កំពង់ឆ្នាំងៈ តុលាការ​ឃុំខ្លួន​បុរស​សង្ស័យ​ម្នាក់​ក្នុង​អំពើ​មនុស្ស​ឃាត​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ​កាលពី​ថ្ងៃទី ១០ ​កក្កដា ​ខណៈ​សាកសព​បុរស​ម្នាក់​ ក៏ត្រូវ​បាន​រកឃើញ​នៅថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ ​បន្ទាប់​ពី​ជនសង្ស័យ​សម្លាប់​កាលពី​ថ្ងៃទី ២៨​ មិថុនា ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ហើយ​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹក​ទន្លេ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​។

លោក​ អៀរ ប៊ុនធឿន ​ស្នងការ​រង ​និង​ជាអ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅថ្ងៃទី ១១ ​កក្កដាថា ​លោក​បាន​ទទួល​ដីកា​ឃុំ​របស់​តុលាការ​ខេត្ត​កំពង់​ឆ្នាំង ​ដោយ​បញ្ជាក់ថា ​ជនត្រូវ​ចោទ​ឈ្មោះ ​ឈុន ឌីនឿន ​ភេទប្រុស​អាយុ​ ៣៥ ឆ្នាំ ​ជាអ្នក​រត់តុ​ក្នុង​ហាង​ខារាអូខេ​នៅ​ក្រុង​-ខេត្ត​កំពង់​ឆ្នាំង ​ត្រូវបាន​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ហើយ​កាលពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍នេះ​ ពាក់ព័ន្ធ​បទ​ល្មើស​មនុស្ស​ឃាត។

លោក​ថ្លែងថា​៖ «ជន​ត្រូវចោទ​ពាក់ព័ន្ធ​នឹង​បទមនុស្ស​ឃាត។ ជន​ម្នាក់នេះ ​យើង​ចាប់ខ្លួន​នៅ​ថ្ងៃទី ៧ ​កក្កដា ​ហើយ​ ៣ ថ្ងៃ​ក្រោយ​ ត្រូវ​តុលាការ​ឃុំ។​ គាត់​មិនបាន​សារភាព​ទេ ​ប៉ុន្តែ​យើង​ស្រាវជ្រាវ​រក​ឃើញ​ថា ​គាត់​ជាអ្នក​សម្លាប់​ជន​រងគ្រោះ»។

លោក​បញ្ជាក់ថា​៖ «ជន​ត្រូវចោទ​ប្រាប់​សមត្ចកិច្ច​ថា ​ជន​រងគ្រោះ​គាំង​បេះដូង ​ហើយ​គាត់​មិន​ដឹង​យក​ទៅណា ​ក៏យក​សព​ច្រក​ការ៉ុង​យក​ទៅ​បោះ​ចោល​ទៅ»។

បើ​តាម​លោក​ ប៊ុនធឿន​ កាលពី​ថ្ងៃទី ២៨ ​មិថុនា ​មាន​សាច់ញាតិ​របស់​ជន​រងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង។​ ក្នុង​ពាក្យ​បណ្តឹង​នោះ​រៀបរាប់​ថា ​ឈ្មោះ ​ចាន់ គៀន ​អាយុ​ ៥៨ ឆ្នាំ​ ជាប្រធាន​ក្រុម​តន្ត្រី​សម័យ ​មាន​លំនៅ​ភូមិ​ឧទុម្ពរ ​ឃុំ​ស្វាយជ្រុំ ​ស្រុក​ រលាប្អៀរ ​បាន​បាត់​ខ្លួន ​កាលពី​យប់ ​ថ្ងៃទី ២៧ ​ខែ មិថុនា ​ឆ្នាំ ២០២១។ ជន​រងគ្រោះ​បានជិះ​រថយន្ត​ផ្ទាល់​ខ្លួន ​ម៉ាក​តាកូម៉ា ​ពណ៌ខ្មៅ ​ពាក់ស្លាក​ លេខ​កំពង់​ឆ្នាំង​ 2A-2626 ​មក​ទីរួម​ខេត្ត​កំពង់ឆ្នាំង ​ដើម្បី​ជួប​ជនសង្ស័យ​ នៅ​ផ្ទះ​សំណាក់ ​ហើយ​ក៏បាត់​ខ្លួន​រហូត។

បន្ទាប់​ពី​សមត្ថកិច្ច​របស់​លោក​ទទួល​បណ្តឹង​មក​ក៏បាន​ស្នើសុំ​សម្រប​សម្រួល​តាម​ផ្លូវច្បាប់​ពី​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​បើក​ការស្រាវ​ជ្រាវ។ លោក​បន្តថា ​ក្រោយពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ដល់​ផ្ទះ​សំណាក់​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ស្រែព្រីង ​សង្កាត់​-ក្រុង​កំពង់​ឆ្នាំង ​និង​ប្រមូល​ព័ត៌​មាន​ពាក់ព័ន្ធ​ជន​រងគ្រោះ​មក ​ក៏ទទួល​បាន​តម្រុយ​ថា ​ជន​សង្ស័យ​បាន​មក​រាជធានី​ភ្នំពេញ។ ពេល​នោះ​សមត្ថកិច្ច​លោក​បានបន្ត​មក​រាជធានី​ភ្នំពេញ​ហើយ​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​បាន​នៅ​ថ្ងៃទី ៧ ​កក្កដា ​បន្ទាប់ពី​ជន​សង្ស័យ​យក​រថយន្ត​របស់​ជនរងគ្រោះ​លក់​ក្នុង​តម្លៃ ​៥ ៧០០​ ដុល្លារ​អាមេរិក។

លោក​បន្ថែមថា ​ក្រោយ​ចាប់ខ្លួន ​គឺ​ជន​សង្ស័យ​ថា ​គាត់​មិនបាន​សម្លាប់​ជន​រងគ្រោះ​ទេ ​តែ​ជន​រងគ្រោះ​គាំង​បេះដូង​ស្លាប់ ​ប៉ុន្តែ​គាត់​មិនបាន​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​ឬ​ម្ចាស់​ផ្ទះ​សំណាក់​ឱ្យ​ដឹង​ទេ។​ បន្ទាប់មក​គាត់​បាន​យក​រថយន្ត​របស់​ជន​រងគ្រោះ​ដឹក​សាកសព​ដល់ស្រុក​ឧត្តុង្គ ​ខេត្ត​កំពង់​ស្ពឺ​ ហើយ​ក៏​ច្រក​ក្នុង​ការ៉ុង​យក​ទៅ​ស្ពាន​ព្រែក​សំរោង ​ក្រុង​តាខ្មៅ​ទម្លាក់​ចោល​ក្នុង​ទឹក​ទន្លេ។

បន្ទាប់​មក​ជន​សង្ស័យ​បាន​ត្រឡប់​ចូល​រាជធានី​ភ្នំ​ពេញ​វិញ ​រហូត​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃទី ៧ ​កក្កដា​តែម្ត។ ដោយ​ឡែក​លោក ​យី វណ្ណដា ​អធិ​ការ​នគរបាល​ក្រុង​តាខ្មៅ​បាន​ប្រាប់​នៅ​ថ្ងៃទី ១១ ​កក្កដា​ថា ​សាកសព​របស់​ជន​រងគ្រោះ​ឈ្មោះ ​ចាន់ គៀន ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ក្នុង​ការ៉ុង​កាលពី​រសៀល​ថ្ងៃទី ១០​ កក្កដា។

លោក​បញ្ជាក់ថា​៖ «សាក​សព​ជន​រងគ្រោះ​អណ្តែត​ដល់​ភូមិសាស្រ្ត​ឃុំ​សិត្បូ ​ក្រុង​តាខ្មៅ។ ចំពោះ​សាកសព​យើង​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ»៕