ពោធិ៍សាត់ៈ​ សមត្ថ​កិច្ច​នគរបាល​ខេត្ត​ពោធិ៍​សាត់​កំពុង​បន្ត​នីតិវិធី​សួរនាំ​ស្ត្រី​ម្នាក់​ដែល​ចាក់​ប្តី​ខ្លួនឯង​ស្លាប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ បន្ទាប់ពី​សមត្ថ​កិច្ច​នគរបាល​ស្រុក​វាលវែង​បាន​បញ្ជូន​ទៅដល់​ស្នង​ការដ្ឋាននគរ​បាល​ខេត្ត​ នៅ​រសៀល​ថ្ងៃទី ១១​ ខែកក្កដានេះ។

លោក ​ម៉ូ​ លីដា ស្នង​ការ​រង​នគរ​បាល​ខេត្តពោធិ៍​សាត់​ទទួល​បន្ទុក​ផែន​ការងារ​ព្រហ្ម​ទណ្ឌ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី​ ១១​ ខែកក្កដា​នេះថា ជន​សង្ស័យ​ ត្រូវបាន​កម្លាំងនគរ​បាល​ស្រុក​វាលវែង​បញ្ជូន​មកដល់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​នៅ​រសៀល​ថ្ងៃទី ១១​ ខែកក្កដា​នេះ។ សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំពុង​បន្ត​នីតិ​វិធី​សួរនាំ និង​កសាង​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ទៅ​តុលា​ការ​នៅ​ថ្ងៃទី​ ១២ ខែកក្កដា។

បើតាម​លោក​ ម៉ូ​លីដា ករណី​ប្រពន្ធ​ចាក់​ប្តី​ខ្លួន​ឯង​ស្លាប់ ដោយ​សារ​ជម្លោះ​ក្នុង​គ្រួសារ​នេះ បណ្តាល​ឲ្យ​ម្តាយ​ជាប់​ទោស​ រីឯ​ប្តី​ស្លាប់ និង​បណ្តាល​ឲ្យ​កូន​ក្មេង ២ នាក់​រស់នៅ​​គ្មាន​ភាព​កក់​ក្តៅ ដោយម្នាក់​អាយុ​ ៥ ឆ្នាំ និ​ង​ម្នាក់​ទៀត​អាយុ ៣ ឆ្នាំ។ យ៉ាងណា​ លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា កូន​របស់​ជនរង​គ្រោះ​ត្រូវបាន​សាច់​ញាតិ​ខាង​ណា​ទទួល​យក​ទៅ​ចិញ្ចឹម​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «តាម​ការ​ស៊ី​ប​អ​ង្កេត​ស្រាវជ្រាវ​ជាក់​ស្តែង ជន​សង្ស័យ​ពិតជា​បាន​សម្លាប់​ប្តី​របស់ខ្លួន​ដោយ​សា​តែ​បញ្ហា​ជម្លោះ​ក្នុង​គ្រួសារ​ពិត​ប្រាក​ដ​មែន។ ប្តី​របស់​ជន​សង្ស័យ​ស្រវឹង​ស្រា​ ហើយ​បាន​វាយ​ទៅ​លើ​ជន​សង្ស័យ ​[ប្រពន្ធ] មុ​ន ទើប​បណ្តាល​ឲ្យ​ជនស​ង្ស័យ​ទាញ​បាន​កាំបិត​បត់​ខ្លី​មក​ចាក់ទៅ​លើ​ជនរង​គ្រោះ​តែម្តង»​។

អធិ​ការ​នគរបាល​ស្រុក​វាល​វែង លោក ធាង ​ឡេង ថ្លែងថា ជន​សង្ស័យ​បាន​ចាក់​ប្តី​របស់​ខ្លួនស្លាប់​ នៅ​យប់​ថ្ងៃទី ៩ ​ខែកក្កដា នៅ​ចំណុច​អូរ​ ១៧ ​ក្នុងភូមិ​ដី​ក្រហម​ ឃុំ​អន្លង់​រាប ស្រុក​វាលវែង។ លោក​បញ្ជាក់​ថា ជន​សង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ ​តាំង ​គា អាយុ ២៦ ឆ្នាំ​ ចំណែក​ជន​រងគ្រោះ​ឈ្មោះ សឿន​ ស៊ា អាយុ ៣៤ ឆ្នាំ ត្រូវ​ប្រពន្ធ​របស់​ខ្លួន​ចាក់​ត្រូវ​ ១ កាំបិត​ ចំ​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​បណ្ដាល​ឲ្យ​ស្លាប់​នៅនឹង​កន្លែង​កើត​ហេតុ​ ហើយបន្ទាប់មក​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅថ្ងៃទី ​១០ កក្កដា។

បើតាម​លោក ​ធាង​ ឡេង​ ជនរង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ចំណែ​ក​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរ​បាលប​ញ្ជូ​ន​ទៅ​កាន់​ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​។

លោក​បញ្ជាក់​ថា ២ នាក់​ប្តី​ប្រពន្ធ​ តែង​តែឈ្លោះ​គ្នា​​ស្ទើ​រ​រាល់ថ្ងៃ រហូតដល​ថ្ងៃ​កើត​​ហេតុ​ ប្រពន្ធ​ទ្រាំ​មិន​បាន​ ទើប​បណ្តាល​ឲ្យ​មាន​ករណី​ចាក់​សម្លាប់​បែបនេះ​តែម្តង។

លោក​ថ្លែងថា៖ «ប្តី​គាត់​ហ្នឹង​បើ​តាម​សួរ​ប្រពន្ធ គឺ​គាត់​រករឿង​ប្រពន្ធ​មុន រករឿង​ហ្នឹង​គឺ​មិន​មែន​រករឿង​ពាក្យ​សម្តី​ទេ គាត់​ថា ​វាយ​គាត់​ទៀត អ៊ីចឹ​ង​គាត់​ទ្រាំ​មិនបាន​ក៏​ទាញ​កាំបិត​មក​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តងទៅ​»​៕