទីរ​បរិ​ស្ថា​ខេត្តកំពត​ កាលពី​ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ និង​រូបភាព​ក្តាមឈូស​ដែល​បាន​ផលិត​នៅតាម​បណ្តា​មន្ទីរ​បរិស្ថាន​ខេត្ត​ផ្សេងទៀត​ ដែលមាន​ឈើ​ចាប់បាន​ពីបទ​ល្មើស​ធនធានធម្មជាតិ និង​បានការ​អនុញ្ញាតឱ្យ​ប្រើប្រាស់»។

កាលពី​ថ្ងៃទី ១ កក្កដា លោកនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​ប្រមូល​ទិញ​ក្តាមឈូស​ដែលមាន​ដាក់លក់​ទាំងអស់​នៅលើ​ទីផ្សា​រ​ឱ្យបាន ៨០% ដើម្បី​ស្ដុក​ទុក​នៅតាម​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត សម្រាប់​ដាក់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩។

ជាមួយនឹង​ការប្រកាស​នេះ កម្ពុជាក៏បាន​បញ្ជា​ទិញ​មឈូស​ពី​ប្រទេសជិតខាង និង​នៅតាម​ទីផ្សារ​នានា ដើម្បី​ទុក​សម្រាប់​ដំកល់សព​​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ផងដែរ៕

វីដេអូ៖