សៀមរាបៈ ក្រុម​ប្រតិ​បត្តិ​ការ​របស់​មជ្ឈ​មណ្ឌល​សកម្ម​ភាពកំចាត់​មីនកម្ពុជា (ស៊ីម៉ាក់​) ប្រចាំ​ខេត្ត​សៀម​រាប ​កាលពីថ្ងៃ​ ១០ ​កក្កដា​ បាន​ចុះ​យក​គ្រាប់​បែក​ដៃប្រភេទ​ No36​ ចំនួន​ ៣២៥ ​គ្រាប់ ផលិត​នៅ​អង់គ្លេស ដើម្បី​រៀបចំ​កម្ទេច​ចោល ខណៈ​មួយ​ចំនួន​ទៀតមិន​ទាន់​អាច​យកចេញ​បាន​ បន្ទា​ប់ពី​ក្រុម​ហ៊ុន​ជីកដី​កប់​ខ្សែកាប​បំពង់​ដាក់​បង្កប់​ទុយោ​បាន​ប្រទះ​ឃើញ​នៅ​ជាប់​របង​វិទ្យា​ល័យ ​១០​ មករា ក្នុង​ក្រុង​សៀម​រាប។

លោក ហេង រតនា អគ្គ​នាយក​ស៊ីម៉ាក់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១​ ខែ កក្កដា ឆ្នាំ ២០២១ ថា គ្រាប់​បែក​ដៃទាំង​ ៣២៥​ គ្រាប់​នោះ​នៅ​មាន​ប្រសិទ្ធ​ភាព​នៃ​សារ​ធាតុ​ផ្ទុះ​របស់​វា (យកទៅ​ដុត​វា​គ្រោះថ្នាក់) ប៉ុន្តែបើ​កាច់​បោក​មិន​ផ្ទុះ​ទេ ព្រោះ​គន្លឹះ​របស់​វាខូច​អស់​ហើយ។ គ្រាប់​ទាំង​នេះ​បាន​បន្សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍​ឆ្នាំ ៧០ ​មិនមែន​ក្នុង​សម័យ​សង្គ្រាម​ចុង​ក្រោយ​នេះ​​ទេ ព្រោះ​ជា​ប្រភេទ​គ្រាប់​បែក​ដៃ​ផលិត​នៅ​ក្នុង​ប្រទេស​អង់​គ្លេស ​។

លោក​បានថ្លែង​ថា៖ «អ្នកធ្វើ​របង​មុន វា​អត់​ដឹង។ គ្រាប់​នេះ កប់​នៅក្នុង​របង​ហ្នឹង​តែម្តង ប្រ​ហែល​វា​ហេង​វា ឬក៏​យ៉ាង​ម៉េច​ បានជា​មិនត្រូវ​វា វា​ចំ​កន្លែង​គ្រឺះ​ និង​ចំ​កន្លែង​ចាក់​ធ្នឹ​ម។ នេះ​ហៅថា​សំណាង​មួយ​ដែរ ធ្វើ​របង​សា​លា​ផង ធ្វើ​លូទឹក​ផង ធ្វើ​ផ្លូវ​ផង​ មិន​ប៉ះ​ មិន​ផ្ទុះ តែ​ប៉ះ​ត្រឹម​ជីកដី​ដាក់​ខ្សែ​កាប»។

បើ​តាមលោក ហេង រតនា គ្រាប់បែកដៃ​ទាំង​ ៣២៥ ​គ្រាប់ ជា​ប្រភេទ​គ្រាប់បែកដៃ No36 UK ផលិត​នៅ​ប្រទេស​អង់​គ្លេស ​ចាប់​ផ្តើម​ផលិត​និង​ប្រាស់​ប្រាស់​តាំងពី​ឆ្នាំ​ ១៩១៥​ មក​ម៉្លេះ ត្រូវ​បាន​ក្រុម​ហ៊ុន​ជីកដី​កប់​ខ្សែកាប​កាលពី​ថ្ងៃទី ១០​ ខែ កក្កដា​ ឆ្នាំ ២០២១​ ដាក់​បង្កប់​ទុយោ​ក៏​ជីក​ប៉ះ​រណ្តៅ​គ្រាប់​បែក​ដៃ​នេះស្ថិត​នៅ​សង្កាត់​ស្វាយ​ដង្គំ​ក្រុង​សៀម​រាប ខេត្ត​សៀមរា​បជាប់​របង​វិទ្យា​ល័យ​ ១០​ មករា​។

លោក លី សំរិទ្ធ អភិបាល​រង និង​ជា​អ្នកនាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​សៀម​រាប​បាន​ឱ្យដឹង​បន្ថែម​នៅថ្ងៃទី ​១១ ​កក្កដា​ថា គ្រាប់​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​ជីកដី​កប់​ខ្សែកាប​ដាក់​បង្កប់​ទុយោ​ក្នុង​គម្រោង​ផ្លូវ​ទាំង ​៣៨ ខ្សែ​ក្នុង​ក្រុង​សៀមរាប ​ជីក​ប៉ះនៅជាប់​របង​ខាង​ជើង​​វិទ្យា​ល័យ ១០ មករា។

លោក​បាន​បន្ត​ថា នេះ គឺ​ភាព​ចៃដន្យល្អ​មួយ​ដែល​គ្រឿង​ចក្រ​កាយ​ដី​សាង​សង់​គម្រោង​ផ្លូវ ៣៨ ​ខ្សែ​នេះមិន​ប៉ះ ហើយ​ត្រូវ​បាន​កង​កម្លាំង​ស៊ីម៉ាក់​យក​ចេញ​បាន ៣២៥ គ្រាប់ ​រួមជា​មួយ​នឹង​តំបន់​នេះ ត្រូវបាន​ហ៊ុម​ព័ទ្ធ និង​ដាក់​ស្លាក​សញ្ញា​ប្រាប់​ពី​គ្រោះ​ថ្នាក់​។

លោក លី សំរិទ្ធ​ ថ្លែ​ងថា៖ « នៅ​ថ្ងៃស្អែក (ទី ១២ ខែ កក្កដា) ក្រុម​ស៊ីម៉ាក់ និង​មក​យក និង​រាវរក​បន្ថែម ព្រោះ​នៅ​ថ្ងៃនេះ​ (ទី ១១ ខែ​កក្កដា ) គឺជា​ថ្ងៃ​សម្រាក​របស់​គេ ។ អាជ្ញា​ធរបាន​ប្រគល់​ទៅឱ្យ​ស៊ីម៉ាក់​ជា​អ្នក​ចាត់ចែង កម្ទេច​តាម​ប​ច្ចេកទេស​ត្រឹម​ត្រូវ»៕