ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​នៃ​ក្រសួង​មហាផ្ទៃ​បានរកឃើញ​ និង​បង្រាប​ករណី​ឆបោក​តាម​បណ្តាញ​សង្គម ​មាន​ចំនួន​ ១០ ករណី​ និង​ករណី​មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​អនុវត្ត​ទោស​តាម​ច្បាប់ ​ក្នុង​អំឡុង​ពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ ​នៅ​ប្រទេស​កម្ពុជា ​រយៈពេល​ជាង​ ១ មក​ឆ្នាំ​នេះ។

លោក​ ជា ពៅ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី ១១ ​កក្កដា​នេះ​ថា ​ទោះជា​យ៉ាងណា ​ចំនួននៃករណី​ឆបោកនេះ ​មិនមាន​ច្រើន​នោះ​ទេ។ ខាង​នាយកដ្ឋាន​ក៏បាន​ធ្វើការផ្សព្វផ្សាយ​ អប់រំ​ដល់​ពលរដ្ឋ​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ផងដែរ​ ពាក់ព័ន្ធ​នឹង​ការឆបោក ​តាម​បណ្តាញ​សង្គម​នេះ។

លោក​បន្តថា ​ក្នុង​អំឡុង​ពេល​នៃ​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​ ប្រជាពលរដ្ឋ​ភាគច្រើន ​សម្រាក​នៅផ្ទះ ​និងបាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ច្រើន។ ពេល​ខ្លះ​ពលរដេ្ឋ ​បានបញ្ជា​ទិញ​ទំនិញ​តាម​អនឡាញ ​ខណៈ​ការដឹកជញ្ជូន​មានភាព​យឺតយ៉ាវ​ ក៏គាត់​គិត​ថា ​គេ​បោក​ប្រាស់​ដែរ។ ប៉ុន្តែ​មិន​ដូច្នោះ​នោះ​ទេ ​ព្រោះ​ពេលនោះ​ កម្ពុជា​មាន​ការរឹតត្បិត​ក្នុង​ការធ្វើដំណើរ ​ដែល​បណ្តាល​ឱ្យ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ​មាន​ភាព​យឺត​យ៉ាវ។

បើ​តាម​លោក ​ជា ពៅ ​ពលរដ្ឋ​មួយចំនួន​ បានបញ្ជា​ទិញ​ទំនិញ​តាម​អនឡាញ ​ដោយ​មិនមាន​ភាព​ច្បាស់លាស់ ​ដោយ​ខ្លួន​ឯងបាន​វេរ​លុយ​ចូល​ទៅ​អ្នក​ផ្សេង​ក៏ត្រូវ​បាន​ចាត់​ទុក​ថា ​គេ​បោក​ប្រាស់​គាត់។ ប៉ុន្តែនៅពេល​ដែល​មន្ត្រី​នៃ​នាយកដ្ឋាន​ស្រាវ​ជ្រាវ ​ប្រាប់​គាត់​ពី​មូលហេតុពួក​គាត់​ក៏​អស់​ចិត្ត​ និង​ពេល​ខ្លះ​ទៀត​ក៏ទទួល​បាន​លុយ​មក​វិញ​ដែរ៕