ភ្នំពេញៈ ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​បង្កើត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​សម្រាប់​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ ដែល​មាន​តំណ​ភ្ជាប់​ ​mptc.gov.kh/rt​ ​សម្រាប់​ចូល​ទៅ​បញ្ជា​ទិញ​ ​ដើម្បី​ព​ន្លឿនផ្តល់​ភាព​ងាយ​ស្រួល​និង​សម្រួល​ដល់​ការ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​ ១៩។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១១ ​ខែ កក្កដា​ ​២០២១។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឱ្យដឹងថា ​ដើម្បី​ដាក់​សំណើ​បញ្ជា​ទិញ​ថ្នាក់ដឹកនាំ ​ឬ​ម្ចាស់​ក្រុមហ៊ុន​ សហគ្រាស​ រោងចក្រ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​បំពេញ​ឈ្មោះ​អ្នក​ទិញ​ ​ឈ្មោះ​ស្ថាប័ន​ ​ចំនួន​បុគ្គលិក​ ចំនួន​ឧបករណ៍​តេស្តរហ័ស​គិត​ជា​ឯកតា។​

សេចក្តី​ប្រកាស​ព័ត៌​មាន​បន្ត​ថា៖​ ​«​តាម​រយៈ​ប្រព័ន្ធ​នេះ​អ្នក​ដាក់សំណើ​បញ្ជា​ទិញ​នឹង​ទទួលបាន​ព័ត៌មាន​អំពី​ការ​បញ្ជា​ទិញ​ បរិមាណ​អាច​ទិញ​បាន ​របៀប​នៃ​ការទូទាត់ ​និង​កាល​បរិច្ឆេទ​មក​ទទួល​ឧបករណ៍​តាមរយៈ​តេ​ឡេ​ក្រាម Bot​ ដោយ​ស្វ័យ​ប្រវត្តិ​»​។​​​

លោក ​សូ ​វិ​សុ​ទ្ធី ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​​ ១១​ ខែកក្កដា​ថា ​កន្លងមក​ក្រសួង​ទទួលបាន​ការគាំទ្រ​និង​ជាវ​ពី​ស្ថាប័ន​ ក៏​ដូច​ជា​ក្រុមហ៊ុន​និង​រោងចក្រ​ផ្សេងៗ ដោយ​ហេតុ​នេះ​ទើប​ ​បង្កើត​ប្រព័ន្ធ​នេះ​ឡើង​គឺ​ដើម្បី​ងាយ​ស្រួល​ក្នុងការ​គ្រប់គ្រង​ការ​បញ្ជាទិញ ​និង​ធ្វើឱ្យ​ប្រសើរ​ឡើង​ការជូន​ដំណឹង​ដល់​អ្នកបញ្ជា​ទិញ​។​ ​សម្រាប់​ប្រព័ន្ធ​បញ្ជា​ទិញ​មុន​ អ្នក​បញ្ជា​ទិញ​ត្រូវ​រង់ចាំ​រហូតដល់​ឧបករណ៍​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​មាន​សិន​ ​ទើប​ក្រសួង​ទាក់​ទង​ទៅ​កាន់​អ្នក​បញ្ជា​ទិញ​តាម​ក្រោយ​។

លោក​ថា​៖​ ​«​អ៊ីចឹង​ប្រព័ន្ធ​ថ្មី​នេះ​គឺ​ជូន​ដំណឹង​ឱ្យ​គាត់​តែម្តង​»​។​

គេហទំព័រ​ក្រសួង​ប្រៃសណីយ៍​បាន​បញ្ជាក់​ថា ​ក្រសួង​ប្រៃសណីយ៍​នឹង​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ ​១៩ ​ពី​ប្រទេស​កូរ៉េ​ ដើម្បី​ចែកចាយ​បន្ត​ក្នុង​តម្លៃ​ដើម ​៣,៧​ ដុល្លារ​ ក្នុង​មួយ​ឧបករណ៍​។​ ក្រសួង​ក៏បាន​កំណត់​ពេល​វេលា​សម្រាប់​ការ​មក​ទទួលយក​ឧបករណ៍​តេស្ត ​រហ័ស​នេះ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ​ ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​ ៦ ល្ងាច​។​

ទោះជា​យ៉ាងណា​ក៏​ដោយ​ គេ​ហ​ទំព័រ​ដដែល​បញ្ជា​ក់​ថា​ អ្នក​ទទួល​បាន​ការ​បញ្ជាទិ​ញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ត្រូវ​បាន​ហាម​ដាច់​ខាត​មិ​ន​ឱ្យ​ចែក​ចាយ ឬ​លក់​បន្ត​៕​

វីដេអូ៖