ព្រៃវែងៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ​កាលពី​ថ្ងៃទី ១០ ​កក្កដា ​បន្ទាប់ពី​ច្របាច់​ក​ប្រពន្ធ​ទី២​របស់​ខ្លួន​រហូត​ដល់​ស្លាប់​ កាល​ពី​ថ្ងៃទី ៨ ​កក្កដា ​ហើយ​ត្រូវបាន​ឃាត់​ខ្លួន​នាថ្ងៃ​ដដែល ​នៅ​ភូមិ ៤ ​សង្កាត់​កំពង់លាវ ​ក្រុង-ខេត្ត​ព្រៃវែង។

លោក​ ចាន់ វណ្ណៈ ​ព្រះរាជ​អាជ្ញារង ​និងជា​អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី ១១ ​កក្កដាថា​ ជន​ត្រូវចោទ​ឈ្មោះ​ យ៉ា ហ្វា ​ភេទ​ប្រុស ​អាយុ​ ៤១ ឆ្នាំ។ ជន​នេះ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ​កាល​ពី​ថ្ងៃ​ទី ១០ ​កក្កដា។

លោក​ឱ្យដឹងថា​៖ «ចៅក្រម​ស៊ើបសួរ​លោក​សម្រេច​ឃុំ​តាម​ការចោទ​ប្រកាន់​របស់​លោក​ព្រះរាជ​អាជ្ញារង ​ទុង រតនា។ ខ្ញុំ​មិន​ដឹងថា ​ចោទ​មាត្រា​ប៉ុន្មាន​ទេ ​តែ​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​តាម​នីតិវិធី​ហើយ»។

ពាក់ព័ន្ធ​ករណី​មនុស្ស​ឃាត​នេះ​ដែរ ​លោក ​ពៅ ជីវី ​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ឱ្យ​ដឹង​នៅ​ថ្ងៃទី ១១ ​កក្កដា​ថា ​ជន​ត្រូវចោទ​ឈ្មោះ​ យ៉ា ហ្វា ​ជាជន​ជាតិ​ខ្មែរ​អ៊ីស្លាម។ ជន​ត្រូវចោទ​មាន​ប្រពន្ធ​ទី២ ​ឈ្មោះ​ អ៊ី សះ ​អាយុ ​៣៩ ឆ្នាំ ​ដែល​ពួកគេ​បាន​ជួល​បន្ទប់​ស្នាក់​នៅ ​ក្នុង​ភូមិ ៤ ​សង្កាត់​កំពង់​លាវ ​ក្រុង​-ខេត្ត​ព្រៃ​វែង។

លោក​ថា​៖ «មូល​ហេតុ​សម្លាប់​នេះ​ជាទំនាស់​ក្នុង​គ្រួសារ​ ដែល​ធ្វើឱ្យ​ជន​សង្ស័យ​ខឹង​ខ្លាំង​ក៏​ប្រើ​ហិង្សា​ច្របាច់​ក​ស្រ្តី​រងគ្រោះ​រហូត​ដាច់​ខ្យល់​ស្លាប់»។

បើ​តាម​លោក​ស្នងការរង​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា ​ស្ត្រី​រងគ្រោះ​មាន​ប្តី​ម្តង​មក​ហើយ ​និង​មាន​កូន​ប្រុស​ម្នាក់។ នាង​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ជាមួយ​ជន​សង្ស័យ ដែល​ធ្លាប់​មាន​ប្រពន្ធ​ផង​ដែរ។ ​ពួកគេ​រស់នៅ​ជាមួយគ្នា​មាន​កូន​ប្រុស​ ១ នាក់​ស្រី ​២ នាក់ ​ជាមួយ​គ្នា​ទៀត​ផង ​(ទាំង​កូន​ដើម ​៤ នាក់)​។ ​គេ​បាន​ឃើ​ញគ្រួសារ​មួយ​នេះ​នៅ​យប់​ថ្ងៃ​កើត​ហេតុ ​ពួកគេ​បាន​ស្នាក់នៅ​បន្ទប់​ ២​ ផ្សេង​គ្នា ​ដោយ​ឪពុក​ម្តាយ​ដេក ​១ បន្ទប់ ​និង​កូន ​ទាំង​ ៤ នាក់​ ដេក​ ១ បន្ទប់​ ផ្សេង​ជាមួយ​គ្នា។ បន្ទាប់​មក​កូន ​ដែល​មាន​បន្ទប់​ក្បែរ​នោះ​បាន​ឮ​សំឡេង​ឪពុក ​ម្តាយ​ប្រកែក​គ្នា​ហើយ​ក៏​ស្ងាត់​ទៅ​វិញ។

លោក​បន្តថា​មួយ​សន្ទុះ​ក្រោយ​មក ​ដោយ​មាន​ការសង្ស័យ ​កូន​ប្រុស​ច្បង​អាយុ​ ២០ ឆ្នាំ ​បានចេញ​ទៅ​មើល​បន្ទប់​ឪពុក​ម្តាយ​របស់​គេ។ ​តែ​ដោយ​ឃើញ​មាន​សភាព​ស្ងាត់​ក៏​បង្ហើប​បង្អួច​បន្ទប់​មើល ​ក៏​ឃើញ​ឪពុក​កំពុង​ច្របាច់​ក ​និង​ខ្ទប់​មាត់​ម្តាយ ​ទើប​ស្រែក​ឆោឡោ​ហៅ​ម្ចាស់​ផ្ទះ​ជួល​ឱ្យ​ជួយ។​ ប៉ុន្តែ​ទម្រាំតែ​គាស់​ទ្វារ​បន្ទប់​បាន​ស្រ្តី​រងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​ទៅ​ហើយ ​ទើប​រាយការណ៌​ប្រាប់​សមត្ថកិច្ច​ចុះ​ឃាត់​ខ្លួន​ឃាតករ​ភ្លាមៗ​តែ​ម្តង។

លោក​បន្ត​ទៀតថា ​ភ្លាមៗ​ក្រោយពី​សម្លាប់​ប្រពន្ធ​ គឺ​ជន​សង្ស័យ​មិនបាន​គេច​ខ្លួន​ទៅ​ណា​ទេ។ ជន​សង្ស័យ​បាន​សារភាព​បន្ទាប់​ពី​ចាប់​ខ្លួន​ថា​ មូលហេតុ ​ដែល​រូបគេ​សម្លាប់​ប្រពន្ធ ​ដោយសារ​តែ​ស្ត្រី​ជាប្រពន្ធ​ចាយ​លុយ​ច្រើន​ពេក។ ម៉្យាង​ប្រពន្ធ​ខ្លួន​ហាក់​មាន​ការលាក់​លៀម​ដែល​សង្ស័យ​ប្រពន្ធ​លួច​មាន​សាហាយ ​ទើប​ច្របាច់​ក​សម្លាប់​ប្រពន្ធ​ខ្លួន​ទៅ៕